កីឡាជាតិ
ជាតិ
TriAsia សន្យា​ផ្តល់​បៀវត្ស២ខែដល់គ្រូ​ជំនួយ​ និង​កីឡាករ​ខ្មែរ​ដែល​ខ្លួន​​បញ្ចប់​កិច្ច​សន្យា​
14, Jan 2015 , 1:49 pm        
រូបភាព
ដោយ: រួបរួម
ក្រោយ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​ក្រសួង​ការងារ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន TriAsia Group បាន​សន្យា​ផ្តល់​ប្រាក់បៀវត្ស​ចំនួន​ពីរ​ខែ​ដល់​គ្រូ​ជំនួយ១រូប និង​កីឡាករ៦រូប ដែល​ត្រូវបាន​ក្លិប TriAsia Phnom Penh FC បញ្ចប់​កិច្ចសន្យា កាលពី​ចុងឆ្នាំ​កន្លងមក។ នេះ​បើតាម​ការអះអាង​របស់​លោក ភា វិភព។



លោក ភា វិភព គ្រូ​ជំនួយ​ដែល​ត្រូវ​ក្លិប​បញ្ចប់​កិច្ចសន្យា បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃ​ពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ នេះ ថា លោក និង​កីឡាករ៦រូប​ទៀត​រួមមាន កីឡាករ ធុល សុធា​រិ​ទ្ធ កីឡាករ វី លីកា កីឡាករ ឡេង ណារិន កីឡាករ សេង កុ​សែន កីឡាករ ហ្វ៊ី រ៉ូ​ហ្វី​ន និង​កីឡាករ លឹម យូ បានសម្រេច​ចិត្ត​ដក​ពាក្យបណ្តឹង​នៅ​ក្រសួង​ការងារ បន្ទាប់ពី​ភាគី​ក្រុមហ៊ុន បាន​ពិចារណា​របើក​ប្រាក់ខែ​ចំនួន​ពីរ​ខែ​ដល់​ពួកគេ។

លោក​បាន​បន្ថែមថា៖ «ភាគី​ក្រុមហ៊ុន បាន​យល់ព្រម​បើក​ប្រាក់ខែ​ចំនួន​ពីរ​ខែ​ដល់​ពួកយើង​នៅ​ចុងខែ​មករា និង​ចុងខែ​មិនា។ ខ្ញុំ និង​កីឡាករ​ទាំងអស់​យល់ព្រម​តាម​ការចរចា​នេះ ពីព្រោះ​ពួកយើង​ទទួលស្គាល់ថា ក្លិប​កំពុងមាន​បញ្ហា​ហិរញ្ញវត្ថុ។ ការសម្រេច​របស់​ក្រុមហ៊ុន គឺ​ដោយសារតែ​មានការ​អន្តរាគមន៍​ពី​សំណាក់​ក្រសួង​ការងារ​ផងដែរ»។

បើតាម​ប្រភពពី​ក្លិប TriAsia កាលពី​ចុងឆ្នាំ២០១៤ វិបត្តិ​ហិរញ្ញវត្ថុ បាន​តម្រូវ​ឲ្យ​ក្លិប​បញ្ចប់​កិច្ចសន្យា​បុគ្គលិក និង​កីឡា​ករទាំង​ខ្មែរ និង​បរទេស​សរុប​ចំនួន១៣នាក់។ ទាក់ទង​នឹង​បញ្ហា​នេះ លោក វិភព បាន​លើកឡើងថា លោក និង​កីឡាករ​ខ្មែរ៦រូប​ទៀត គិតគូ​តែ​បញ្ហា​ខ្លួនឯង​តែប៉ុណ្ណោះ ដោយ​មិន​លូកលាន់​ករណី​របស់​កីឡាករ និង​បុគ្គលិក​បរទេស​នោះឡើយ។

ដោយ​មិន​និយាយ​ពី​ភាគី​បរទេស គ្រូ​ជំនួយ និង​កីឡាករ​ខ្មែរ​ដែល​ត្រូវបាន​ដកចេញ​មាន​ប្រាក់​បៀរ​វត្ស​ចន្លោះ ពី២០០ដុល្លារ ដល់៨០០ដុល្លារ​អាមេរិក ហើយ​ភាគច្រើន​សុពលភាព​នៃ​កិច្ចសន្យា​របស់​ពួកគេ​បន្ត​រហូតដល់​ខែសីហា ឆ្នាំ២០១៥ ៕



© រក្សាសិទ្ធិដោយ thmeythmey.com