ជាតិ
បទវិភាគ
សង្គមជាតិ
ផលវិបាក​នៃ​ការធ្លាក់ចុះ​សីលធម៌
27, May 2020 , 6:29 am        
រូបភាព
ដោយ​សាស្ត្រាចារ្យ អ៊ិត សាន

មនុស្សមានអំណា​ច មានជីវភាព​ខ្ពស់ និង​មាន​សមត្ថភាព​ជ្រៅជ្រះ​មិន​ស្មើនឹង​មនុស្ស​ដែលមាន​សីលធម៌​ល្អ​នោះឡើយ ។ ការវាយតម្លៃ​មនុស្ស ឬ​សង្គម​មួយ ឬ​ប្រទេសមួយ​ថា​ល្អ ឬ​មិនល្អ​គេ​សម្លឹង​ទៅ​មើល​វប្បធម៌​នៃ​ការរស់នៅ​របស់​មនុស្ស ឬ​សង្គម​នោះ​ជាមុន។ ចំនុច​សំខាន់បំផុត​នៃ​ការរស់នៅ​របស់​មនុស្ស​គឺ សីលធម៌​រស់នៅ។ សីលធម៌​សម្គាល់​នូវ​ពាក្យ​ទូន្មាន​ទាំងឡាយណា​ដែល​ដឹក​នាំទៅរក​ផ្លូវ​ល្អ​និង ចៀសវាង​ផ្លូវ​អាក្រក់​សម្រាប់​ការរស់នៅ ។ និយាយ​ឲ្យ​ខ្លី​សីលធម៌ សម្គាល់​អំពី​ការអប់រំ​តាមផ្លូវ​ចិត្ត​ឲ្យ​បាន​ប្រសើរ​ថ្លៃថ្លា ។



ក្នុងការ​រស់នៅ​ សីលធម៌​មាន​ច្រើន​ដូចជា សីលធម៌​ផ្ទាល់ខ្លួន សីលធម៌​ក្នុង​គ្រួសារ​សីលធម៌​ក្នុង​វិជ្ជាជីវៈ សីលធម៌​ក្នុងសង្គម សីលធម៌​ក្នុង​ពិភពលោក  ៖
   
១.សីលធម៌​ផ្ទាល់ខ្លួន​មាន៖ ដឹង​ខុសត្រូវ ស្គាល់​ល្អ​ស្គាល់​អាក្រក់ តាំងខ្លួន​ជា​ម្ចាស់​ចិត្ត​របស់ខ្លួន ក្លាហាន​ក្នុង​ផ្លូវត្រូវ។
   
២.សីលធម៌​ក្នុង​គ្រួសារ​មាន៖ ឪពុកម្តាយ​ចិញ្ចឹម​កូន (ដោយ​ពុំ​នឹកគិត​ដល់​ការសង​គុណ​តប​មកវិញ​ព្រោះ​ជា​មុខងារ​របស់​ឪពុកម្តាយ) ធ្វើ​ឲ្យ​មាន​ភាព​សុខដុម ស្រឡាញ់​កូន​ស្មើគ្នា រៀបចំ​កូន​ឲ្យ​បាន​ទៅជា​ពលរដ្ឋ​ពេញលេញ ។
   
៣.សីលធម៌​ក្នុង​វិជ្ជាជីវៈ​មាន៖ មនសិការ​ការងារ រកស៊ី​តាម​សមត្ថភាព រកស៊ី​តាម​សម្មា​ជី​វោ មិន​រំលោភ​លើ​អ្នកតូច​ជាង​ខ្លួន មិន​ធ្វើការ​ហួសកំលាំង​ខ្លួន​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ឥតប្រយោជន៍ ។

៤. សីលធម៌​ក្នុងសង្គម​មាន៖ មិន​បែកបាក់​គ្នា មិន​មើលងាយ​មនុស្ស​ផង​គ្នា ស្រឡាញ់​យុត្តិធម៌ រាប់អាន​មនុស្ស​ទូទៅ ទទួលស្គាល់​ទុក្ខវេទនា​របស់​អ្នកដទៃ  មិន​ឈ្លានពាន​អ្នកដទៃ ។

