ជាតិ
សង្គមជាតិ
សុខភាព
បង​ម៉ៅ​ ប្រើ​​ម្រាម​ដៃ​​ផ្សព្វផ្សាយ​​ពី​​កម្ពុជា​​ នៅ​​ប្រទេស​​បារាំង​
14, Jan 2015 , 3:45 pm        
រូបភាព
«Mao Bong massage traditionnel cambodgien» គឺជា​ស្លាក​ឈ្មោះ​ហាង​ចាប់​ស​សៃ​របៀប​ខ្មែរ​បុរាណ​នៅ​តំបន់ Chazelles-Sur-Lyon ដែល​ស្ថិតនៅក្នុង​ភាគ​ខាងកើត​ក្នុងប្រទេស​បារាំង។ មកដល់ពេលនេះ ហាង​ចាប់​សរសៃ​ខ្មែរ​បុរាណ​មាន​អាយុ៩ខែ​ហើយ ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​បរទេស​ជាច្រើន។ http://www.maobong.com



កាលពី៩ខែ​មុន អ្នកស្រី សារិន សុចិ​ន្តា ដែល​គេ​ស្គាល់​ថា «បង​ម៉ៅ» បានសម្រេច​ចិត្ត​លើ​ស្លាក​យីហោ​ម៉ាស្សា ដែលមាន​អត្ថន័យ​ពិត​ប្រាកដថា ជា​ការផ្តល់សេវា​ចាប់​ស​រ​សៃ ឆ្កឹះ​សរសៃ និង​កាយ​ពោះ ដើម្បី​ជួយ​សម្រួល​ដល់​តំណើរការ​នៃ​ប្រព័ន្ធ​សារពាង្គកាយ​របស់​អតិថិជន។ ជា​អតិថិជន​ដែល​ធ្វើការ​ច្រើន​មាន​អាកា​រៈ​មួរ​ម៉ៅ តប់ប្រមល់ ជាប់​សរសៃ និង​សន្លាក់​ជាដើម។
ជា​ហាង​ម៉ាស្សា​ចាប់​សរសៃ​របៀប​ខ្មែរ​បុរាណ ដែល​បើក​ក្រោយ​ហាង​ម៉ាស្សា​របស់​ជនជាតិ​ថៃ ជនជាតិ​ចិន ដែលមាន​ឈ្មោះ​បោះ​សំឡេង​យូរ​ឆ្នាំ​ហើយ នៅក្នុង​ខេត្ត​លី​យ៉ុង​របស់​ប្រទេស​បារាំង។ ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​បង​ម៉ៅ អតិថិជន​ជនជាតិ​បារាំង អង់គ្លេស អូស្ត្រាលី​ជាដើម សុទ្ធតែ​បាន​កោតសរសើរ​ស្នាដៃរ​បស់បង​ម៉ៅ។ បង​ម៉ៅ ស្ត្រី​ខ្មែរ​អាយុ៣៤ឆ្នាំ ដែល​បាន​ទៅដល់​ប្រទេស​បារាំង៨ឆ្នាំ​មកហើយ​នោះ បាន​ពន្យល់​អំពី​របៀប​ចាប់​សរសៃ​យ៉ាង​ដូច្នេះ​ថា៖«វា​ជា​វិជ្ជា​មួយ។ គឺជា​ការចាប់​សម្រួល​ស​រ​សៃ​ធំ សម្រួល​សាច់ដុំ ដើម្បី​ឲ្យ​ចរន្តឈាម​ដើរ​ល្អ ដើម្បី​ជួយ​បន្ធូរ​អារម្មណ៍​មួរ​ម៉ៅ (Stress) ឈឺក្បាល  និង​អាចជួយ​សម្រួល​អា​ការៈជាប់​សន្លាក់​ជាដើម»។

