សុវត្តិភាព ចរាចរណ៍
លក្ខខណ្ឌ​សម្រាប់​បើកបរ​យានជំនិះ​នៅតាម​ផ្លូវថ្នល់
21, Apr 2018 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 យោងតាម មាត្រា៥ នៃ​អនុក្រឹត្យ​ស្តីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ អ្នកបើកបរ​ត្រូវមាន​លក្ខខណ្ឌ​សម្រាប់​បើកបរ​យានជំនិះ​នៅតាម​ផ្លូវថ្នល់ មាន​ដូចខាងក្រោម៖


១-
អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​ស្របតាម​ផ្លាកសញ្ញា​កំណត់​ល្បឿន​អតិបរមា​នៅតាម​ដងផ្លូវ។
២- នៅ​កន្លែង​ដែល​ពុំមាន​ផ្លាកសញ្ញា​កំណត់​ល្បឿន អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​អតិបរមា​ដូចខាងក្រោម៖

ក- នៅក្នុង​ទីប្រជុំជន​ល្បឿន​អតិបរមា ត្រូវ​កំណត់​ត្រឹម
-៣០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់ទោ​ចក្រយានយន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្ត​កសិកម្ម និង​សម្រាប់​យាន​យ​ន្តុ​បក​រណ៍​ដែលមាន​ល្បឿន​អតិបរមា​ត្រឹម ៤០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។

-៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ត​គ្រប់​ប្រភេទ និង​សម្រាប់​យា​ន្តុ​បក​រណ៍​ដែលមាន​ល្បឿន​អតិបរមា​លើស ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
 
ខ- នៅក្រៅ​ទីប្រជុំជន​ល្បឿន​អតិបរមា ត្រូវ​កំណត់​ត្រឹម
-៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​ត្រីចក្រយានយន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ត្រាក់ទ័រ យានយន្ត​កសិកម្ម និង​យាន​យ​ន្តុ​បក​រណ៍​ដែលមាន​ល្បឿន​អតិបរមា​ត្រឹម ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

-៦០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់ទោ​ចក្រយានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង​មិន​លើសពី ១២៥ម៉ែត្រគូប យាន​យ​ន្តុ​បក​រណ៍​ដែលមាន​ល្បឿន​អតិបរមា​លើស ៤០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង រថយន្ត​សណ្តោង​រ៉ឺម៉ក ឬ សី​មី​រ៉ឺម៉ក និង​រថយន្ត​ដឹក​កុង​តែ​ន័​រ​គ្រប់​ប្រភេទ។

-៧០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់ទោ​ចក្រយានយន្ត​ដែល​មា​ទំហំ​ស៊ីឡាំង​លើសពី ១២៥សង់ទីម៉ែត្រ​គូប និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់។

-៨០គឺ​ឡួ​ម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​អ្នកដំណើរ។

-៩០គីឡូម៉ែត្រ សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​អ្នកដំណើរ​បើកបរ​នៅលើ​ផ្លូវ​ដែលមាន​ខឿន​បែងចែក​ទិស​ចរាចរណ៍​ជា​ពីរ ហើយ​មាន​គន្លង​ផ្លូវ​ចាប់ពី​បួន​ឡើងទៅ។
 
បទ​ប្ប​ញ្ញ​តិ​ដែល​មានចែង​ក្នុង​ចំណុច​ទី១ និង​ចំណុច​ទី២ នៃ​មាត្រា​នេះ មិន​អនុវត្ត​ចំពោះ​អ្នកបើកបរ​យានយន្ត​ក្បួន​នគរបាល យោធា កងរាជអាវុធហត្ថ គណៈប្រតិភូ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ យានយន្ត​ពន្លត់​អគ្គិភ័យ យានយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ និង​យាន​ខ្លះទៀត​ដែលមាន​ការអនុញ្ញាត​ឲ្យ​ពន្លឺ​សូរសព្ទ ភ្លើង​សញ្ញា​ពិសេស នៅពេល​បំពេញភារកិច្ច​ឡើយ។
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com