៥.សីលធម៌​ក្នុង​ពិភពលោក​មាន៖ ការរួមរស់​ដោយ​សន្តិ​ភាព​ជាមួយ​ប្រទេស​ដទៃ។

តាម​ការរៀបរាប់​ខាងលើ បើ​មនុស្សម្នាក់ៗ ឬ​សង្គមនីមួយៗអនុវត្តបាន​គឺ ជា​សន្តិភាព និង​សុភមង្គល​កើតមាន​ជាក់​ជាពុំខាន ។
   
យ៉ាងណា​ម៉ិ​ញ​ យើង​ងាក​រកមើល​សង្គម​កម្ពុ​ជា យើង​នេះ​វិញ ដោយសារ​ទទួលផល​វិបាក​ពី​សង្គ្រាម​កន្លងមក​បាន​ធ្វើ​ឲ្យ​កម្ពុជា​មានការ ធ្លាក់ចុះ​សីលធម៌​សម្រាប់​សង្គម​យ៉ាងខ្លាំង​ផងដែរ ។ ទោះជា​យ៉ាងណាក៏ដោយ​បញ្ហា​សីលធម៌ សង្គម​ត្រូវបាន​ដោះស្រាយ​ជាបណ្ដើរៗ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សង្គម​ស៊ីវិល និង​ភ្នាក់ងារ​ជាច្រើន​របស់​រាជរដ្ឋាភិបាល។ក៏ប៉ុន្តែ​ការដោះស្រាយ​បញ្ហា សីលធម៌​រស់នៅ​នេះ​បាន​ដំណើរការ​ល្អជា​លំដាប់​គឺ​ត្រូវមាន​កត្តា​ដ៏​សំខាន់ មួយ​ក្នុងចំណោម​កត្តា​សំខាន់ផ្សេងៗទៀត គឺ​កត្តា​មនុស្សវ័យចាស់ៗ ត្រូវខិតខំ អនុវត្ត​នូវ​សកម្មភាព​និងគំនិតល្អៗជា​គំរូ​សម្រាប់​មនុស្ស ជំនាន់ក្រោយៗត្រូវ​ដើរ​តាម​ក្នុងការ​ការពារ ថែរ​រក្សា​វប្បធម៌​ល្អ​ត្រឹម​ត្រូវជា​បន្តទៀត។

ដរាបណា​មនុស្ស​កម្ពុជា​វ័យចាស់​ប្រព្រឹត្ត​នៅ​អំពើ​មិនល្អផ្សេងៗ តាមរយៈ​បុគ្គល ឬ តាម​ស្ថាប័ន​ការងារ​ក្ដី​សុទ្ធតែជា​មេរៀន បទពិសោធ ចំណេះដឹង  ដែលជា​កត្តា​ផ្ដល់​គំរូ​តិច​ឬ​ច្រើន​មកលើ​មនុស្ស​ជំនាន់​ក្រោយ​ជាក់ ជាពុំខាន។ ព្រោះ​មនុស្ស​ជំនាន់​ក្រោយ​ត្រូវបាន​គ្របដណ្ដប់​ទៅដោយ​សកម្មភាព​មិនល្អ​នោះ ចៀស​ពុំរួច។

ដូច្នេះ​ទាំងអស់គ្នា​ត្រូវតែ​ចូលរួម​អោយបាន​ខ្លាំង​ដោយ​មិនត្រូវ​បោះបង់​ពី សីលធម៌​រស់នៅ​បានឡើយ។   ការបាត់​សីលធម៌​មានន័យថា  មនុស្ស​ឬ​សង្គម​នោះ  ពោរពេញ​ទៅដោយ
ជម្លោះ ព្យាបាទ ហិង្សា សង្គ្រាម​កាប់សម្លាប់​គ្នា គ្មាន​សេចក្ដីសុខ សុភមង្គល​សម្រាប់​ខ្លួនឯង និង​សង្គមជាតិ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com