ពីនេះ ពីនោះ
ចាញ់បោក​មនុស្ស មិន​គ្រោះថ្នាក់​ដូច​ចាញ់បោក​ព្រេងវាសនា​ទាំង​ងងឹត​ងងុល​!
23, Jul 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​រស់នៅ​ជាមួយ​ធម្មជាតិ រស់នៅ​ជាមួយ​បរិស្ថាន រស់នៅ​ជាមួយ​សត្វ រស់នៅ​ជាមួយ​មនុស្ស​ដូចគ្នា​។ តែ​មនុស្ស​ខុសពី​សត្វ​ធម្មតា​ត្រង់​មនុស្ស​មានការ​គិត ការពិចារណា ការវិភាគ និង​ស្មារតី​ភ្ញាក់រលឹក និង​កម្រិត​នៃ​វិចារណញ្ញាណ​ខ្ពស់​ដែល​សត្វ​ធម្មតា​មិនអាច​មានបាន​។ ព្រោះតែ​មនុស្ស​មាន​អំណោយទាន​ពី​ធម្មជាតិ​បែបនេះហើយ ទើប​មនុស្ស​ចេះ​កុហក បោកប្រាស់​គ្នា​ស្ទើរ​រៀងរាល់ថ្ងៃ តាមរយៈ​ពាក្យសម្ដី និង​សកម្មភាព  ដើម្បី​ការកំសាន្ត​សប្បាយ និង​ចំណេញ​ផលប្រយោជន៍​ជាដើម​។



​កាលណា​គេ​និយាយ​ពី​ការ​កុហក បោកប្រាស់ វា​តែងតែមាន​បញ្ញត្តិ​ពីរ​នោះ​គឺ ប្រធាន​វិស័យ​ភាព និង​វត្ថុ​វិស័យ​ភាព​។  មានន័យថា​ប្រធាន​វិស័យ​ភាពជា​អ្នកធ្វើ​អំពើ​ទៅលើ​វត្ថុ​វិស័យ​ភាព ហើយ​វត្ថុ​វិស័យ​ភាព​ទទួលរង​អំពើ​របស់​ប្រធាន​វិស័យ​ភាព​។ ពេលនោះ​ហើយ​ដែល​អ្នក​ត្រូវបាន​គេ​កុហក ឬ​បោកប្រាស់​ត្រូវ​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​។ ផ្ទុយទៅវិញ​មាន​មនុស្ស​ចំនួន​បែរជា ទៅ​ចាញ់បោក​ព្រេងវាសនា​ទាំង​ងងឹត​ងងុល ដែលជា​កត្តា​នាំ​ឲ្យ​បុគ្គល​ទាំងអស់នោះ​ខ្វះ​ការតស៊ូ ព្យាយាម និង​ការតាំង​ចិត្ត​ដើម្បី​ផ្លាស់​ប្ដូរជីវិត ។

​មូលហេតុ​គឺ​នៅត្រង់ថា នៅពេល​មនុស្ស​ម្នាក់​ចាញ់បោក​នរណាម្នាក់ គឺ​គាត់​និង​ចងចាំ​ជានិច្ច​នៅក្នុង​ចិត្ត​របស់គាត់ និង​តាំងចិត្ត​ថា គាត់​នឹងមិន​បណ្ដោយ​ឲ្យ​អ្នកណាម្នាក់​បោកប្រាស់​គាត់​បាន​ម្ដងទៀត​នោះទេ​។ តែ​នៅពេល​បុគ្គល​ទាំងនោះ​បរាជ័យ​ក្នុង​ជីវិត ជួប​ឧបសគ្គ​ច្រើន​នៅក្នុង​ជីវិត គេ​តែងតែ​ទាញ់​អ្វីដែល​នាំ​ឲ្យ​ខ្លួន​បរាជ័យ​នោះ ថា​ជាការ​កំណត់​របស់​ព្រេងវាសនា​ទៅវិញ​។ ពេលនោះ​ហើយ​ដែល​បុគ្គល​ទាំងនោះ​យល់ថា​ទោះ​ខ្លួន​ប្រឹងប្រែង​យ៉ាងណា​ក៏​មិនអាច​កែប្រែ​ព្រេងវាសនា​របស់ខ្លួន​បានដែរ​។ បុគ្គល​ទាំងនោះ​ចាប់ផ្ដើម​បោះបង់​ការតស៊ូ ការព្យាយាម ការ​ជម្នះ​លើ​ឧបសគ្គ​នានា​ហើយ​យកពាក្យ​ថា នេះ​ជា​ព្រេងវាសនា​របស់ខ្ញុំ​ពី​ជាតិ​មុន​។​

​ជាការ​ពិត​មាន​អ្នក​ជឿ និង​មិន​ជឿថា​មានព្រេង​វាសនា តែ​សំខាន់​ដើម្បី​សម្រេចបាន​ព្រេងវាសនា​ល្អ​ក្នុង​ជីវិត​គឺ​ទាមទារ​ការកែច្នៃ​ប្រកបដោយ​បញ្ញា និង​វិចារណញ្ញាណ​។ ជាជាង​ការ​បណ្ដែតបណ្ដោយ​ទៅតាម​អារម្មណ៍​និង​ការ​អស់ជំនឿ​ចិត្ត​។ ហេតុនេះហើយ​ដែល​នាំ​ឲ្យ​រូបភាព​នៃ​ការចាញ់បោក​មនុស្ស​ម្នាក់​វា​មិន​ស្មើ​និង​ឥទ្ធិពល​មនុស្ស​ម្នាក់​ចាញ់បោក​ព្រេងវាសនា​ដោយ​ខ្លួនឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com