ជាតិ
តើ​ការ​ពូន​ភ្នំខ្សាច់​ធ្វើឡើង​ដើម្បី​អ្វី?
14, Apr 2017 , 7:59 am        
រូបភាព
ពិធី​ពូន​ភ្នំខ្សាច់​នេះ មិនមែន​ធ្វើឡើង​តែ​ក្នុង​រដូវ​បុណ្យ​ភ្នុំ​បិណ្ឌ​នោះទេ។ តាម​ទំនៀមទម្លាប់​ខ្មែរ ការ​ពូន​ភ្នំខ្សាច់​នេះ អាច​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​អ្វី​ក៏បាន​ដែរ មានដូចជា បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ បុណ្យមាឃបូជា បុណ្យ​វិសាខបូជា បុណ្យបច្ច័យបួន ។ល។ តើ​ហេតុអ្វី​បាន​បុរាណ​បណ្ឌិត បង្កើត​ពិធី​ពូន​ភ្នំខ្សាច់​នេះ​ឡើង?


 
ការពិត ពិធី​ពូន​ភ្នំខ្សាច់ កើតមានឡើង​តាំងពី​ជាង២៥០០ឆ្នាំមុន​មក​ម្លោះ ពោលគឺ​កាលពី​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ធរមាន។ អ្វីមួយ​កើតមានឡើង អ្វី​នោះ​តែងតែមាន​រឿងនិទានរ​ប​ស់វា។ បុ​ន្តែ​ដោយហេតុថា រឿងនិទាន​នោះ វែង​អន្លាយ និង​ស្មុគស្មាញ​ពេក ហើយ​ហាក់ដូចជា​មិនសូវ​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​បច្ចុប្បន្ន​ថែមទៀត ដូច្នេះ​ខ្ញុំ​សូម​មិន​រៀបរាប់​ទៅ​ចុះ។ ប៉ុន្តែ​អ្វីដែល​នឹង​លាតត្រដាង​នោះ គឺ​ខ្លឹមសារ និង​អត្ថន័យ​នៃ​ពិធី​នេះ ដែល​អាច​នាំមក​នូ​វប្រ​យោជន៍​សម្រាប់​ជីវិត​បច្ចុប្បន្ន​ទើប​ជាការ​ប្រសើរ។ 
 
ភ្នំខ្សាច់​នេះ ឬ​ចេតិយ​ខ្សាច់​ហៅ​តាម​ភាសាបាលី​ថា វាលុកចេតិយ។ ចេតិយ​ខ្សាច់ គឺជា​គំនរ​ខ្សាច់​ដែល​ត្រូវបាន​គេ​ពូន​ជា​រាង​ចេតិយ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ចូឡា​មុនី​ចេតិយ របស់​ព្រះ​ពុទ្ធអង្គ។ ចូឡាមណី​ចេ​តិ គឺជា​ចេតិយ​ដែល​តម្កល់​នូវ ព្រះកេសា និង​ព្រះ​ចង្កូម​កែវ របស់​ព្រះពុទ្ធ ដែល​ស្ថិត​នៅឯ​ស្ថាន​តាវត្តិង្ស​ឯណោះ។ ស្ថាន​តាវត្តិង្ស​គឺជា​ស្ថានសួគ៌​មួយ ក្នុងចំណោម​ស្ថាន​ទេវលោក​ជាច្រើន​ទៀត ដែល​គ្រប់គ្រង​ដោយ ព្រះ​ឥ​ទ្ធ (មិនអាច​រៀបរាប់​អំពី​ស្ថា​នេះ​ឲ្យ​បាន​ក្បោះក្បាយ​នៅពេល​នេះឡើយ)។
 
កាលពី​ព្រះ​ពុទ្ធអង្គ​ចេញ​សាង​ព្រះ​ផ្នួស​នៅ​ព្រះជន្ម២៩ ឆ្នាំ ព្រះអង្គ​ក៏បាន​កាត់​ព្រះកេសា​ដោយ​ខ្លួនឯង ហើយ​ព្រះកេសា​នោះ ត្រូវបាន​ទេវតា នាំយកទៅ​តម្កល់ទុក​នៅឯ​ចូឡាមណី​ចេតិយ។ ចំណែកឯ ព្រះ​ចង្កូម​កែវ ត្រូវបាន​ទេវតា​បាន​នាំទៅ​តម្កល់ទុក​ក្នុង​ចេតិយ​នេះ​ដូចគ្នា គឺ​នៅពេលដែល ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន ហើយ​ព្រះ​សព​ត្រូវបាន​រំលាយ​ដោយ​ព្រះ​អគ្គី។ ដូច្នេះ ភ្នំខ្សាច់​ដែល​ត្រូវបាន​ធ្វើឡើង គឺ​តំណាង​ឲ្យ​ព្រះ​ចេតិយ​ដែល​បញ្ចុះ​នូវ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះសម្មាសម្ពុទ្ធ​នេះឯង។
 
