ជាតិ
ការបន្លំ​ខ្លួន​ធ្វើជា​មន្ត្រី​មាន​សមត្ថកិច្ច​នៅតែ​ចោទ​ជា​បញ្ហា
14, Dec 2014 , 6:00 pm        
រូបភាព
ដោយ:
កន្លងមក​នៅក្នុង​សង្គម​ខ្មែរ គេ​បាន​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បាន​បន្លំ​ខ្លួន​ធ្វើជា​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ប្រព្រឹត្ត​បទល្មើសផ្សេងៗ ដូចជា ការបន្លំ​ធ្វើជា​អង្គរក្ស ឬ ជំនួយការ​របស់​អ្នកធំ​ដើម្បី​ចាប់យក​ដីធ្លី ដោយ​ខុសច្បាប់, បំភ័យ​គូ​ជម្លោះ ឬ ទាញយក​ផលប្រយោជន៍ផ្សេងៗពី​សកម្មភាព​ខុសច្បាប់​នានា ដូចជា ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការដឹកជញ្ជូន​ឈើ, ការ​បរបាញ់​និង​ការជួញដូរ​សត្វព្រៃ, ការដឹក​ទំនិញ​លើស​ទម្ងន់។ល។ លើសពីនេះ​ទៀត នៅពេលដែល​អំពើ​បាញ់បោះ​ដោយ​សេរី, អំពើ​លួច, អំពើ​ឆក់ និង អំពើ​ប្លន់ កំពុងតែ​កើនឡើង, ការបន្លំ​ខ្លួន​ជា​មន្ត្រី​មាន​សមត្ថកិច្ច​នេះ ដូចជា ការបន្លំ​ខ្លួន​ធ្ធើ​ជា​យោធិន, ភ្នាក់ងារនគរបាល, ភ្នាក់ងារ​កងរាជអាវុធហត្ថ ដើម្បី​ប្រព្រឹត្ត​បទល្មើស​ប្លន់ ឬ​គំរាមកំហែង​ជនស្លូតត្រង់​ក៏​ហាក់ដូចជា​កំពុង​កើង​ឡើង​គួរឱ្យកត់សម្គាល់​ដែរ ជាពិសេស នៅ​រាជធានី​ភ្នំពេញ។ តើ​មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​បទល្មើស​ទាំងនេះ?



ជា​ការណ៍​ពិតណាស់ ការបន្លំ​ខ្លួន​ជាម​ន្ត្រី​មាន​សមត្ថកិច្ច​ដោយ​ប្រើ​ឯកសណ្ឋាន អាវុធ និង តួនាទី​របស់​មន្ត្រី​មាន​សមត្ថកិច្ច ធ្លាប់មាន​តាំងពី​យូរ​មកហើយ ឯ​ការទប់ស្កាត់​ក៏​ធ្លាប់មាន​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ ជនល្មើស​ហាក់ដូចជា​មិន​រាងចាល​ឡើយ។ បញ្ហា​នេះ​ត្រូវបាន​មតិសាធារណៈ​ចោទប្រកាន់ថា អាច​បណ្ដាលមកពី​ការបង្ក្រាប​មិនទាន់មាន​ប្រសិទ្ធភាព, និ​ទណ្ឌ​ភាព, អំពើពុករលួយ និង តុលា​ការមិន​ឯករាជ្យ ជាដើម។

យោងតាម​ការវិភាគ យើង​អាច​និយាយបានថា មូល​ហេតុដែល​បណ្ដាលឱ្យ​មានការ​បន្លំ​ខ្លួន​ជា​មន្ត្រី​មាន​សមត្ថកិច្ច មានដូចជា ការគ្រប់គ្រង​មន្ត្រី​មាន​សមត្ថកិច្ច​មិនបាន​ត្រឹមត្រូវ, ការការពារ​សន្តិសុខ​មិនទាន់បាន​សព្វ​ជ្រុងជ្រោយ, ការគ្រប់គ្រង​ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ​នៅមាន​ភាព​ធូររលុង និង ការ​បណ្ដោយឱ្យ​មានការ​លក់​ឯកសណ្ឋាន​បែប​អ​នា​ធិ​ន​តេ​យ្យ ដូចជា នៅ​ផ្សារ​ទឹកថ្លា រាជធានី​ភ្នំពេញ និង អាចមាន​ការលក់​អាវុធ​ជាត​ផ្ទុះ​នៅ​ទីផ្សារ​ង​ងិ​ត ជាដើម។