តើ​បង​ម៉ៅ មាន​ទទួល​វិជ្ជា​កាយ​សរសៃ​មកពីណា? តាមពិត នោះ​ជាម​រតក​ក្នុង​គ្រួសារ។ លោក​យាន​ប៊ុន ដែល​ពេលនេះ​មាន​អាយុ៨០ឆ្នាំ​ហើយ​នោះ ធ្លាប់បាន​បង្ហាត់បង្រៀន​វិជ្ជា​ចាប់​សរសៃ និង​កាយ​ពោះ​នេះ​ទៅ​ចៅស្រី​របស់គាត់ គឺ​សុចិ​ន្តា ហៅ​បង​ម៉ៅ​នេះឯង។ ដើមឡើយ​បង​ម៉ៅ ដែលជា​គ្រាន់តែ​ជា​ក្មេងស្រី​ម្នាក់​នោះ មិនបាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ហាត់រៀន​វិជ្ជា​នេះ​ទេ។ ក៏ប៉ុន្តែ​ក្រោយពេល​ទៅ​រស់នៅ​ប្រទេស​បារាំង បង​ម៉ៅ​បានធ្វើការ​នៅក្នុង​ហាង​ធ្វើ​សរសៃ​ថៃ​មួយ​ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ។ គឺ​នៅ​ទីនោះ​ហើយ ដែល​បង​ម៉ៅ​បាន ចាប់ ផ្តើម ​រៀនសូត្រ និង​ស្រាវជ្រាវ​បន្ថែម​ជាមួយនឹង​វិជ្ជា​វេជ្ជសាស្ត្រ​ទំនើប ដែល​បង្ហាញ​អំពី​សារពាង្គកាយ​លម្អិត​របស់​មនុស្ស ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ និង​ហេតុផល​នៃ​កាយវិការ​ចាប់​សរសៃ​និមួយៗ ។ ហើយ​ក្រោយមក បង​ម៉ៅ បាន​ឈានដល់​បង្កើត​ហាង​ដោយ​ខ្លួនឯង។ បង​ម៉ៅ​បាន​ពន្យល់​យ៉ាង​ដូច្នេះ៖«ជាមួយ​អតិថិជន​របស់ខ្ញុំ ខ្ញុំ​ត្រូវ​បកស្រាយ​ប្រាប់​ពួកគេ អំពី​មូលហេតុ​ដែល​អាច​បណ្តាល​ឲ្យ​ពួកគេ​មាន​បញ្ហា និង​អំពី​របៀប​ដែល​ខ្ញុំ​ត្រូវធ្វើ​សរសៃ​ដល់​ពួកគេ។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​មិន​ទុកចិត្ត និង​មិន​ជឿ​យើង​ឡើយ។ អតិថិជន​បាន​សរសើរ​ខ្ញុំត្រង់ៗ ថា​ខ្ញុំ​ធ្វើ​ល្អ​ជាង​អ្នក​ចាប់​សរសៃ​នៅ​កន្លែងផ្សេងៗ ។ ខ្ញុំ​ធ្វើ​ការងារ​ពិតប្រាកដ ដើម្បី​ឲ្យ​គេ​ស្គា​ល់ពី​វិជ្ជា​របស់​ខ្មែរ​បុរាណ»។

នៅពេលដែល បងស្រី​ម៉ៅ លើក​ស្លាក​ហាង ដោយមាន​ភ្ជាប់ពាក្យ​កម្ពុជា «Massage traditionnel cambodgien» នោះ​គឺ​ដោយសារតែ​អ្នក​ជាតិនិយម​ម្នាក់នេះ បាន​យល់​ជាក់ច្បាស់​ក្នុង​ចិត្ត​អំពី​ប្រសិទ្ធភាព​នៃ​វិជ្ជា​ធ្វើ​សរសៃ​របស់ខ្លួន​ផង និង​ចង់​ឲ្យ​បរទេស​ស្គាល់​អំពី​កម្ពុជា​តាមរយៈ​ការកាយ​សរសៃ​នេះ។ តាមរយៈ​ការអនុវត្ត និង​ពិសោធន៍​របស់ខ្លួន បង​ម៉ៅ បាន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់​អំពី​តម្លៃ​នៃ​វិជ្ជា​បុរាណ​មួយ​នេះ។ បង​ម៉ៅ អធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«វា​មិនមែន​ជាការ​ម៉ាស្សា ដែល​មនុស្ស​ទូទៅ​កំពុង​យល់ឃើញ​ក្នុង​ផ្លូវ​មិនល្អ​នោះទេ។ វា​ជា​វិជ្ជា​បុរាណ​របស់​ខ្មែរ​មួយ។ នៅ​កម្ពុជា គេ​មិនបាន​ឲ្យ​តម្លៃ​ទៅលើ​វិជ្ជា​នេះ​ទេ។ ហើយ​នេះ​ក៏ដោយ​សារ អ្នក​ដែល​ប្រកប​អាជីព​នេះ បានធ្វើ​ឲ្យ​ខូច និង​មិនបាន​គោរព​អាជីព​នេះ​ខ្លួនឯង។ខ្ញុំ​សោកស្តាយ​ណាស់។ ខ្ញុំ​ចង់អោយមាន​ការការពា​រ និង​រក្សា​វិជ្ជា​ចាប់​សរសៃ​របៀប​ខ្មែរ​បុរាណ​នេះ»។