ការ​ពូន​ភ្នំខ្សាច់​នេះ បុរាណ​បណ្ឌិត​យើង​បាន​ពន្យល់ថា គឺជា​ការ​រំឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ។ ការ​រឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ គឺជា​ការ​រឭក​ដល់​ព្រះកេសា និង​ព្រះ​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ។ ការ​រឭក​ដល់​ព្រះ​សារីរិកធាតុ គឺ​ដូចជា​ការ​រឭក​ដល់​តួអង្គ​ផ្ទាល់​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​មានគុណ​ដ៏​អនេកប្បការ​ចំពោះ​សត្វលោក ពោ​ក​គឺ​គុណ​ទាំងបី រួមមាន បញ្ញា​គុណ ករុណា​គុណ និង​វិសុទ្ធិ​គុណ។ ការ​រឭក​ដល់​គុណព្រះពុទ្ធ​នេះហើយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​ចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះអង្គ ដែលជា​ហេតុ​នាំ​ឲ្យ​កើត​កុសលផល​បុណ្យ។
 
ហើយ​ម្យ៉ាងទៀត ដោយ​អំណាច​នៃ​ការ​ពូន​ភ្នំខ្សាច់ ឧបកិច្ច​ដល់​ព្រះ​ចូឡាមណី​ចេតិយ​នេះ ក៏​អាច​ឲ្យ​អ្នក​ទាំងឡាយ​ដែល​ចូលរួម​ពូន​នោះ ធ្វើ​នូវ​ការសុំ​អធ្យាស្រ័យ ដល់​ពពួកសត្វ និង​មនុស្ស ព្រមទាំង​ទេវតា​ទាំងពួង ក្នុង​ចក្រ​វា​ឡ​ទាំងមូល ឲ្យ​លើកលែង និង​អហោ​សកម្ម​ដល់​ខ្លួន ដែល​ធ្លាប់​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល ដល់​សត្វលោក​ទាំងនោះ ក្នុង​អតីតជាតិ ដោយ​អ​ចេតនា​ណាមួយ។ ប៉ុន្តែ​ប្រសិនបើ​បាបកម្ម ដែល​យើង​ធ្លាប់ធ្វើ​លើ​អ្នកដទៃ​ឲ្យ​រង​ការឈឺចាប់​ដោយ​ចេតនា និង​ចិត្តឫស្យា នោះ​យើង​ពុំ​អាច​សុំ​ឲ្យ​ដាច់​កម្ម​ពៀរ ឬ​បាបកម្ម ដោយ​គ្រាន់តែ​គោរព​ចំពោះ​ភ្នំខ្សាច់​នោះទេ។ បើ​យើង​ធ្វើបាប​គេ​ដោយ​ចេតនា ហើយ​យើង​អាច​សុំ​លាងជម្រះ​បាបកម្ម ឬ​កម្ម​ពៀរ​ទាំងនោះ ដោយ​គ្រាន់​បូជា​ចំពោះ​ភ្នំខ្សាច់​ប៉ុណ្ណឹង អីចឹង​វា​ដូចជា​អយុត្តិធម៌​ពេក​ហើយ។ ច្បាប់ធម្មជាតិ​មិន​តម្រូវ​ឲ្យ​យើង​មាន​សិទ្ធិ​ដ៏​អស្ចារ្យ​ដូច្នេះ​ឡើយ។ 
 
ជាងនេះទៅទៀត ដោយ​អានុភាព​នៃ​សទ្ធា​ជ្រះ​ថ្នា​ក្នុងការ​ពូន​ភ្នំខ្សាច់ រឭក​ដល់​ព្រះ​ពុទ្ធអង្គ យើង​ក៏​អាច​ប្រាថ្នា​សុំ​នូវ​សិរី​សួស្តី​ទាំងឡាយ​ឲ្យ​កើតមាន​ដល់​ក្រុមគ្រួសារ និង​សហគមន៍​ផងដែរ។ ប៉ុន្តែ បើទោះបីជា​យើង​ផ្សង​ដូច្នេះ​ក៏ពិតមែន តែ​យើង​ក៏​ត្រូវតែ​ខិតខំ​បំពេញ​កិច្ច​ទាំងឡាយណា ដែល​នាំ​ឲ្យ​រីកចម្រើន​ដែរ មិនមែន​តាំង​សេចក្តីប្រាថ្នា​ឡើង​បួងសួង ហើយក៏​ដេក​រង់ចាំ​លទ្ធផល​នោះទេ។
 
ចាស់​បុរាណ​តែង​ពោល​ទុក​មក​ថា បើ​យើង​បាន​ពូន​ភ្នំខ្សាច់​គឺ​ដូចជា​យើង​ហ្នឹង​បាន​ចូលរួម​សាងសង់​នូវ​ព្រះ​ចេតិយ៍​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ផ្ទាល់​អីចឹង​ដែល។ហើយ​ការ​រឭក​ដល់​ព្រះ​ចូឡាមណី​ចេតិយ ក៏ដូចជា​ការបូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ផ្ទាល់​ដូចគ្នា៕
 

Tag:
 ពូន​ភ្នំខ្សាច់​
© រក្សាសិទ្ធិដោយ thmeythmey.com