ពីនេះ ពីនោះ
តើ​អ្វី​ជា​ឯករាជ្យ ហើយ​អ្វី​ជា​អព្យាក្រឹតភាព?
03, May 2021 , 5:23 pm        
រូបភាព
ឯករាជ្យ និង​អព្យាក្រឹតភាព គឺជា​សភាវៈ​ពីរ​ផ្សេងគ្នា។ ឯករាជ្យ សំដៅ​ដល់​ភាពមិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បុគ្គល​ណាមួយ។ ឯ​អព្យាក្រឹតភាព សំដៅ​ដល់​ភាពមិន​ទោរទន់​ទៅរក​ភាគី​ម្ខាង​ណាមួយ ជាង​ភាគី​ម្ខាង​ទៀត។

 

 
ឯករាជ្យ មានអំណាច​ផ្ទាល់ខ្លួន​ជា​លក្ខណៈ។ ត្រង់នេះ មានន័យថា កាលណា​និយាយ​ពី​ឯករាជ្យ គេ ​នឹង​សម្គាល់​នូវ​លក្ខណៈពិសេស​មួយ​គឺ ការ​មាន​សិទ្ធិសេរីភាព និង​អំណាច​ពេញ​បូ​រិ​បូ​រណ៍ ក្នុងការ​សម្រេច​នូវអ្វីៗ ដោយ​ខ្លួនឯង ដោយ​មិនមាន​សម្ពាធ​ពី​បុគ្គល​ណាមួយ ឬ​ពី​ស្ថាន​ប័ន​ណា​ឡើយ។ 
 
អព្យាក្រឹតភាព មាន​ភាពមិនលម្អៀង ជា​លក្ខណៈ។ ត្រង់នេះ ចង់​សំដៅថា បើ​បុគ្គល​ណាមួយ​មាន​អព្យាក្រឹតភាព គេ​តោង​តែ​យល់ថា បុគ្គល​នោះ ត្រូវតែ​តាំងខ្លួន​ជា​កណ្តាល មិន​ទោរទន់​ទៅ​ភាគី​ម្ខាង​ណា​ឡើយ។ 
 
តើ​បុគ្គល​ម្នាក់​ដែលមាន​ឯករាជ្យ នឹងមាន​អព្យាក្រឹតភាព​ឬ? ហើយ​បុគ្គល​ម្នាក់ ដែលមាន​អព្យាក្រឹតភាព នឹងមាន​ឯករាជ្យ​ឬ? អ្នក​គប្បី​ពិចារណា​ថា បុគ្គល ដែលមាន​ឯករាជ្យ ​មិន​ប្រាកដថា មាន​អព្យាក្រឹតភាពនោះទេ ព្រោះ​ហេតុថា បុគ្គល​ខ្លះ​ មិន​ស្ថិតនៅក្រោម​អំណាច​អ្នកដទៃ​ឡើយ តែដោយសារមាន​ក្តី​ស្រឡាញ់​ម្ខាង ហើយ​ស្អប់​ម្ខាង ឬ​មើលឃើញ​ប្រយោជន៍​ម្ខាង ច្រើនជាង​ម្ខាង​ទៀត ក៏​ធ្វើ​ឲ្យ​បុគ្គល​ឯករាជ្យ​នោះ មិនមាន​អព្យាក្រឹតភាព។
 
ចំណែក បុគ្គល​ម្នាក់ ដែល​អាចមាន​អព្យាក្រឹតភាព​បាន លុះណាតែ​បុគ្គល​នោះ​មាន​ឯករាជ្យ ជាមុនសិន។ បើ​មិនមាន​ឯករាជ្យ​ជាមុន​ទេ បុគ្គល​នោះ មិនអាច​តាំងខ្លួន​ថា មាន​អព្យាក្រឹតភាព​បានទេ ព្រោះ​ហេតុថា បើ​ស្ថិតនៅក្រោម​អំណាច​គេ​ហើយ តើ​នឹង​អាចមាន​អព្យាក្រឹតភាព យ៉ាងដូច​ច​ម្តេច​កើត។ 
 
ដូច្នេះ ឯករាជ្យ គេ មិន​និយាយ​ពីអព្យាក្រឹត ឬ​មិន​អព្យាក្រឹត​នោះទេ ដោយ​គ្រាន់​តែសំដៅថា បុគ្គល​នោះ ស្ថាប័ន​នោះ ប្រទេស​នោះ មានអំណាច​ពេញលេញ ក្នុងការ​សម្រេច​ច​កិច្ចការអ្វីៗដោយ​ខ្លួនឯង ដោយ​គ្មាន​ការគាបសង្កត់​ពី​អ្នកដទៃ។ រីឯ អព្យាក្រឹតភាព គឺ​គេ​គ្រាន់តែ​សំដៅថា បុគ្គល​នោះ ស្ថាប័ន​នោះ ប្រទេស​នោះ ប្រកាន់យក​មាគ៌ា​កណ្តាល មិន​លម្អៀង​ទៅរក​ភាគី​ណាមួយ។ ប៉ុន្តែ​បើ​បុគ្គល​នោះ ស្ថាប័ន​នោះ ឬ ​ប្រទេស​នោះ មិនមាន​ឯករាជ្យ​ទេ គេ​នឹង​មិនមាន​សិទ្ធិ​និយាយ​ពី​អព្យាក្រឹតភាព​បានឡើយ៕
 

Tag:
 ឯករាជ្យ
  អព្យាក្រឹតភាព
© រក្សាសិទ្ធិដោយ thmeythmey.com