ជាតិ
បទវិភាគ
ហេតុអ្វីយុវជនខ្មែរបច្ចុប្បន្នមិនសូវលេងល្បែងប្រជាប្រិយនៅថ្ងៃចូលឆ្នាំ?
× ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទម្លាប់លេងល្បែងប្រជាប្រិយ ឬការកម្សាន្តបែបប្រពៃណីរបស់ពលរដ្ឋខ្មែរនៅថ្ងៃបុណ្យចូលឆ្នាំថ្មី នៅតាមស្រុកភូមិនានាមានការថយចុះបន្តិចម្តងៗ ។ គេសង្កេតឃើញ មានតែការរៀបចំកម្មវិធីកម្សាន្តនៅតាមតំបន់មួយចំនួន និងនៅក្នុងព្រឹត្តិការណ៍ធំៗខ្លះតែប៉ុណ្ណោះ។ បញ្ហានេះគឺដោយសារតែមូលហេតុមួយចំនួនដូចជា ការចូលចិត្តទទួលទានគ្រឿងស្រវឹងរាល់ពេលជួបជុំ ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា បញ្ហាអសន្តិសុខនៅក្នុងសហគមន៍ វត្តមានគ្រឿងញៀននៅទីជនបទ ការប្រកាន់វណ្ណៈ និងភាពនឿយហត់នឹងការបំពេញកិច្ចការងារប្រចាំថ្ងៃ។ កត្តាទាំងនេះបានធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនភ្លេចការកម្សាន្ត ឬលេងល្បែងប្រជាប្រិយនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន។
កាលពីមុន នៅពេលដែលមិនទាន់មានវត្តនាមទូរសព្ទដៃស្មាតហ្វូនទំនើបៗ មិនទាន់មានវត្តមានបណ្តាញសង្គមហ្វេសប៊ុក យុវជនភាគច្រើនខិតខំប្រមូលផ្តុំគ្នាបង្កើតកម្មវិធីកម្សាន្តបែបប្រពៃណី និងលេងល្បែងប្រជាប្រិយនៅថ្ងៃចូលឆ្នាំ។ យុវជន ដែលខំឆ្លៀតពេលទៅចូលរួមនៅក្នុងកម្មវិធីកម្សាន្ត ឬលេងល្បែងប្រជាប្រិយខ្លះ គឺដើម្បីចង់សប្បាយ និងលួចគយគន់នារីៗនៅក្នុងភូមិ។ ពេលខ្លះឱកាសនេះ ជាវេលាដែលគូរស្នេហ៍មួយចំនួនអាចណាត់ជួបគ្នាបាន។ ជាងនេះទៅទៀត ក៏ជាពេលដែលពលរដ្ឋមួយចំនួនអាចជួបជុំមិត្តភក្តិជិតឆ្ងាយ ឬញាតិមិត្តបងប្អូន ដែលបានបែកគ្នាអស់រយៈពេលជាយូរមកហើយផងដែរ។
បើងាកមកមើលពេលបច្ចុប្បន្ននេះវិញ មិនថាពេលធម្មតា ឬអំឡុងថ្ងៃចូលឆ្នាំថ្មីនោះទេ យុវជន យុវតីភាគច្រើន ចូលចិត្តនៅសម្ងំក្នុងផ្ទះ លេងហ្វេសប៊ុកជាមួយមិត្តភក្តិ ឬនិយាយទូរសព្ទជាមួយគូសង្សារ ជាជាងការជួបជុំគ្នាលេងល្បែងប្រពៃណី។ នេះមានន័យថាបច្ចេកវិទ្យាទំនើបកំពុងសណ្តំចិត្តយុវជនឲ្យភ្លេចការសម្សាន្តបែបប្រពៃណី ឬការលេងល្បែងប្រជាប្រិយនៅថ្ងៃចូលឆ្នាំ។