តាមពិត ការបន្តុះ​បង្អាប់​ទៅលើ​អាជីព​ធ្វើ​សរសៃ មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុជា​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​បង​ម៉ៅ ដែល​អះអាងថា ប្រជាពលរដ្ឋ​បារាំង​ខ្លះ​ក៏​មិន​ផ្តល់​តម្លៃ​ដល់​អាជីព​នេះដែរ។ «នៅទីនេះ ប្រសិនបើ​មាន​ភ្ញៀវ​ណា​ដែល​មករក​សេវា​របស់ខ្ញុំ​ដោយ​ចិត្ត​មិន​ស្មោះ ខ្ញុំ​មិន​ទទួល​ឡើយ។ ខ្ញុំ​អាច​មើល​ដឹងថា​អតិថិជន​ណា​ដែលមាន​បំណង​ចង់រក​សេវា​ចាប់​សរសៃ​ពិតប្រាកដ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​បង​ម៉ៅ ដែលមាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​ស្រុក​បារាំង។ ដោយសារតែ​បើក​អាជីវកម្ម​នេះ​ថ្មីថ្មោង​ក្រោយ​គេ បង​ម៉ៅ បានដាក់​តម្លៃ​ទាប​ជាង​ហាង​ធ្វើ​សរសៃផ្សេងៗរបស់​ថៃ និង​ចិន​នៅក្នុង​តំបន់​នោះ។ ៦០អឺរ៉ូ សម្រាប់​រយៈពេល​មួយ​ម៉ោង ៨៥អឺរ៉ូ សម្រាប់​អតិថិជន​ណា​ដែល​ត្រូវការ​សេវា​រយៈពេល១ម៉ោង​កន្លះ និង១០០អឺរ៉ូ​សម្រាប់​រយៈពេល២ម៉ោង។

«Mao Bong massage traditionnel cambodgien» ទទួលបាន​អតិថិជន៣ ឬ៤នាក់ ជា​មធ្យម។ អតិថិជន​ទាំងនេះ ដែល​ពេលខ្លះ​មាន​ទាំង​គ្រូពេទ្យ​ផង បាន​ពេញ​ចិត្តនឹង​ម្រាមដៃ​របស់​ស្ត្រី​ខ្មែរ​មកពី​ខេត្តកំពង់ចាម។ បង​ម៉ៅ​កំពុង​ស្វែងរក​មនុស្ស​ថែមទៀត ដោយ​ប្រយ័ត្នប្រយែង ដើម្បី​បង្ហាត់​ផ្ទេរ​ចំណេះ​កាយ​សរសៃ ដែលជា​មរតក​របស់​លោកយាយ​ប៊ុនរ​បស់បង​ម៉ៅ ដែលជា​វិជ្ជា​ចាប់​សរសៃ​របស់​ខ្មែរ​បុរាណ។ មនុស្ស​ល្អ​ច្រើន ដែល​រៀន​ចេះ​វិជ្ជា​នេះ នឹង​បាន​ជួយ​ផ្សព្វផ្សាយ​ជំនាញ​ចាប់​សរសៃ​បែប​ខ្មែរ​បុរាណ​កាន់តែ​ទូលំទូលាយ៕



© រក្សាសិទ្ធិដោយ thmeythmey.com