ជាតិ
អ្វីខ្លះ​ជា​ឱវាទ៣ប្រការ របស់​ព្រះពុទ្ធ ?
10, Feb 2018 , 7:59 am        
រូបភាព
ព្រះ​សម្មាស​ម្ពុ​ទ្ឋ ជា​បុគ្គល​ត្រាស់ដឹង​នូវ​សព្វញ្ញូ​ត​ញ្ញាណ (ការសម្រេច​ដឹងអ្វីៗគ្រប់យ៉ាង​ក្នុង​ធម្មជាតិ) កាលពី​ជាង ២៥០០ឆ្នាំមុន នៅ​ប្រទេស​ឥណ្ឌា ។ ធម៌​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​មិនមែនជា​អ្វីដែល​ព្រះអង្គ​ទ្រង់​បង្កើតឡើង​ដោយ​ព្រះអង្គឯង​នោះទេ តែ​ជា​អ្វី​ដែលមាន​ស្រាប់​ហើយ​ក្នុង​ធម្មជាតិ​គ្រាន់តែ​ព្រះអង្គ ទ្រង់​ស្វែង​រកឃើញ ហើយ​សម្តែង​ដល់​សត្វលោក​ទាំងពួង ដើម្បី​បាន​យល់​អំពី​សច្ចធម៌ (រឿង​ពិត​ក្នុង​ធម្មជាតិ) ទាំងនោះ សម្រាប់​ជា​ប្រយោជន៍​ដល់​សត្វលោក។



អស់​រយៈពេល៤៥ព្រះវស្សា​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​លះបង់​ព្រះកាយពល​ក្នុងការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​ព្រះ​មហាករុណា ដើម្បី​ឲ្យ​សត្វលោក​ទាំងនោះ​បានសម្រេច​នូវ​ធម៌ រួច​ចាក​ទុក្ខ​ក្នុង​វាល​វដ្ត​សង្សារ ។ ក្រោយពី​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន (ការ​រលត់​សង្ខារ) ព្រះអរហន្ត (បុគ្គល​សម្រេច​ធម៌​ដោយ​ការប្រតិបត្តិ និង​ការ​ស្តាប់​នូវ​ព្រះធម៌​ពី​ព្រះ​សម្មាស​ម្ពុ​ទ្ឋ) និង​អ្នកប្រាជ្ញ​ទាំងឡាយ បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ ឲ្យ​ក្លាយជា​គម្ពីរ មាន​លក្ខណៈ​ជា​របៀប​តាម​លំដាប់លំដោយ ដែល​យើង​ហៅថា​ព្រះ​ត្រៃបិដក (គម្ពីរ​បី​ប្រភេទ ក្នុង​ព្រះ​ពុ​ទ្ឋ​សាសនា រួមមាន ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម)។

ព្រះធម៌​ដែល​លោកអ្នក​ប្រាជ្ញ​ចងក្រង​ទាំងនោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន៣គម្ពីរ។ ៣គម្ពីរ​បើ​គិត​ជា​ក្បាលមាន១១០ក្បាល។ ១១០ក្បាល​បើ​គិត​ជាខ​ន្ឋ មាន៨៤០០០ព្រះ​ធម្ម​ខ​ន្ឋ ។ ដូច្នេះ​យើង​ឃើញថា ព្រះធម៌​ដែល​ព្រះ​សាស្តា​នៃ​យើង​ទ្រង់​សម្តែង​រយៈពេល៤៥ព្រះវស្សា គឺមាន​រហូតដល់៨៤០០០ព្រះ​ធម្ម​ខ​ន្ឋ តែ​សង្ខេប​មក​គឺ​នៅសល់តែ​បី​ប្រការ ដែលជា​មូលដ្ឋាន​ឱវាទ​ដ៏​សំខាន់​ក្រៃលែង ដែល​ព្រះអង្គ​ទ្រង់​អប់រំ​មនុស្ស ដើម្បី​ជា​មាគ៌ា​ឆ្ពោះទៅកាន់​សុខ​សុភមង្គល​ក្នុង​ជីវិត​រស់នៅ​បច្ចុប្បន្ន និង​ទៅ​បរលោក។ ព្រះ​ពុ​ទ្ឋ​ឱវាទ​ទាំងបី​ប្រការ​នោះ​គឺ៖
    ១. ការមិនធ្វើ​អំពើ​បាប (អំពើអាក្រក់) ទាំងពួង
    ២. ការធ្វើ​អំពើ​កុសល (អំពើ​ល្អ) ទាំងពួង
    ៣. ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់

ការមិនធ្វើ​អំពើ​បាប សំដៅ​ទៅលើ​អំពើ​អ្វី? ការធ្វើ​អំពើ​ល្អ សំដៅ​ទៅលើ​អំពើ​អ្វី? ហើយ​ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ សំដៅ​ទៅលើ​ការ​សម្អាតចិត្ត​យ៉ាងដូចម្តេច?

