ជាតិ
បទវិភាគ
ចលនា​អ្នកខកចិត្ត​នឹង​នយោបាយ​កំពុង​រំជើបរំជួល​សាជាថ្មី
14, Dec 2014 , 10:22 pm        
រូបភាព
ដោយ:
ជាធម្មតា ទាល់តែ​ដល់ពេល​ជិត​បោះឆ្នោត ទើប​ភាព​រំជើបរំជួល​នៃ​ចលនា​ផ្តាច់ខ្លួន​ពី​គណបក្ស​មួយ​ទៅ​ចូល​គណបក្ស​មួយទៀត​បានកើត​ឡើង​ខ្លាំង។  ប៉ុន្តែ ឥឡូវនេះ ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ទើបតែ​កន្លង​ទៅបាន​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ក៏មាន​ចលនានយោបាយ​ថ្មី​មួយ​កើតឡើង ដែល​បង្ក​​ឲ្យ​មាន​ចលនា​អ្នក​ងាករេ​ចេញពី​គណបក្ស​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​ទៅរក​គណបក្ស​ថ្មី។ តើ​ហេតុអ្វី​បានជា​មាន​ចលនា​អ្នកខកចិត្ត​នឹង​នយោបាយ​មិនចេះចប់?



ការកកើតឡើង​នៃ​ចលនា​បណ្តាញ​សង្គម​របស់​ក្រុម​បណ្ឌិត បញ្ញវន្ត មួយក្រុម​ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុងចំណោម​មហាជន​ខ្មែរ​នាពេលនេះ បើទោះជា​អ្នកបង្កើត​បណ្តាញ​នេះ​អះអាងថា​មិនទាន់​ជា​បក្សនយោបាយ​ក៏ដោយ ក៏​វា​ជា​ចលនានយោបាយ​មួយ​យ៉ាងពិត​ប្រាកដ។ ចលនានយោបាយ​ថ្មី​នេះ​បាន​ទាក់ទាញ​អ្នកគាំទ្រ​គណបក្សផ្សេងៗឲ្យ​មក​ចូលរួម​ក្នុងនោះ​អ្នកខកចិត្ត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជាមាន​ច្រើនជាងគេ។

នៅ​កម្ពុជា ចលនា​ផ្តាច់ខ្លួន​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​មិនមែនជា​រឿង​ថ្មី​ទេ  ប៉ុន្តែ វា​ជា​រឿង​ដែល​គួរតែ​ស្វែងយល់។ ជាទូទៅ អ្នក​ដែល​បោះបង់​គណបក្ស​រប​ស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​បក្ស​ផ្សេង​វិញ​តែងតែ​ស្តីបន្ទោស​គណបក្ស​ចាស់​ថា គ្មាន​ប្រជាធិបតេយ្យ សម្បូរ​បក្សពួកនិយម មាន​អំពើពុករលួយ ឬក៏​បាន​បោកប្រាស់​ពួកគេ​ជាដើម។ ចំណែកឯ​គណបក្ស​ដែលមាន​សកម្មជន​រត់​ចេញ​ឯណោះ​វិញ បាន​ហៅ​អតីត​សកម្មជន​ទាំងនោះ​ថា ជា​ស្លឹកឈើ​ជ្រុះ ជា​អ្នក​លក់ខ្លួន ឬក៏​ជា​មាស​ក្លែងក្លាយ​គ្មាន​តម្លៃ។

កន្លងទៅ នៅពេល​មានការ​ផ្តាច់ខ្លួន​ពី​បក្សប្រឆាំង​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បក្សប្រឆាំង​តែងតែ​រិះគន់​បក្ស​កាន់អំណាច​ថា​បាន​ប្រើ​មធ្យោបាយ​គំរាម ឬ​លុយកាក់​ដើម្បី​អូសទាញ​សមាជិក​របស់ខ្លួន។ ពេលនេះ នៅពេល​មាន​អ្នកគាំទ្រ​របស់ខ្លួន​ខ្លះ​បែរ​ទៅរក​ចលនានយោបាយ​ថ្មី គណបក្សប្រឆាំង​ចោទ​ក្រុម​បណ្តាញ​សង្គម​ថា​ជា​អ្នក​ចង់​បំបែក​សំឡេង​គណបក្ស​របស់ខ្លួន។ ការចោទប្រកាន់​នេះ​អាច​ថា​ជា​រឿង​ធម្មតា​សម្រាប់​អ្នកនយោបាយ​ក៏​ថា​បានតែ​វា​ក៏​អាចមាន​ការពិត​នៅ​លាយឡំ​គ្នា​ផងដែរ។
 
ជាការ​ពិត នៅ​កម្ពុជា​ការប្រកួតប្រជែង​ខាង​នយោបាយ​នៅមាន​សភាព​ស្រួចស្រាល់​និង​មិនទាន់មាន​តម្លាភាព និង​សុ​ចរិតភាព​គ្រប់គ្រាន់​នៅឡើយ។ កង្វះ​តម្លាភាព​និង​សុ​ចរិតភាព ទាំង​នៅក្នុង​ប្រព័​ន្ធទូទៅ​ក៏ដូចជា​នៅក្នុង​ផ្នត់គំនិត​មនុស្ស​ផង​នោះ​នៅតែ​ផ្តល់ឱកាស​ឲ្យ​គណបក្សនយោបាយ​អាច​ប្រកួតប្រជែង​គ្នា​ក្នុង​ទី​ងងឹត​បាន​នៅឡើយ។ ដូច្នេះ ការគំរាមកំហែង ការទិញ​ទឹកចិត្ត ឬក៏​ការ​ងាករេ​តាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នកនយោបាយ​មួយចំនួន​គឺជា​រឿង​ដែល​តែង​កើតមាន។ នៅក្នុង​បរិបទ​បែបនេះ គណបក្ស​ណា​ដែលមាន​មធ្យោបាយ​ខ្លាំង​ជាង គណបក្ស​នោះ​នឹងមាន​ឱកាស​ឈ្នះ​ច្រើនជាង​ជាមិនខាន​ឡើយ។

យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​ពី​គណបក្ស​មួយ​ទៅមួយ​របស់​អ្នកនយោបាយ​ឬក៏​អ្នកគាំទ្រ​នយោបាយ​ក៏​អាច​កើតឡើង​ដោយសារ​កំហុសឆ្គង​រប​ស់​គណបក្សនយោបាយនីមួយៗដែរ។ បក្សនយោបាយ​មួយ​អាច​មើល​ពី​ខាងក្រៅ​ទៅ​ស្អាតស្អំ​គួរ​ឲ្យ​ស្រឡាញ់ ប៉ុន្តែ ដល់ពេល​ចូលដល់​ខាងក្នុង​ទិដ្ឋភាព​ពិត​បែរជា​ផ្ទុយ​ពី​ការរំពឹងទុក​ទៅវិញ។ បក្ស​នយោបាយខ្លះទៀត​តែងសន្យា​តែធ្វើមិនបានហើយបណ្តោយ​ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​នឹង​បញ្ហា​ដដែលៗ​មិន​ចេះ​ចប់។ បញ្ហា​នេះហើយ​ដែល​បង្កើត​ឲ្យ​មាន​អ្នកខកចិត្ត​នឹង​បក្សនយោបាយ​ដែលជា​ប្រភព​នៃ​ចលនា​ផ្លស់​ប្តូរ​បក្សនយោបាយចុះឡើងៗមិនចេះចប់។

ដើម្បី​ឈានទៅ​កាត់បន្ថយ ឬ​លុបបំបាត់​ចលនា​បែបនេះ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ពិនិត្យមើល​ឡើងវិញ។ ទី១៖អ្នកនយោបាយ​ខ្លួនឯង​ត្រូវតែ​គិត​ឲ្យ​បានច្បាស់លាស់​ថា តើ​ធ្វើ​នយោបាយ​ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​ឬ​ប្រយោជន៍​ប្រទេសជាតិ​ជាធំ? ជាទូទៅ អ្នកនយោបាយ​ពិតប្រាកដ​ត្រូវមាន​ឧ​ត្ត​ម​គតិ និង​គោលដៅ​ច្បាស់លាស់ ហើយ​ត្រូវ​ដើរ​ឆ្ពោះទៅ​សម្រេច​គោលដៅ​នោះ​ដោយ​មិន​ងាករេ​ទៅតាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ។ អ្នកធ្វើនយោបាយ​ដើម្បី​តែ​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន នឹង​នាំ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ទៅរក​គ្រោះថ្នាក់។ នេះ​ជា​អ្វីដែល​គេ​ត្រូវ​ពិចារណា។

ទី២៖ អ្នកដឹកនាំ​បក្សនយោបាយ​វិញ ក៏ត្រូវ​តែពិនិត្យ​មើ​លគ​ណ​បក្ស​របស់ខ្លួន​ឡើងវិញ​ដែរ​ថា តើ​អ្វីដែល​ខ្លួន​បានធ្វើ​សមស្រប​ទៅនឹង​ឧ​ត្ត​ម​គតិ​ដែល​ខ្លួន​បាន​ឃោសនា​បង្ហាញ​គេ​ដែរឬទេ? ជួនកាល​អ្នក​ដែល​ពូកែ​ឃោសនា​ឲ្យ​គេ​ជឿ មិន​ប្រាកដថា​អាចធ្វើ​បាន​ដូច​ការនិយាយ​នោះឡើយ។ ដូច្នេះ ការ​រង់ចាំតែ​បន្ទោស​អ្នក​ងាករេ​ចេញពី​បក្ស​របស់ខ្លួន​ដោយ​មិនបាន​ឆ្លុះបញ្ចាំង​មើលខ្លួន​ឯង​ក៏​ជា​កំហុសឆ្គង​ធំធេង​មួយ​របស់​អ្នកនយោបាយ​ខ្មែរ។ និង​ទី៣៖ ការកសាង​វប្បធម៌​ប្រកួតប្រជែង​ដោយ​តម្លាភាព និង​សុ​ចរិតភាព​ដោយ​គ្មាន​ការគំរាមកំហែង ឬ​ទិញ​ទឹកចិត្ត​គឺជា​គន្លឹះ​មិនអាច​ខ្វះ​បាន​ក្នុង​ការកសាង​បរិយាកាស​ល្អ​បរិសុទ្ធ​នៅក្នុង​ឆាកនយោបាយ។

ប្រសិនបើ​គេ​អាច​ធ្វើបាន​បែបនេះ ចលនា​ផ្តាច់ខ្លួន​ឬ​ការងារ​ក​រេ​ពី​បក្ស​មួយ​ទៅមួយ​ច្បាស់​ជា​លែង​ជា​បញ្ហាសំខាន់​ទៀតឡើយ។ ​បើទោះជា​មាន ក៏​វា​លែង​ជា​ប្រធានបទ​នៃ​ការចោទប្រកាន់ និង​លាប​ពណ៌​គ្នា​តទៅទៀត​ដែរ។ ជាពិសេស​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ពី​នយោបាយ​និង​ពី​ចរិត​របស់​អ្នកនយោបាយ​បាន​ច្រើនជាង​មុន ពួកគេ​មិន​ងាយ​ចាញ់​បោក​អ្នកនយោបាយ​ដោយ​ងាយៗ​ដូច​ពីមុន​ទៀតឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com