ជាតិ
បទវិភាគ
ការជជែក​គ្នា​នាំទៅរក​ជម្លោះ ឬ​ក៏​នាំទៅដល់​គតិបណ្ឌិត?
26, Jun 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
សូ​ក្រា​ត ទស្សនវិទូ​ក្រិ​ក​បុរាណ បាន​អះអាងថា ការជជែក​គ្នា​នឹង​នាំទៅដល់​គតិបណ្ឌិត។ ក្នុង​តថភាព​សង្គម យើង​បាន​សង្កេតឃើញថា ការជជែក​មួយចំនួន​ពិតជា​បាន​នាំទៅដល់​គតិបណ្ឌិត​មែន។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​បាន​ពិនិត្យឃើញថា មាន​ការជជែក​មួយចំនួន​មិន​ត្រឹមតែ​មិនអាច​នាំទៅដល់​គតិបណ្ឌិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​នាំទៅដល់​ជម្លោះ និង ការទទួល​រង​កា​រិះគន់​យ៉ាង​ចាស់ដៃ​ទៀតផង។


 
ការជជែក​គ្នា ដែល​នឹង​នាំទៅដល់​គតិបណ្ឌិត គឺជា​ការជជែក​មួយ ដែល​អ្នក​ជជែក​ស្គាល់​ប្រធានបទ​ច្បាស់ ស្គាល់​បញ្ហា​ច្បាស់ គោរព​នីតិវិធី​នៃ​ការជជែក ផ្ដល់ឱកាស​ឱ្យដៃ​គូ​ពិភាក្សា​បញ្ចេញមតិ យោបល់ ព្រមទាំង​ទទួលស្គាល់​ការ​ពិត ភាពសមហេតុ​ផល ភាពត្រឹមត្រូវ ភាពជាក់ស្ដែង តថភាព និង ត្រូវ​ចេះ​ប្រើពាក្យ​ពេចន៍​សមរម្យ ថ្លៃថ្នូរ​ចំពោះ​ដៃគូ​ជជែក​របស់ខ្លួន។
 
លើសពីនេះ​ទៀត អ្នក​ជជែក​ត្រូវ​ស្គាល់​ខ្លួនឯង ត្រូវគោរព​ពេលវេលា​ក្នុង​ការជជែក ត្រូវគោរព​ក្រមសីលធម៌​ក្នុង​ការជជែក និង ត្រូវ​ផ្ដល់​ការពន្យល់​ដោយ​សម​ហេតុផល ស្របទៅនឹង​សច្ចភាព ជាជាង​ការស្រែក​ឱ្យតែ​ឭ​ខ្លាំង ឬ ការប្រើ​ពាក្យ​គ្រោតគ្រាត​ចំពោះ​ដៃគូរ​ពិភាក្សា​របស់ខ្លួន។ ក្រៅពីនេះ អ្នក​ជជែក​ក៏ត្រូវ​ផ្ដល់ឱកាស​ឱ្យដៃ​គូសន្ទនា​លើកឡើង​នូវ​គំនិត យោបល់​របស់ខ្លួន ជាជាង​ប​ន្ទុ​ច​បង្អាក់ ឬ កាត់​សម្ដី​មិនឱ្យ​ដៃគូរ​និយាយ​ការណ៍​ពិត ឬ បញ្ចេញយោបល់​របស់ខ្លួន។ ជាពិសេស អ្នក​ជជែក ត្រូវ​ចៀសវាង​ការបង្ក​ជម្លោះ​ជាមួយ​ដៃគូ​ក្នុងការ​ពិភាក្សា។
 
ការជជែក​អាចធ្វើ​ឡើង​ដោយ​ទល់មុខ​គ្នា​តែ​ពីរ​នាក់ ជា​ក្រុម​តូច ឬ ក្រុម​ធំ ដូចជា ក្នុង​អង្គប្រជុំ សិក្ខាសាលា សន្និសីទ វេទិកា​តុមូល សន្និសីទ​កា​សែត ឬ ការផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​និង​ទូរទស្សន៍ ជាដើម។ ទោះបីជា​ក្នុង​ពិធី​ណា ពេលណា និង ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ក៏​ការជជែក​ត្រូវតែ​ប្រកាន់​សច្ចភាព ភាពសមហេតុ​ផល ការណ៍​ពិត គោរព​សិទ្ធិ​ដៃគូ​ជជែក គោរព​សីលធម៌​ក្នុង​ការជជែក និង គោរព​លក្ខខណ្ឌ​ផ្សែង​ទៀត ដូច​បានលើកឡើង​ខាងលើ។ បើ​មិន​ដូច្នោះ​ទេ ការជជែក​នោះ​មិន​ត្រឹមតែ​មិន​បានទទួល​គតិបណ្ឌិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ម​ទាំង​អាច​បង្កជម្លោះ​ជាមួយ​ដៃគូ និង ទទួលរង​ការរិះគន់​និង​ការមិន​ចូលចិត្ត​ពី​អ្នក​ស្ដាប់​ផងដែរ។
 
ហេតុនេះ  អ្នកនាំពាក្យ អ្នកវិភាគ​សង្គម អ្នកនយោបាយ វាគ្មិន អ្នកផ្ដល់​បទ​សម្ភាស អ្នកដឹកនាំ និង អ្នក​ពាក់​ព័ន្ធ​ដទៃទៀត ដូចជា ពិធីករ ជាដើម ដែល​ធ្លាប់មាន​កំហុស​ដូច​បានលើកឡើង​ខាងលើ គួរ​បែរមក​ជជែក​ដោយ​ផ្អែកលើ​ចំណេះដឹង ជំនាញ បទពិសោធ ទិន្នន័យ ការពិនិត្យសង្កេត ការពិចារណា ហេតុការណ៍ ភាពសមហេតុ​ផល និង សច្ចភាព ជាជាង​ផ្អែកលើ ពាក្យសម្ដី​ជេរប្រមាថ ពាក្យ​គ្រោតគ្រាត ពាក្យ​គំរាមកំហែង ដែល​អាង​លើ កម្លាំង អំណាច តួនាទី បុណ្យស័ក្ដិ ខ្នងបង្អែក អាយុ ឬ​ទ្រព្យសម្បត្តិ របស់ខ្លួន៕        
 

Tag:
 សង្គម
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com