ការមិនធ្វើ​អំពើ​បាប៖ គឺ​លោក​ចង់​អប់រំ​មនុស្ស​ទាំងឡាយ ឲ្យ​ឈប់​បន្ត​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង​ដែល​ខ្លួន​ធ្លាប់មាន​ពី​អតីតកាល និង​បច្ចុប្បន្ន ដែល​បង្ក​ផលប៉ះពាល់ និង​ការឈឺចាប់​ដល់​មនុ​ស្សស​ត្វ​ដទៃ និង​នាំ​ឲ្យ​ខ្លួនឯង​វិនាស​អន្តរាយ ។ អំពើ​បាប​ទាំងនោះ មានដូចជា ការកាប់សម្លាប់​ជីវិត​មនុស្ស​សត្វ ការ​ឆក់យក​ទ្រព្យ​ដោយមាន​ម្ចាស់​ហួងហែង ការប្រព្រឹត្ត​ឆ្គាំឆ្គង​លើ​កូន​ប្រព​ន្ឋ​អ្នកដទៃ ការ​ភូតកុហក​បោកប្រាស់​សាធារណជន​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ការជិះជាន់​កេង​ប្រ​វញ្ច​ជញ្ជក់​ឈាម​ជនស្លូតត្រង់​ក្រោម​ស្លាក​នៃ​អំពើ​ល្អ ។ល។ ដូច្នោះ ក្នុង​ជីវិត​រស់នៅ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​គ្រួសារ ក្នុងសង្គម ក្នុង​ពិ​ភ​លោក គេ​ត្រូវយក​មាគ៌ា​សន្តិភាព​ប្រតិបត្តិ ហើយ​ដើម្បី​ទទួលបាន​សុខសន្តិភាព គឺ​តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​បញ្ឈប់​អំពើ​ដ៏​លាមក​ទាំងអស់នោះ ដែល​ធ្លាប់មាន​ក្នុង​សន្តាន​របស់ខ្លួន ។

ការធ្វើ​អំពើ​ល្អ៖
គឺ​ព្រះអង្គ​មាន​ព្រះ​បំណង​ឲ្យ​យើង​គ្រប់គ្នា​ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ទាំងពួង មិនមែន​ឈប់​ធ្វើអំពើ​អាក្រក់​ហើយ ឈប់​ធ្វើអ្វីៗ ហើយ​សំងំ​នៅ​ស្ងៀម​នោះទេ ។ការធ្វើ​អំពើ​ល្អ ដូចជា ការមិន​បៀតបៀន​ឈ្នានីស​អ្នកដទៃ ការចេះ​ជួយសង្គ្រោះ​អ្នកដទៃ ចេះ​ចែករំលែក​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដល់​អ្នកដទៃ ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សាច់ញាតិ ក្រុមគ្រួសារ បងប្អូន​ក្នុង​សហគមន៍ និង​ជួយ​គិតគូរ​ដល់​បញ្ហា​សង្គម​យើង​ទាំងមូល​ផងដែរ។ ព្រោះថា​សុខទុក្ខ​របស់​ប្រទេស​យើង គឺជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែលជា​ជនរួមជាតិ​សាសនា​របស់​យើងទាំងអស់គ្នា ។ការលះបង់​ផលប្រយោជន៍ និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​មនុស្ស​ក្នុង​លោក ជាពិសេស​ជន​រួម​ឈាម​នៃ​យើង គឺជា​អំពើ​ដ៏​ប្រពៃ​មួយ ដែល​ព្រះ​ជិនស្រី​នៃ​យើង ទ្រង់​កោតសរសើរ ហើយ​សូម្បី​អ្នកប្រាជ្ញ​ទស្សនវិទូ​ក្នុង​លោក ក៏​ឲ្យ​តម្លៃ​ដែរ។ ហើយ​លោកអ្នក​ប្រាជ្ញ​ទាំងនោះ​តែង​ចាត់ទុក​បុគ្គល​ប្រភេទ​នេះ​ថា ជា​អ្នកមាន​ឧ​ត្ត​ម​គតិ​ខ្ពង់ខ្ពស់ រស់​នៅមាន​ប្រយោជន៍​ក្រៃលែង​ដល់​មនុស្សជាតិ ។

ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់៖ គឺ​លោក​ចង់​ឲ្យ​យើង​ជម្រះចិត្ត​ឲ្យ​ស្អាត​បរិ​សុ​ទ្ឋ ដោយ​កម្ចាត់​ចោល​នូវ​កិលេស ជា​គ្រឿង​សៅហ្មង​ទាំងឡាយ​ឲ្យ​អស់ ដែល​ដុះ​ក្នុង​សន្តាន​ចិត្ត​របស់​យើង។ គ្រឹះ​នៃ​កិលេស​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​សៅហ្មង កន្ទក់​ក​ន្ទិ​ច​នោះ គឺ លោភៈ (សេចក្តី​ចង់បាន​នូវអ្វីៗគ្រប់យ៉ាង​គ្មាន​ព្រំដែន) ទោសៈ (ការ​ក្រោធ​ខឹង​នឹង​វត្ថុ​ក្នុង​លោក) មោហៈ (ភាព​វង្វេង​ក្នុង​លោក ដោយ​យល់​ខុសពី​ការពិត​ចំពោះ​ធម្មជាតិ) ។

ឱវាទ​ទាំងបី​ប្រការនេះ​ប្រៀបដូចជា ទឹក​ក្នុង​ពាង ដែល​ពោរពេញ​ទៅដោយ​កករ។ ដើម្បី​ឲ្យ​ទឹក​ពាង​នោះ​មាន​ភាព​ថ្លា​បរិ​សុ​ទ្ឋ សម្រាប់​ជា​ប្រយោជន៍​ដល់​ជនានុជន​បាន នោះ​អ្នក​ត្រូវតែ បញ្ឈប់​ការចាក់​ទឹក​ដែលមាន​កករ​ថែម​ចូលទៅក្នុង​ពាង (អំពើ​បាប​ដែល​ខ្លួន​ធ្វើ​កន្លងមក ត្រូវ​ឈប់​ប្រព្រឹត្ត)ហើយ​ស្តារ​ទឹក​ពាង​ចាស់ ដែល​ពោរពេញ​ទៅដោយ​កករ​នោះ​ចេញ​ឲ្យ​អស់។ បន្ទាប់មក អ្នក​ត្រូវ​ព្យាយាម​យក​ទឹក​ថ្មី ដែល​ស្អាត​បរិ​សុ​ទ្ឋ​គ្មាន​កករ គ្មាន​មេរោគ ដាក់​ក្នុង​ពាង​វិញ (ឈប់​ធ្វើអំពើ​អាក្រក់​ហើយ ត្រូវ​ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ដោយ​ចេះ​ជួយ​អ្នកដទៃ)។ជា​ចុងក្រោយ​ពេលដែល​យើង​បានដាក់​ទឹក​ថ្មី​ដែល​ស្អាត​ល្អ​ហើយ យើង​ត្រូវ​បន្ត​ថែរក្សា​ទឹក​នោះ​ឲ្យ​បរិ​សុ​ទ្ឋ​ជា​ដរាប ដោយ​ការពារ​មិន​ឲ្យ​ល្អងធូលី ឬ​មេរោគផ្សេងៗចូលក្នុង​ទឹក​ពាង (ពេលធ្វើ​អំពើ​ល្អ ត្រូវ​ចេះ​រក្សា​ចិត្ត​នៅ​ជ្រះថ្លា​ជានិច្ច​ក្នុងការ​ធ្វើអំពើ​ល្អ​ទាំងនោះ ដោយ​មិន​ងាករេ​ទៅ​ប្រព្រឹត្ត​អំពើ​បាប​ឡើងវិញ) ។

ឱវាទ​អប់រំ​ទាំងបី​ប្រការនេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្សលោក ព្រោះថា​ប្រសិនបើ​មនុស្ស​គ្រប់​វណ្ណៈ​ក្នុងសង្គម ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល មានធម៌​ទាំងបី​ប្រការនេះ។ តើ​អ្នក​អាច​ឆ្លើយ​បានទេ​ថា តើ​អំពើហិង្សា​ក្នុង​គ្រួសារ ភាពចលាចល​វឹកវរ​ក្នុងសង្គម សង្គ្រាម​លើ​ពិភពលោក អាច​កើតឡើង​តាមរ​រៀប​ណា បើ​មនុស្ស​មិន​ធ្វើអំពើ​បាប (មិន​បៀតបៀន​គ្នា) ធ្វើ​តែ​អំពើ​ល្អ (ធ្វើ​ល្អ និង​ចេះ​ជួយសង្គ្រោះ​គ្នា​ទៅវិញទៅមក) បេះ​ដួង​ផូរផង់ (ម្នាក់ៗសុ​ទ្ឋ​តែ​ជាម​នុស្ស​ស្អាត​បរិ​សុ​ទ្ឋិរៀងៗខ្លួន) ?
ព្រះ​ពុ​ទ្ឋ​ឱវាទ​ទាំងបី​ប្រការនេះ មិនមែន​គ្រាន់តែ​ជាការ​អប់រំ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​នោះទេ តែ​ជា​ឱវាទ​របស់​ព្រះ​ពុ​ទ្ឋ​គ្រប់​ព្រះអង្គ៕




© រក្សាសិទ្ធិដោយ thmeythmey.com