ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជាង២៧លាន​ដុល្លារ ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​គម្រោង​ចំនួន២
02, Jun 2015 , 10:20 pm        
រូបភាព
ដោយ: ថ្មីៗ
ជប៉ុន​ផ្តល់​ជំនួយឥតសំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣.២៨៤ លាន​យ៉េន ស្មើ​ប្រមាណ​ជាង២៧ លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន។លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji Kumamaru) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​កាលពី​ព្រឹក​ថ្ងៃទី២ មិថុនា នៅ​ទីស្ដីការក្រសួង។



ជំនួយឥតសំណង​នេះ​គឺ​ផ្ដោតលើ​គម្រោង ចំនួន២រួមមាន ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកំពត មាន​ទឹកប្រាក់​ចំនួន ២.៩៨៥ លាន​យ៉េន​ប្រមាណ ២៥លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ នឹង​ផ្តល់​ប្រយោជន៍​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៩០% ក្នុង​ខេត្តកំពត អាច​បាន​ទឹក​មាន​សុវត្ថិភាព ដើម្បី​ពិសា​និង​ប្រើប្រាស់​នៅ​ឆ្នាំ២០២១​។

ចំណែក​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស​មានទឹក​ប្រាក់​ចំនួន២៩៩ លាន​យ៉េន​ប្រមាណ​ជា ២,៥លាន​ដុល្លារ​អាមេរិក ជំនួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​វ័យក្មេង​ចំនួន ២៤នាក់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រយៈពេល ២ឆ្នាំ។

លោក យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji Kumamaru) សង្ឃឹមថា គម្រោង​ទាំងពីរ​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​និង​ពង្រឹង​កិច្ចទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ។

ប្រទេស​ជប៉ុន​បាន​នាំមុខគេ​ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹកស្អាត​តាំង​ដើម​ទស្សវត្ស១៩៩។ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ខេត្តសៀមរាប នៅ​កំពង់ចាម និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត​សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន៕


© រក្សាសិទ្ធិដោយ thmeythmey.com