ពីនេះ ពីនោះ
ខុង​ជឺ​៖ រដ្ឋ​ឥតខ្ចោះ​គឺជា​រដ្ឋ​ដែលមាន​គតិ​វិញ្ញូ​ជា​អ្នកដឹកនាំ​!
23, Jul 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​គំនិត​ដឹកនាំ​រដ្ឋ ទស្សនវិទូ​លោក ប្លា​តុង បាន​ឲ្យ​តម្លៃ​អ្នកដឹកនាំ អ្នកគ្រប់គ្រង ឬ​ស្ដេច​ដែល​គ្រប់គ្រង​រដ្ឋ​គឺ​ចាំបាច់​ត្រូវតែ​ជា​ទស្សនវិទូ​។ ចំណែក​ទស្សនវិទូ​ដ៏​ល្បីល្បាញ់​របស់​ប្រទេស​ចិន​វិញ​យល់ឃើញថា ដើម្បី​ឲ្យ​បាន​រដ្ឋ​ឥតខ្ចោះ​មួយ​បាន គឺ​អ្នកដឹកនាំ​ចាំបាច់​ត្រូវតែ​ជា​គតិ​វិញ្ញូ​ដើម្បី​មកកាន់​ការងារ​ជា​អ្នកដឹកនាំ​សង្គម ឬ​រដ្ឋ​មួយ​នោះ​។ តើ​អ្វីដែល​នាំ​ឲ្យ ខុង​ជឺ មាន​ការគិត​ឃើញបែបនេះ ចំពោះ​សមត្ថភាព​របស់​អ្នកដឹកនាំ អ្នកគ្រប់គ្រង​?



​គតិ​វិញ្ញូ​មានន័យថា​ជា​អ្នកប្រាជ្ញ ជា​មនុស្ស​ដែល​ប្រាជ្ញាញាណ មានការ​យល់ដឹង​ជ្រៅជ្រះ មាន​សមត្ថភាព​ពិត ស្គាល់​គុណធម៌ មាន​សីលធម៌​។ នៅពេល​សង្គម​មួយ ប្រទេសមួយ រដ្ឋ​មួយ​ដែលមាន​បុគ្គល​បែបនេះ​ទៅកាន់​ការងារ​ស្រុកទេស ទៅ​ដឹកនាំ​សង្គម ទៅ​រៀបចំ​សង្គម ខុង​ជឺ​យល់ថា​នឹងធ្វើ​ឲ្យ​សង្គម​កាន់តែ​ល្អប្រសើរ​។ នៅក្នុង​ផ្នត់គំនិត​របស់​ខុង​ជឺ ការដឹកនាំ និង​គ្រប់គ្រង​សង្គម​ដោយ​ប្រើប្រាស់​គុណធម៌ គឺមាន​ភាពល្អប្រសើរ​ជាង​ការគ្រប់គ្រង​សង្គម​ដោយ​ការប្រើប្រាស់​ច្បាប់​ក្នុងការ​ដាក់ទោស​។ ហេតុនេះ​វិញ្ញូ​ជន​គឺជា​បុគ្គល​សំខាន់​ដែល​សង្គម​ត្រូវការ​។​

​ប៉ុន្តែ​នៅក្នុង​សង្គម​បច្ចុប្បន្ន បើទោះបីជា​សីលធម៌ គុណធម៌ សច្ចធម៌ គឺជា​បញ្ញត្តិ​ដ៏​មានតម្លៃ​ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​អនុវត្តន៍​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយក៏​ជា​បញ្ញត្តិ​ដ៏​ឧត្ដម​ចំពោះ​គតិ​វិញ្ញូ​យ៉ាងណាក្ដី ក៏​មិនអាច​យក​បញ្ញត្តិ​ទាំងនេះ​មក​ដឹកនាំ​និង​គ្រប់គ្រង​សង្គម​បាន​ទាំងស្រុង​នោះដែរ​។ ស្ថិតក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន ការ​មាន​គតិ​វិញ្ញូ​មក​ដឹកនាំ​សង្គម​គឺជា​រឿង​ដែល​ល្អ​ប្រពៃ​បំផុត ព្រោះ​ភាគច្រើន​នៃ​បុគ្គល​បែបនេះ​គឺជា​មនុស្ស​ដែល​ស្រឡាញ់​សន្តិភាព ស្រឡាញ់​ភាពជា​មនុស្ស​ដូចគ្នា ស្រឡាញ់​អ្វី​ដែលជា​ភាពត្រឹមត្រូវ ស្រឡាញ់​អ្វី​ដែលជា​ភាពស្មើគ្នា​។ ប៉ុន្តែ​បើ​មានតែ​បុគ្គល​ដែលជា​វិញ្ញូ​ជន​មួយរូប​មក​ដឹកនាំ​សង្គម ក៏​មិន​អាចធ្វើ​ឲ្យ​សង្គម​ទាំងមូល​មាន​ភាពល្អ​ឥតខ្ចោះ​បាន​ទាំងស្រុង​នោះដែរ​។ តែ​ត្រូវ​ទាមទារ​ឲ្យ​មាន​មន្ត្រី​គ្រប់​ជាន់ថ្នាក់​មាន​សណ្ដាន​ជា​មនុស្ស​ល្អ​គ្រប់ៗ​គ្នា មានចំណេះ​ជំនាញ​ពិត ចំណែកឯ​ប្រជាពលរដ្ឋនៅក្នុង​សង្គម​ទៀតសោត ក៏ត្រូវ​តែ​ជាម​នុស្ស​ដែលមាន​ការយល់ដឹង ចេះ​គិត​ចេះ​វិភាគ​ផងដែរ​។ ថែម​លើសពីនេះ​ទៀត គឺ​ទាមទារ​ឲ្យ​មានច្បាប់​ល្អ​ដើម្បី​ចូលរួម​ដាក់​សម្ពាធ​លើ​បុគ្គល​ដែល​ដែល​ប្រព្រឹត្តិ​អំពើ​ដែល​នាំ​ឲ្យ​សង្គម​មាន​ភាពអសន្តិសុខ​ជាដើម​។

​ជារួម​យើង​អាច​និយាយបានថា ចង់បាន​សង្គម​មួយ​ដែលមាន​ភាពល្អ​ឥតខ្ចោះ​គឺ​ទាមទារ​ឲ្យ​មាន​មេដឹកនាំ​ដែលជា​វិញ្ញូ​ជន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ តែ​ក៏​ត្រូវការ​មន្ត្រី និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​ផងដែរ រួមទាំង​មានច្បាប់​មាន​ទម្លាប់​ក្នុងការ​គ្រប់គ្រង​ច្បាស់លាស់​។ ប្រសិន​មាន​គ្មាន​ច្បាប់​ហើយ​ដឹក​នាំទៅ​តាមតែ​តាមតែ​មាត់​របស់​មេដឹកនាំ ទោះបី​ជាមាន​មេដឹកនាំ​ជា​វិញ្ញូ​ជន​ក៏ដោយ ក៏​មិនអាច​ធានា​ពី​ភាពត្រឹមត្រូវ​បាន​ទាំងស្រុង​នោះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com