បើគេនិយាយពីបញ្ហាស្ថិរភាព និងសន្តិសុខនៅក្នុងសង្គមវិញ មានពលរដ្ឋនៅក្នុងសហគមន៍មួយចំនួន កុំថាឡើយការលេងល្បែងប្រជាប្រិយកម្សាន្តនៅថ្ងៃចូលឆ្នាំ សូម្បីតែនៅថ្ងៃធម្មតា ពួកគេមិនហ៊ានចេញក្រៅផ្ទះនៅពេលយប់ផង ពីព្រោះតែនៅក្នុងតំបន់ដែលពួកគេរស់នៅសម្បូរក្មេងទំនើង ក្មេងញៀនថ្នាំ និងអំពើចោរកម្មជាដើម។ ភាពអសន្តិសុខនៅក្នុងតំបន់ បានធ្វើឲ្យពលរដ្ឋមួយចំនួនខ្លាចរអា មិងហ៊ាននាំគ្នាលេងល្បែងប្រជាប្រិនៅថ្ងៃបុណ្យចូលឆ្នាំ។
ជាមួយគ្នានេះ វត្តមានគ្រឿងញៀននៅទីជនបទ ក៏កំពុងជះឥទ្ធិពលអាក្រក់ដល់ការកម្សាន្តនៅថ្ងៃចូលឆ្នាំផងដែរ។ នៅពេលដែលគ្រឿងញៀនធ្លាក់ទៅដល់ដៃយុវជននៅស្រុកស្រែចម្ការហើយនោះ ពួកគេមួយចំនួនបានក្លាយជាក្មេងទំនើង ជាចោរ និងបានបង្កភាពអនាធិបតេយ្យផ្សេងៗ នៅក្នុងភូមិ។ ជាក់ស្តែងគេតែងសង្កេតឃើញមានអំពើហិង្សារកើតឡើងរៀងរាល់ឆ្នាំ នៅពេលមានកម្មវិធីកម្សាន្តនៅតាមស្រុកភូមិមួយចំនួន ដែលបង្កឡើងដោយឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង។
ចំណែឯគម្លាតរវាងអ្នកមាន និងអ្នកក្រ ក៏បានចោទជាបញ្ហាដល់ការកម្សាន្តនៅថ្ងៃចូលឆ្នាំផងដែរ។ អណាព្យាបាលអ្នកមានមួយចំនួន មិនអនុញ្ញាតឲ្យកូនរបស់ពួកគេមកកម្សាន្ត ឬលេងល្បែងប្រជាប្រិយ ជាមួយអ្នកដែលមានជីវភាពទាបជាងខ្លួននោះទេ ព្រោះពួកគេយល់ថាគ្មានប្រយោជន៍ និងអាប៉ះពាល់ដល់កិត្តិយសរបស់ពួកគេ។ លើសពីនេះទៀត យុវជន ឬយុវនារី មួយចំនួន ដែលជាកូនអ្នកសម្បូរទ្រព្យធន មានសម្រស់ស្អាត ពួកគេប្រកាន់ខ្លួន មិនសូវរាក់ទាក់ ឬចូលរួមនៅក្នុងកម្មវិធីកម្សាន្តប្រចាំភូមិ របស់ពួកគេឡើយ។
ដោយឡែកយុវជន យុវនារី មួយចំនួនផ្សេងទៀតពួកគេក៏ចង់កម្សាន្ត ឬនាំគ្នាលេងល្បែងប្រជាប្រិយនៅថ្ងៃចូលឆ្នាំផងដែរ ប៉ុន្តែដោយសារតែពួកគេនឿយហត់នឹងការងារប្រចាំថ្ងៃខ្លាំងពេក ដូច្នេះពួកគេបានបំភ្លេចការសម្សាន្តនេះចោលទៅវិញ។
ទាក់ទិននឹងបញ្ហាខាងលើនេះ អាជ្ញាធរនៅតាមមូលដ្ឋានរបស់ខ្លួនគួរចាត់វិធានការទប់ស្កាត់ និងពង្រឹងការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាងមុន។ ហើយម្យ៉ាងវិញទៀត ចៅហ្វាយស្រុក ឬមេភូមិ គួរ យកចិត្តទុកដាក់រៀបចំឲ្យមានកម្មវិធីកម្សាន្ត និងការលេងល្បែងប្រជាប្រិយនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឲ្យបានផុសផុលជាងពេលមុនៗផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com