ជាតិ
សង្គមជាតិ
គ្រាប់មិនទាន់ផ្ទុះជិត ៥ ពាន់គ្រាប់រកឃើញក្នុងពេលសាងសង់ស្ពានអ្នកលឿង
× នៅព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជប៉ុនកំពុងតែចូលរួមក្នុងពិធីសម្ពោធចាក់បេតុងផ្សាភ្ជាប់ស្ពានអ្នកលឿងជាផ្លូវការ។ ស្ពាននេះកសាងឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលចំណាយទឹកប្រាក់សរុបចំនួន ៩៥ លានដុល្លារអាមេរិក។ ក្នុងអំឡុងពេលសាងសង់ស្ពាននេះ គ្រាប់បែកមិនទាន់ផ្ទុះ ជិត ៥ ពាន់គ្រាប់ ត្រូវក្រុមអ្នកជំនាញរកឃើញ ។
តំណាងវិស្វករជប៉ុនលោក Abe Yoshinori បានត្អូញត្អែរពីការលំបាកមួយចំនួននៃការសាងសង់ស្ពាននេះ ដោយសារតែនៅបាតទន្លេក្នុងបរិវេណសាងសង់ស្ពានមានគ្រាប់មិនទាន់ផ្ទះច្រើន ដែលត្រូវចំណាយពេលវេលាដល់ទៅ ៤ ខែ ពោលគឺពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បីរុករកគ្រាប់មិនទាន់ផ្ទះ ។ លោកថា ក្នុងរយៈពេល ៤ ខែ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC ក្រុមអ្នកជំនាញរបស់លោក បានរកឃើញគ្រាប់ដែលមិនទាន់ផ្ទុះចំនួន ៤៧១៨ គ្រាប់ ។
លោក Abe Yoshinori បន្តថា ស្ពានអ្នកលឿងនេះ ជាស្ពានដែលស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ ៣០ ដល់ ៤០ បើប្រៀបធៀបជាមួយស្ពាននៅលើពិភពលោក។ ហើយវាក៏ជាស្ពានខ្សែកាព ដែលមានប្រវែងវែងបំផុត ដូចនៅប្រទេសជប៉ុនផងដែរ ។ «ស្ពាននេះ នឹងប្រើប្រាស់រយៈពេល ១០០ ឆ្នាំដោយមិនមានការជួសជុល ហើយរថយន្តដឹកជញ្ជូនដែលអាចឆ្លងកាត់ស្ពាននេះបានមិនឲ្យលើសពី ២៥ តោននោះឡើយ។ តែនេះមិនមែនមានន័យថា ស្ពានថា ស្ពាននេះមិនអាចទ្រទំងន់លើសពី ២៥ តោននោះទេ គឺអាចទ្របាន តែដើម្បីកុំឲ្យរថយន្តដឹកធ្ងន់ឆ្លងកាត់ស្ពាននេះ យើងត្រូវកំណត់មិនឲ្យលើស ២៥ តោន» ។ នេះជាការបញ្ជាក់របស់អ្នកជំនាញខាងលើ។
បើតាមក្រុមវិស្វករជប៉ុន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ នាសប្តាហ៍ទី ១ នៃខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គនឹងដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាលើកដំបូង។ហើយនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ នាសប្តាហ៍ទី ១ នៃខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គ នឹងដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាលើកដំបូង។បន្ទាប់ពីស្ពានដាក់ឲ្យដំណើរការខាងភាគីជប៉ុននឹងធានាមើលការខុសត្រូវរយៈពេល ១ ឆ្នាំ ក្រោយមកនឹងប្រគល់ជូនរដ្ឋាភិបាលមើលការខុសត្រូវវិញ។
ស្ពានអ្នកលឿង តភ្ជាប់ស្រុកពីរ ស្ថិតនៅត្រើយម្ខាងៗនៃទន្លេមេគង្គក្រោម គឺស្រុកលើកដែកខេត្តកណ្ដាល និងស្រុកពាមរខេត្តព្រៃវែង។ស្ពានអ្នកលឿងនេះ ចាប់ផ្តើមសាងសង់នៅ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ មានបណ្តោយ ៥,៤ គីឡូម៉ែត្រ និងទទឹងជាង ១៣ ម៉ែត្រ បែងចែក ៥ ផ្នែកធំៗហើយមានសរសរចំនួន ៣៥ ។ ស្ពាននេះ កសាងឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលចំណាយទឹកប្រាក់សរុបចំនួន ៩៥ លានដុល្លារអាមេរិក។ អ្នកស្ថាបនាស្ពាននេះ មានអ្នកគ្រប់គ្រងជប៉ុនចំនួន ៩ នាក់ បុគ្គលិកប្រទេសទី៣ ចំនួន២៥ នាក់ បុគ្គលិកកម្ពុជាចំនួន ៥៧ នាក់ និងកម្មករកម្ពុជា ចំនួន ៦៤៧ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com