អន្តរជាតិ
នយោបាយអន្តរជាតិ
បុរសខ្លាំងប៊ូរុនឌី យកបញ្ហាភេរវកម្មគំរាមប្រជាជន ក្រោយរដ្ឋប្រហារបរាជ័យ
×
ប្រធានាធិបតីប៊ូរុនឌី Pierre Nkurunziza បានបង្ហាញវត្តមានជាថ្មីជាសាធារណ ក្រោយពេលកើតមានរដ្ឋប្រហារបរាជ័យប្រឆាំងលោកកាលពីថ្ងៃពុធសប្តាហ៍មុន។ ក្រោយរដ្ឋប្រហារ មេដឹកនាំម្នាក់នេះបានបញ្ជាឲ្យចាប់ខ្លួនរាល់ជនណាដែលពាក់ព័ន្ធចលនារដ្ឋប្រហារនេះផង ហើយលោកបានចេញមុខព្រមានថាប្រទេសប៊ូរុនឌីអាចប្រឈមការវាយប្រហារដោយក្រុមភេរវកម្មសូម៉ាលីផងដែរ។ ការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភាប្រហែលជានឹងត្រូវពន្យារពេលសិន ដោយសារបញ្ហារដ្ឋប្រហារកន្លងមក។
មានសំឡេង
កាលពីសប្តាហ៍មុនរដ្ឋប្រហារមួយបានកើតឡើងនៅក្នុងទឹកដី ប៊ូរុនឌី ខណៈពេលដែលវិបត្តិនយោបាយបន្តកើតឡើង និងស្រពេលប្រធានាធិបតីចាកចេញពីប្រទេសទៀត។ គម្រោងរដ្ឋប្រហាររបស់ក្រុមយោធានេះបរាជ័យ មិនអាចទម្លាក់ប្រធានាធិបតី Pierre Nkurunzizaនិងផ្តួលរំលំរដ្ឋាភិបាលរបស់លោកបានឡើយ។ ប៉ុន្តែក្រោយរដ្ឋប្រហារខាងក្រុមយោធាអះអាងថាខ្លួនទទួលជោគជ័យក្នុងការទម្លាក់មេដឹកនាំ ខណៈពេលអ្នកតំណាងរដ្ឋាភិបាលអះអាងថាខ្លួននៅបន្តជារដ្ឋាភិបាលស្របច្បាប់។
ដើម្បីជម្រះមន្ទិលសង្ស័យ ប្រមុខរដ្ឋប៊ូរុនឌីខាងលើ ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសតាន់ហ្សានីកន្លងមកនោះ បានសម្រេចចេញមុខជាសាធារណជាថ្មីទៀតកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ វត្តមានមេដឹកនាំម្នាក់នេះ ជាសារប្រាប់ទៅប្រជាជនថាលោកនៅតែជាប្រធានាធិបតី និងនៅមានអំណាចគ្រប់គ្រងប្រទេសបន្តទៀត។ ក្រោយត្រលប់មកប្រទេសវិញ ប្រធានាធិបតី Pierre Nkurunziza បានបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកពាក់ព័ន្ធក្នុងចលនារដ្ឋប្រហារប្រឆាំងលោក ដើម្បីគំរាមដល់ជនផ្សេងទៀតដែលប៉ងទម្លាក់លោកពីអំណាចនោះ។
សូមរំលឹកបន្តិចថា ចលនារដ្ឋប្រហារកើតមានឡើង ក្រោយពេលវិបត្តិនៅប៊ូរុនឌីផ្ទុះឡើងដោយប្រជាជនចេញមុខបាតុម្មប្រឆាំងប្រធានាធិបតី ដ្បិតលោកចង់ឈរឈ្មោះជាប្រធានាធីបតីអាណត្តិទី៣បន្តទៀត។ បើតាមការអះអាងរបស់គណបក្សប្រឆាំង និងប្រជាជន ការប៉ងឈរឈ្មោះអាណត្តិទី៣នេះ វារំលោភបំពានច្បាប់កំពូលរបស់រដ្ឋ។ បើទោះជាយ៉ាងនេះក្តីប្រមុខរដ្ឋប៊ូរុនឌីមិនរារែកឡើយ មេដឹកនាំម្នាក់នេះនៅតែបន្តចង់ឈរឈ្មោះជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតខាងមុខទៀត។
យ៉ាងណាមិញ ដោយសារបញ្ហារដ្ឋប្រហារ និងការខឹងសម្បាររបស់ប្រជាជនប៊ូរុនឌី ការបោះឆ្នោតសភាក្នុងខែឧសភានេះ និងការបោះឆ្នោតប្រធានាធិបតីសម្រាប់ខែក្រោយ អាចនឹងត្រូវពន្យារពេលសិន ទម្រាំស្ថានការណ៍ធូរស្រាលឡើងវិញសិន។ ក្រៅពីបញ្ហាវិបត្តិនយោបាយផ្ទៃក្នុង ប្រធានាធិបតីប៊ូរុនឌីនេះ ក៏ចេញមុខលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខផងដែរ ដោយលោកព្រមានថាប៊ូរុនឌីអាចនឹងរងការវាយប្រហារដោយក្រុមភេរវជនសូម៉ាលី អាល់សាបា។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ដោយសារប៊ូរុនឌីចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកងទ័ពទៅកម្ចាត់ក្រុមអាល់សាបាបសូម៉ាលីកន្លងមក ហើយហានិភ័យនៃការរងការវាយប្រហារពីសំណាក់ក្រុមភេរវជននេះមានច្រើនផងដែរ។ បើតាមសម្តីរបស់មេដឹកនាំនេះ លោកប្រហែលជាចង់យករឿងសន្តិសុខនេះផ្ញើរសារទៅកាន់ប្រជាជនដែលចង់បង្ខំឲ្យលោកចុះចេញពីតំណែង។ បើសិនបើវិបត្តិកើតឡើងខ្លាំងឬលោកចុះចេញពីតំណែងនោះ លទ្ធភាពនៃការវាយប្រហាររបស់ក្រុមភេរវជនពិតជាកើនឡើង។ ដូច្នេះចង់មិនចង់ប្រជាជនបង្ខំ មិនចេញមុខប្រឆាំងលោក ឬបង្ខំលោកឲ្យចុះចេញពីតំណែងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com