ជាតិ
សារមន្ទីរ​កូរ៉េខាងជើង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​សម្ពោធ​ជា​ផ្លូវការ
04, Dec 2015 , 8:56 pm        
រូបភាព
សៀមរាប៖ សារមន្ទីរ​សព្វទស្សន៍​អង្គរ ឫ​ហៅ​ជា​ភាសា​អង់គ្លេស Angkor Panorama Museum បានដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃទី ៤ ធ្នូ ឆ្នាំ២០១៥ ។ ជា​សារមន្ទីរ​ដំបូងបង្អស់ ដែល​កសាងឡើង​ដោយ​ប្រទេស​កូរ៉េខាងជើង និង​មាន​វត្តមាន​នៅលើ​ទឹកដី​អង្គរ។



សារមន្ទីរ​ដ៏​ស្កឹមស្កៃ​មួយ បាន​ផុសចេញ​នៅលើ​ទឹកដី​នៃ​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល​ត្រង់​ថា វា​ជា​សារមន្ទីរ​មួយ​ថ្មី ប្លែក​ពី​សារមន្ទីរ​ដែលមាន​ក​ន្ល​ង​មក។ កសាងឡើង​តាម​រចនាបថ​ខ្មែរពិតៗ សារមន្ទីរ​សព្វទស្សន៍​អង្គរ ធ្វើ​ឲ្យ​អ្នកទស្សនា គយគន់​មិនចេះ​នឿយណាយ និង​ចង់​ផ្តិត​រូបភាព​ទាំងស្រុង​នៅក្នុង​សារមន្ទីរ​នេះ​ម្តង។

ពុំមាន​រូប​បដិមា ដូច​និង​សារមន្ទីរផ្សេងៗទៀត​នោះទេ សព្វទស្សន៍​អង្គរ​គឺជា​សារមន្ទីរ​លក្ខណៈ 3D ដែល​បំពាក់​គ្រឿង​បរិក្ខាទំនើបៗ ។ ប្រវត្តិ​ប្រាសាទ ប្រវត្តិ​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​ដើម គឺមាន​បញ្ចូល​នៅក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដែល​អាច​ឲ្យ​អ្នកទស្សនា​ចុច​មើល និង​អាន​ដោយ​ងាយស្រួល​បំផុត។ ក្រៅពីនេះ សព្វទស្សន៍​អង្គរ ឫ​ប៉ាណូ​រ៉ា​ម៉ា មាន​បន្ទប់​មើល​ភាពយន្ត 3D និង​ផ្ទាំងគំនូរ 3D ដែល​បង្ហាញ​ពី​ការសាងសង់​ប្រាសាទអង្គរវត្ត សម័យ​រុងរឿង និង​ជីវភាព​រស់នៅ​របស់​ដូនតា សម័យអង្គរ​ផងដែរ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​រសៀល​ថ្ងៃទី៤ ធ្នូ​នេះ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ លោក ហុង គី ចូល បាន​និយាយថា សារមន្ទីរ​នេះ​កសាងឡើង​ដោយ​ក្រុមហ៊ុន Mansudae Newtech Corporation Ltd. របស់​សាធារណរដ្ឋ​កូរ៉េ នឹងមាន​ការចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា។ ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ការសាងសង់​ចាប់ពី​ខែ សីហា ឆ្នាំ២០១១ និង​បានបញ្ចប់​នៅ​ខែ កញ្ញា ឆ្នាំ២០១៥ ។

មិនមាន​របាយការណ៍​ពិតប្រាកដ បញ្ជាក់​ពី​តម្លៃ​សាងសង់​របស់​សារមន្ទីរ​របស់​កូរ៉េខាងជើង​នេះ​ទេ។ គេ​រំពឹងថា សារមន្ទីរ​សព្វទស្សន៍ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន ព្រោះថា ជា​សារមន្ទីរ​ថ្មី ប្លែក​ពី​គេ​ផ្សេង៕




Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com