យោងតាម​គំនិត​សម​ហេតុផល ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ មាន​ប្រភព​មកពី​អ្នក​ផលិត​និង​អ្នកផ្គត់ផ្គង់​ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ​ទាំងនេះ។ ហើយ​អ្នកពាក់ព័ន្ធ​នឹង​ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ​ទាំងនេះ មានដូចជា អ្នក​ផលិត, អ្នកផ្គត់ផ្គង់, អ្នកយាម​ឃ្លាំង, អ្នក​ចែកចាយ​បន្ត និង មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ត្រូវ​ប្រើប្រាស់​ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ​ទាំងនេះ។

ជា​សន្និដ្ឋាន យើង​អាច​និយាយបានថា ការណ៍​ដែល​ជនខិលខូច​បន្លំ​ធ្វើជា​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ប្រព្រឹត្ត​បទល្មើស​ប្លន់ ឬ ជំរិត​ជនស្លូតត្រង់​ដែល​បានកើត​ឡើងជា​ញឹកញាប់​នោះ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមមនុស្ស​ជាច្រើន ដូចជា ជនខិលខូច​ដែលជា​ពលរដ្ឋ​សាមញ្ញ, អ្នក​ផលិត​ឯកសណ្ឋាន​និង​អាវុធ, អ្នកផ្គត់ផ្គង់, អ្នកយាម​ឃ្លាំង, អ្នក​ចែកចាយ​បន្ត និង មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ត្រូវ​ប្រើ​ឯកសណ្ឋាន​និង​អាវុធ​ទាំងនេះ​ផងដែរ។

ហេតុនេះ ក្រសួង​មាន​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​អំពី​ករណីនេះ​ឱ្យបាន​ច្បាស់លាស់​និង​ប្រកបដោយ​ភាពត្រឹមត្រូវ ដើម្បី​វែកមុខ​រក​ជនល្មើស ក្នុង​បំណង​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​រក្សា​កិត្តិយស​របស់​ស្ថាប័ន និង អ្នកពាក់ព័ន្ធ​ដែល​មិនមាន​កំហុស។ បើ​មិន​ដូច​ច្នោះ​ទេ កេ​រិ៍្ដ​ឈ្មោះ​របស់​មន្ត្រី​មាន​សមត្ថកិច្ច នៅតែ​បន្ត​មាន​ភាពមិន​បរិសុទ្ធ ដោយសារតែ​មានការ​មន្ទិលសង្ស័យ​ពី​មហាជន។

វិធាន​ការដែល​អាចរួមចំណែក​ក្នុងការ​ទប់ស្កាត់​និង​ការលុបបំបាត់​ករណី «ការបន្លំ​ធ្វើជា​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ប្រព្រឹត្ត​បទល្មើស»នេះ មានដូចជា៖ ការបង្កើន​ការគ្រប់គ្រង​មន្ត្រី​មាន​សមត្ថកិច្ច​ឱ្យបាន​ត្រឹមត្រូវ​និង​ការការពារ​សន្តិសុខ​ឱ្យបាន​ល្អប្រសើរ, បង្កើន​ការគ្រប់គ្រង​ការផលិត ការបែងចែក និង ការប្រើប្រាស់​ឯកសណ្ឋាន​និង​អាវុធ​ជាត​ផ្ទុះ​ឱ្យបាន​តឹងរឹង​បំផុត ព្រមទាំង​លុបបំបាត់​ទីផ្សារ​លក់​ឯក​សណ្ឋាន​អនាធិបតេយ្យ​និង​ទីផ្សារងងឹត​លក់ដូរ​អា​វុ​ធ​ជាត​ផ្ទុះ ក៏ដូចជា ត្រូវ​លុបបំបាត់​និ​ទណ្ឌ​ភាព, អំពើពុករលួយ និង ត្រូវ​ពង្រឹង​ឯករាជ្យភាព​របស់​តុលាការ ជាដើម៕ 

ដោយ ឈ​ត ប៊ុន​ថង បណ្ឌិត​ទស្សនវិជ្ជា

  


© រក្សាសិទ្ធិដោយ thmeythmey.com