ជាតិ
លោក ហ៊ុន សែន ទស្សនា និងស្វែងយល់ពីមជ្ឈមណ្ឌលចលនាភូមិថ្មី នៅកូរ៉េខាងត្បូង រូបថតដោយ៖ បេសកជនពិសេសរបស់ ទទក
× នាអំឡុងនៃទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងប្រតិភូនៃរដ្ឋាភិបាលកម្ពុជា បានទៅទស្សនា និងសិក្សាស្វែងយល់ពីដំណើរការនៃមជ្ឈមណ្ឌលចលនាភូមិថ្មី (New Village Movement ឬ Saemaeul Movement) នៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូ នេះ។
មជ្ឈមណ្ឌលចលនាភូមិថ្មី Saemaeul Movement ត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Park Chung Hee កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧០ ក្នុងទិសដៅធ្វើការបណ្តុះបណ្តាលថ្នាក់ដឹកនាំកូរ៉េ ស្តីពីគោលនយោបាយនៃការអភិវឌ្ឍនិងរៀបចំកសាង តំបន់អភិវឌ្ឍន៍ជនបទ។
យោងតាមអ្នករាយការណ៍ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ពីទីក្រុងសេអ៊ូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះមជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះនិងតាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំទាំងអស់ បានធ្វើឲ្យលោកកាន់តែមានការចាប់អារម្មណ៍ និងមានការយល់ដឹងកាន់តែច្បាស់ឡើងពីចលនាភូមិថ្មីដែលផ្តើមចេញពីទីនេះ ដើម្បីធ្វើការពង្រីកទៅកាន់តំបន់ដទៃទៀត រួមមានទាំងប្រទេសកម្ពុជាផងដែរ។
លោក ហ៊ុន សែន បានប្រសាសន៍ថា កម្ពុជាកំពុងតែមានការចាប់អារម្មណ៍ យ៉ាងខ្លាំង អំពីល្បឿននៃចលនាភូមិថ្មីនេះ ហើយកំពុងតែទាក់ទាញនូវការជួយឧបត្ថម្ភ ពីសាធារណរដ្ឋកូរ៉េ ទៅលើប្រតិបត្តិការនៃចលនាភូមិថ្មីនៅកម្ពុជា។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ លោក ស៊ីម យុនចុង ប្រធានមជ្ឈមណ្ឌលកណ្តាលសេម៉ាអឺលអ៊ុនដុង មជ្ឈមណ្ឌលដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូលនេះ បានធ្វើការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំវ័យក្មេងបានប្រមាណ ១ម៉ឺន២ពាន់នាក់ក្នុង១ឆ្នាំ និងបានរួមចំណែកបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាលើសកលោក ប្រមាណ៨ពាន់ ក្នុងនោះរួមមានថ្នាក់ដឹកនាំ មកពីប្រទេសកម្ពុជាចំនួន១២រូបផងដែរ។
លោក ស៊ីម យុនចុង បានលើកឡើងថា ចលនាភូមិថ្មីនេះ មានអត្ថន័យថា ជាចលនាមួយដែលយើងទាំងអស់គ្នា នាំគ្នារស់ដោយមានសេចក្តីសុខ ដោយយើងប្រើដោយថាមពលកម្លាំងខ្លួនឯង មិនត្រឹមតែគ្រួសាររបស់យើងតែម្នាក់ទេ ពោលគឺរួមទាំងអ្នកជិតខាងរបស់យើង ដែលនោះគឺជាចលនាមួយដែលនាំឲ្យមនុស្សទូទាំងប្រទេស ទទួលបាននូវភាពសុខសាន្ត និងជាចលនាមួយរបស់ប្រជាពលរដ្ឋ ដែលទទួលបានជោគជ័យពិតប្រាកដ ដែលផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ខ្លួនឯង ដែលពួកគាត់ នឹងប្តេជ្ញាថា នឹងរត់ចេញឲ្យឆ្ងាយពីភាពក្រីក្រ។
លោកបានបន្តថា កាលពីខែមិថុនាឆ្នាំ២០១៣ ចលនាភូមិថ្មីនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហើយនៅពេលនេះ ចលនាភូមិថ្មីមួយនេះ ត្រូវបានមហាជនទូទៅទទួលស្គាល់ថា ជាមរតកដ៏អស្ចារ្យមួយសម្រាប់សង្គមមនុស្ស ជាតិផងដែរ។
លោកបានមានប្រសាសន៍បន្តថា សំរាប់ប្រទេសកម្ពុជាយើងបានអញ្ជើញសិក្ខាកាមចំនួន ១៩០នាក់រួចមកហើយ ដើម្បីធ្វើការបណ្តុះបណ្តាលអំពីចលនាភូមិថ្មី ហើយចាប់ពីឆ្នាំ២០០៩មក យើងបានធ្វើការបង្កើតភូមិគំរូចំនួន២ ក្នុងប្រទេសកម្ពុជា ដែលភូមិទាំងពីរនោះកំពុងមានការរីកចំរើនជាលំដាប់ផងដែរ។ យោងតាមភាពជោគជ័យនោះអង្គការ KOICA កំពុងធ្វើការសាកល្បងនូវកម្មវិធីទ្រង់ទ្រាយធំមួយ នៅពេលខាងមុខ ក្នុងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com