ជាតិ
សេដ្ឋកិច្ច
​ម្រេច​ដារ-មេមត់ បោះជំហាន​វាយលុក​លើ​ទីផ្សារ​អន្តរជាតិ
14, Dec 2014 , 4:40 pm        
រូបភាព
ដោយ: រួបរួម
ឃុំ​ដារ​គឺជា​ទីតាំង​ដាំ​ម្រេច​ដ៏​ធំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង១៤នៃ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល។ បើតាម​លោក​មេឃុំ យិន សុ​ផា ក្នុងចំណោម​ពលរដ្ឋ​ជាង២៤០០គ្រួសារ មាន៦០ភាគរយ ប្រកប​របរ​ដាំ​ម្រេច ដោយមាន​ផ្ទៃដី​រួម​ប្រមាណ១១២០ហិកតា។



លោក​មេឃុំ យិន សុ​ផា ដែលមាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច ដា-មេមត់ ផងដែរ​នោះ បានបញ្ជាក់​ប្រាប់​គេហទំព័រថ្មីៗថា ផ្ទៃដី​ដាំ​ម្រេច​នៅ​ឃុំ​ដារ បាន​គ្របដណ្តប់​ប្រមាណ៧០ភាគរយ​នៃ​ផ្ទៃដី​ក្នុងស្រុក​មេមត់​ទាំងមូល។ ក្នុងចំណោម​ចម្ការ​ម្រេច​ប្រមាណ​ជា១១២០ហិកតា ៩៥ភាគរយ​គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

«ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្ញុំ​ប្រមាណ៦០ភាគរយ ចិញ្ចឹមជីវិត​ដោយសារ​របរ​ដាំ​ម្រេច ខណៈ​អ្នក​ខ្លះទៀត​ពឹង​ផ្អែកលើ​ដំណាំ​កៅស៊ូ ដំឡូង និង​របរ​រកស៊ីផ្សេង» នេះ​ជាការ​អះអាង​របស់លោក យិន សុ​ផា ដែល​បាន​បង្កើត​ឲ្យ​មាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច ដា-មេមត់ ចាប់តាំងពី​ឆ្នាំ២០១០ មក។

លោក សុ​ផា បាន​បញ្ជាក់ថា តាមរយៈ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច ដា-មេមត់ ពលរដ្ឋ​អាច​ដឹង​ពី​តម្លៃ​ស្តង់ដា​នៃ​ទីផ្សារ ដែល​កន្លងមក ការលក់ដូរ គឺ​ស្រេច​តែ​ទៅលើ​ការកំណត់​របស់​ឈ្មួញ។ លោ ក បាន​បន្ថែមថា ក្នុងនាម​ជា​សមាជិក​សហគមន៍​ម្រេច​អន្តរជាតិ IPC (International Pepper Community) សហគមន៍​របស់លោក​មាន​ច្រក​ជាច្រើន​ក្នុងការ​នាំចេញ​ម្រេច​ទៅកាន់​ទីផ្សា​អន្តរជាតិ។

លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ជុំរុញ និង​ផ្សព្វផ្សាយ​ផលិតផល​ម្រេច​នៅ​ឃុំ​ដារ ហើយ​កន្លងមក ក្រៅពី​ប្រទេសជិតខាង​វៀតណាម និង​ថៃ ផលិតផល​ទាំងនេះ ក៏​ធ្លាប់បាន​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ផងដែរ ដូចជា​អាល្លឺម៉ង់ អារ៉ាប់​រួម និង​សិង្ហ​បុរី ជាដើម។

© រក្សាសិទ្ធិដោយ thmeythmey.com