ជាតិ
អាជីវករនៅភ្នំបាខែង មិនព្រមប្តូរទីតាំងលក់ដូរតាមការរៀបចំរបស់អាជ្ញាធរឡើយ
× សៀមរាប៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមអាជីវករ ដែលលក់ដូរនៅមុខភ្នំបាខែង បាននាំគ្នាតវ៉ា ប្រឆាំងនឹងការផ្លាស់ប្តូរទីតាំងលក់ ដែលរៀបចំឡើងដោយអាជ្ញាធរអប្សរា។ បើតាមហេតុផលរបស់អាជីវករ ពួកគេបារម្ភថា នឹងអាចគ្មានភ្ញៀវចូលទិញទំនិញពួកគេដូចមុន ខណៈទីតាំងថ្មី មានចំងាយឆ្ងាយ ដែលភ្ញៀវពិបាកដើរទិញ។
ស្តាប់សំឡេង
ការតវ៉ារបស់ក្រុមអាជីវករលក់ដូរនៅមុខភ្នំបាខែង ខេត្តសៀមរាប បានកើតឡើងក្រោយពេលអាជ្ញាធរអប្សរា សម្រេចរុះរើតូបចាស់ និងស្នើអាជីវករ ដូរទៅលក់ទីតាំងថ្មី ដែលខ្លួនបានរៀបចំ។ ក្រុមអាជីវករបាននិយាយថា ទីតាំងថ្មីមានចំងាយឆ្ងាយ និងស្ថិតនៅខាងក្រោយចំណតរថយន្ត ដែលពិបាកសម្រាប់ភ្ញៀវ ក្នុងការដើរទិញ។
អ្នកស្រី សុខា អាជីវករមួយរូបបាននិយាយថា តូបលក់ដូរថ្មីដែលអាជ្ញាធរបានរៀបចំឲ្យនោះ ឆ្ងាយពីកន្លែងចាស់ប្រមាណ៥០០ម៉ែត្រ។ ស្ត្រីអ្នកលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងភេសជ្ជៈ រូបនេះបានបន្តថា អាជ្ញាធរបានឲ្យជម្រើសដល់អាជីវករចំនួន២ ដើម្បីលក់ក្នុងទីតាំងថ្មី។ ទី១ ប្រគល់តូបទំហំ១ម៉ែត្រកន្លះ ដែលរៀបតែមួយជួរ និងទី២ គឺតូបទំហំ២ម៉ែត្រ តែសុំរៀបជា២ជួរ។ អ្នកស្រី សុខា ដែលបានលក់ដូរនៅមុខភ្នំបាខែង តាំងពីឆ្នាំ២០០៧មក បានបញ្ជាក់ថា ក្រុមអាជីវករ ចង់បានតូបទំហំ ២ម៉ែត្រ និងរៀបតែមួយជួរប៉ុណ្ណោះ ដើម្បីភ្ញៀវមានភាពងាយស្រួលក្នុងការដើរទិញ និងមួយទៀត កុំឲ្យអាជីវករយល់ថា មានខាងមុខ និងខាងក្រោយ។
ការប្រមូលផ្តុំតវ៉ានៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ ពុំទាន់មានដំណោះស្រាយបែបណានោះទេ ខណៈដែលការជួបជុំ មានទំហំតូប។ គេឃើញមានប៉ូលិស៥ប្រមាណនាក់ប៉ុណ្ណោះ ដែលនៅ
ឈរចាំមើលសភាពការណ៍នៅទីនោះ។ បើតាមការឲ្យដឹងពីអាជីវករ បច្ចុប្បន្នមានអាជីវករចំនួន២១នាក់ ដែលព្រមផ្តិតមេដៃ យល់ព្រមតាមសំណើររបស់អាជ្ញាធរអប្សរា ក្នុងការរើទៅលក់នៅទីតាំងថ្មី។ ដោយឡែកអាជីវចំនួន៣៩នាក់ផ្សេងទៀត កំពុងរង់ចាំដំណោះស្រាយថ្មី ដែលពួកគេបារម្ភថា ការលក់ដូរនៅទីតាំងថ្មី នឹងមិនអាចដូចទីតាំងចាស់ ដែលធា្លប់លក់ជាច្រើនឆ្នាំនោះមកទេ។
យោងតាមប្រភពពីមន្ត្រីអាជ្ញាធរអប្សរាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរមិនដែលអនុញ្ញាតឲ្យមានការលក់ដូរនៅតំបន់អង្គរ តួយ៉ាងនៅមុខភ្នំបាខែងនោះឡើយ។ ដំបូងឡើយ អាជីវករទាំងអស់មានការលក់ដូរបន្តិចបន្តួច ហើយយូរទៅក៏ក្លាយជាមានតូបលក់យ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យបាត់បង់សោភណ្ឌភាពតំបន់ទេសចរណ៍ផង។
កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរអប្សរា យោងតាមសេចក្តីជូនដំណឹងរបស់ខ្លួន បានសរសេរថា ការរៀបចំទីតាំងលក់ថ្មីរបស់អាជីវករនៅមុខភ្នំបាខែង ក្នុងបំណងអ្នកដែលកំពុងលក់ក្នុងទីតាំងមិនសមរម្យ ឲ្យបានលក់ជុំគ្នាក្នុងបរិវេណតែមួយ និងកាត់បន្ថយផលប៉ះពាល់ លើទេសភាពវប្បធម៌ បរិស្ថាន និងបុរាណវិទ្យាដែលមាននៅតំបន់នោះ។ ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយអគ្គនាយកអាជ្ញាធរអប្សរា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ បានស្នើដល់អាជីវករទាំងអស់ ប្រញាប់ទៅចុះឈ្មោះយកទីតាំងថ្មី ឲ្យមុនថ្ងៃទី៣០ ខែកញ្ញា ហើយសម្រាប់អ្នកដែលចុះឈ្មោះមុនគេ អាជ្ញាធរនឹងផ្តល់អទិភាពក្នុងរើសទីតាំងលក់ផងដែរ។
គួររំលឹកថា នេះមិនមែនជាលើកដំបូងនោះទេ ដែលអាជ្ញាធរអប្សរា បានរៀបចំរចនាសម្ព័ន្ធលក់ដូរថ្មីដល់អាជីវករ ដែលលក់ដូរក្នុងបរិវេណតំបន់អង្គរនេះ។ កន្លងមក មានតំបន់មួយចំនួន ដែលធ្លាប់បានអនុវត្តហើយនោះ ដូចជានៅប្រាសាទបន្ទាយស្រី ដែលអាជ្ញាធរអះអាងថា បានជោគជ័យ និងមានការពេញចិត្តពីអាជីវករលក់ដូរនៅទីនោះ ហើយសម្រាប់ភ្នំបាខែងនេះ អាជ្ញាធរថា នឹងអាចយកគំរូ ដូចការរៀបចំកន្លែងលក់ថ្មី នៅប្រាសាទបន្ទាយស្រីនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com