ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុ នៃ​ការ​បែកញើស​យប់
12, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មូលហេតុ​មួយចំនួន ដែល​អាច​បណ្តាលអោយ បែកញើស​យប់ រួមមាន ៖


អស់​រដូវ ៖ ការក្តៅក្រហាយ ដែល​ទាក់ទង​ទៅនឹង​ការ​អស់​រដូវ អាច​កើតមានឡើង​នៅពេល​យប់ ហើយ​បណ្តាលអោយ​បែកញើស។ នេះ​គឺជា​មូលហេតុ​ទូទៅ នៃ​ការ​បែកញើស​យប់ ចំពោះ​ស្ត្រី។

ជំងឺ idiopathic hyperhidrosis ៖ ជំងឺ​នេះ គឺជា​ជំងឺ​ដែល​ខ្លួនប្រាណ ផលិត​ញើស​ច្រើន ដោយ​មិនដឹង​ពី​មូលហេតុ។

ជំងឺឆ្លង ៖ របេង គឺជា​ជំងឺឆ្លង ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទូទៅ​បំផុត ជាមួយនឹង​ការ​បែកញើស​យប់។ ប៉ុន្តែ ការឆ្លង​មេរោគ​បាក់តេរី​ដទៃទៀត ដូចជា ជំងឺឆ្លង​មេរោគ​លើ​ប្រឹស​បេះដូង ជំងឺឆ្លង​មេរោគ​លើ​ឆ្អឹង និង​បូស ក៏​អាច​បណ្តាលអោយ​បែកញើស​យប់​ផងដែរ។ ការ​បែកញើស​យប់ ក៏​ជាស​ញ្ញា​មួយ នៃ​ការឆ្លង​មេរោគ​អេដស៍​ផងដែរ។

ជំងឺមហារីក ៖
ការ​បែកញើស​យប់ គឺជា​សញ្ញា​ដំបូង នៃ​ជំងឺមហារីក​មួយចំនួន។ ប្រភេទ​ទូទៅ​បំផុត នៃ​ជំងឺមហារីក ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​បែកញើស​យប់នោះ គឺ​ជំងឺ Lymphoma។ ទោះជា​យ៉ាងណាក៏ដោយ អ្នកមាន​ជំងឺមហារីក ដែល​មិនទាន់​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​នោះ មាន​រោគសញ្ញា​ដទៃទៀត​ផងដែរ ដូចជា ស្រក​ទម្ងន់​ដោយ​មិនមាន​មូលហេតុ និង​គ្រុនក្តៅ។

ថ្នាំ ៖ ការប្រើប្រាស់​ថ្នាំ​មួយចំនួន អាច​នាំអោយ​បែកញើស​យប់។ ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ប្រភេទ​នៃ​ថ្នាំ​ទូទៅ​មួយ ដែល​អាច​នាំអោយ​បែកញើស​យប់។ ពី ៨ ទៅ ២២ ភាគរយ​នៃ​អ្នក​ដែល​ប្រើ​ថ្នាំ​នេះ មានការ​បែកញើស​យប់។ ថ្នាំ​ជំងឺផ្លូវចិត្ត​ដទៃទៀត ក៏​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការ​បែកញើស​យប់​ផងដែរ។ ថ្នាំ​ដែល​ត្រូវបាន​លេប ដើម្បី​បន្ថយកម្តៅ ដូចជា ថ្នាំ​អាស្ពីរីន និង​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេ​ន ជួនកាល ក៏​អាច​នាំអោយ​បែកញើស​ផងដែរ។ ថ្នាំ​ដទៃទៀត​ជាច្រើន អាច​បណ្តាលអោយ​បែកញើស​យប់ និង​មុខ ឬ​ខ្លួន​ឡើង​ក្រហម។

ការថយចុះ​ជាតិ​ស្ករ​នៅក្នុង​ឈាម ៖ ការថយចុះ​ជាតិ​ស្ករ​នៅក្នុង​ឈាម អាច​បណ្តាលអោយ​បែកញើស។ អ្នក​ដែល​ប្រើ​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ប្រើ​ថ្នាំ​គ្រាប់​ជំងឺ​ទឹកនោមផ្អែម អាចមាន​ការថយចុះ​ជាតិ​ស្ករ នៅក្នុង​ឈាម​នៅពេល​យប់ ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការ​បែកញើស​យប់។

ជំងឺ​អ័រម៉ូន ៖ ការ​បែកញើស ឬ​ខ្លួន​ឡើង​ក្រហម អាច​ត្រូវបាន​ជួប នៅក្នុង​ជំងឺ​នៃ​អ័រម៉ូន​ធ្ងន់ធ្ងរ។

ជំងឺ​ប្រព័ន្ធ​ប្រសាទ ៖ បញ្ហា​ប្រព័ន្ធ​ប្រសាទ​រួមមាន ជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម អាច​បណ្តាលអោយ​កើនឡើង នៃ​ការ​បែកញើស និង​អាច​នាំអោយ​បែកញើស​ខ្លាំង នៅពេល​យប់៕


© រក្សាសិទ្ធិដោយ thmeythmey.com