ជាតិ
មនុស្សជាង៥០០នាក់ជួបជុំគ្នា នៅមុខពន្ធនាគារព្រៃសទាមទារឲ្យដោះលែងអ្នកដែលជាប់ឃុំ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ បានជួបជុំគ្នានៅមុខពន្ធនាគារព្រៃស(ម២) ដើម្បីទាមទារតុលាការនិងអាជ្ញាធរដោះលែងសកម្មជនដីធ្លីស្ត្រីបឹងកក់ ថ្មគោល សកម្មជនព្រះសង្ឃនិងសកម្មជនអ្នកការពារសិទ្ធិមនុស្សសរុប១៨នាក់ដែលកំពុងជាប់ឃុំ ឲ្យមានសិទ្ធិសេរីភាពឡើងវិញ។ ប្រជាពលរដ្ឋទាំងនោះរួមមាន ព្រះសង្ឃ អង្គការ សមាគម កម្មករកម្មការិនីរោងចក្រ និងសហគមន៍មានជម្លោះដីធ្លី ដូចជាបឹងកក់ បុរីកីឡា ថ្មគោល ជាដើម។
នៅមុខពន្ធធនាគារ ម២ ព្រះសង្ឃ រួមនឹងអ្នកចូលរួមទាំងអស់ បានរៀបចំពិធីសមាធិ សូត្រធម៌បួងសួង និងមានសម្តែងធ៌មទេសនា អំពីគុណម្តាយ ហើយក៏មានពិធីបង្ហោះប៉េងប៉ោងផងដែរ។ បន្ទាប់ពីពិធីនេះ ចប់ អ្នកចូលរួមទាំងអស់ បាននាំគ្នា ដង្ហែរក្បួនមកកាន់ពន្ធធនាគារម។ យ៉ាងណាក៏ដោយ ការដើរដង្ហែរក្បួននោះ មិនមានការរារាំងពីសំណាក់អាជ្ញាធរឡើយ។
មនុស្សទាំង១៨នាក់នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់តាំងពីថ្ងៃទី២៩ខែកញ្ញា ដល់១៣ខែវិច្ឆិកា។ ៧នាក់ក្នុងចំណោមនោះ ស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ និង១១នាក់ ត្រូវបានផ្តន្ទាទោស និងកំពុងជាប់ពន្ធនាគារនៅពន្ធនាគារព្រៃសរក្នុងរាជធានីភ្នំពេញ។ មនុស្សទាំង១៨នាក់នោះ រួមមានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងមានព្រះសង្ឃផងដែរ។ ការចាប់ឃុំខ្លួន អ្នកទាំង១៨នាក់នេះ ត្រូវបានអង្គកាសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភបំពានលើប្រព័ន្ធតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com