អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធា​ប៊ូ​រុន​ឌី​ប្រកាស​ទម្លាក់​ប្រធានាធិបតី​ដែល​ចង់​បន្ត​កាន់អំណាច​អាណត្តិ​ទី៣
14, May 2015 , 3:51 pm        
រូបភាព

ប្រជាជន​ប៊ូ​រុន​ឌី(Burundi) បាននាំគ្នា​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​ដើម្បី​អបអរសាទរ​រដ្ឋប្រហា​រ​ប្រឆាំង​ប្រធានាធិបតី​បច្ចុប្បន្ន​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។រដ្ឋប្រហារ​បានកើត​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ប្រធានាធិបតី​កំពុងកាន់​តំណែង Pierre Nkurunzizaចាក​ចេញទៅ​ប្រជុំ​នៅ​ប្រទេស​តាន់​ហ្សា​នី។រឿងរ៉ាវ​ជំរុញអោយមាន​រដ្ឋប្រហា​រ​ក៏​ដោយសារ​ប្រធានាធិបតី​ខាងលើ​ចង់​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី៣ដែល​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ។


លោក មុំ ពិទូរ្យ​លម្អ​តិ​ព័ត៌មាន​នេះ



ក្រុម​យោធា​បានសម្រេច​ចេញមុខ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី Pierre Nkurunzizaកាលពី​ម្សិលមិញ​ក្រោយ​ពេលដែល​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ​ដោះស្រាយ​មិន​ចេញ។រដ្ឋប្រហារ​នេះ​កើតមានឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេលដែល​ប្រធានាធិបតី​ខាងលើ​ចាក​ចេញពី​ប្រទេស​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅក្នុង​ប្រទេស​តាន់​ហ្សា​នី។ប្រជាជន​ប៊ូ​រុន​ឌី​បាន​ប្រមូល​ផ្តុំគ្នា​អបអរសាទរ​ក្រោយពេល​មានការ​ប្រកាស​ទម្លាក់​ប្រធានាធិបតី​បច្ចុប្បន្ន​ពី​តំណែង​ដោយ​រដ្ឋប្រហារ។

ឧ​ត្ត​ម​សេនីយ៍​យោធា​GodefroidNiyombareបានប្រកាស​ម្សិលមិញ​ថា​យោធា​បានសម្រេច​ជោគជ័យ​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ប៉ុន្តែ​រដ្ឋាភិបាល​ខាងលើ​បានប្រកាសថា​រដ្ឋប្រហារ​នេះ​គឺ​បរាជ័យ។មន្ត្រី​និង​កងកម្លាំង​ស្ម័គ្រស្មោះ​លោក​Nkurunzizaបាន​ថ្លែង​តាម​វិទ្យុ​របស់​រដ្ឋ​ម្សិលមិញ​ថា​រដ្ឋប្រហារ​មិនបាន​សម្រេច​ឡើយ​ហើយ​បច្ចុប្បន្ននេះ​រដ្ឋាភិបាល​នៅ​បន្តកាន់កាប់​ស្ថាប័ន​នយោបាយ​រដ្ឋ​ទាំងអស់។យ៉ាងណាក៏ដោយ​ប្រធានាធិបតី​ដែល​ចាក​ចេញពី​ប្រទេស​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​តាន់​ហ្សា​នី​បាន​ប្រញាប់ប្រញាល់​ត្រលប់មក​មាតុភូមិ​វិញ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​ក្រុម​យោធា​រៀបចំ​ធ្វើ​រដ្ឋប្រហារ។ប៉ុន្តែ​បើតាម​សារព័ត៌មាន​BBC ប្រធានាធិបតី​Nkurunzizaបាន​បង្ខំចិត្ត​ត្រលប់​ទៅ​តាន់​ហ្សា​នី​វិញភ្លាមៗក្រោយ​ពេលដែល​យន្តហោះរ​បស់​លោក​មិនអាច​ចុះចត​ដោយ​សុវត្ថិភាព​នៅក្នុង​ប្រទេស​បាន។

ប៊ូ​រុន​ឌី​ធ្លាក់​ក្នុង​ភាពចលាចល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ក្រោយ​ពេលដែល​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​កាន់តំណែង១០ឆ្នាំ​ហើយ​នោះ​ចង់​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​បី​ទៀត។បើតាម​រដ្ឋធម្មនុញ្ញ​ប្រធានាធិបតី​កាន់តំណែង​បាន​ត្រឹម​ពីរ​អាណត្តិ​ប៉ុណ្ណោះ។ដូច្នេះ​បំណង​របស់​ប្រធានាធិបតី​ខាងលើ​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ហើយ​ប្រជាជន​ប៊ូ​រុន​ឌី​បាន​ចេញមុខ​ប្រឆាំង​តវ៉ា​ប្រធានាធិបតី​រហូត​មានការ​ប៉ះទង្គិច​គ្នា​ស្លាប់​មនុស្ស​យ៉ាងហោចណាស់១៩នាក់​កាលពី​កន្លងមក។ខណៈដែល​ប្រជាជន​ប៊ូ​រុន​ឌី​ចាត់ទុក​ទង្វើ​ប្រធានាធិបតី​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រទេស​នេះ​បាន​បកស្រាយ​ថា​ការ​ស្វះ​ស្វែងរក​ការ​ឈរឈ្មោះ​អាណត្តិ​ទី៣មិន​បំពាន​ច្បាប់កំពូល​របស់​រដ្ឋ​ឡើយ។

គេ​មើលឃើញ​យ៉ាងច្បាស់​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ប៊ូ​រុន​ឌី​ធ្វើឡើង​ដោយមាន​សម្ពាធ​ពី​ប្រធានាធិបតី។បើ​យោងតាម​ការសាកសួរ​ចម្លើយ​អនុប្រធាន​តុលាការ​ធម្មនុញ្ញ​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេសរ​វ៉ាន់ដា​នៅ​សប្តាហ៍​មុន​ចៅក្រម​ទាំងឡាយ​របស់​តុលាការ​កាត់ក្តី​លំអៀង​បែបនេះ​ដោយសារ​រង​សម្ពាធ​ខ្លាំង​ហើយ​រួមមាន​ទាំង​ការ​គំរាម​សម្លាប់​ពី​ប្រធានាធិបតី​ថែម​ទៀតផង។

យ៉ាងណាមិញ​ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​នេះដែរ​គេ​មិនទាន់​អាច​វាយតម្លៃ​បាន​នោះទេ ថា​តើ​យោធា​កំពុង​កាន់កាប់​អំណាច​ឬ​ប្រធានាធិបតី​ចាស់​នៅ​បន្ត​កាន់តំណែង​ទៀត។បើ​រដ្ឋប្រហារ​នេះ​ជោគជ័យ​មែន​ប្រហែលជា​ការបោះឆ្នោត​ខែក្រោយ​នឹងត្រូវ​ពន្យារពេល​សិន។បច្ចុប្បន្ន​មេដឹកនាំ​អាហ្វ្រិក​កំពុង​មរ​មា​ញឹក​ពិភាក្សាគ្នា​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ប៊ូ​ន​រុន​ឌី​ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ជា​ដុំកំភួន​ត្រូវ​បានដាក់​អនុវត្ត​នោះឡើយ។




© រក្សាសិទ្ធិដោយ thmeythmey.com