ក្តាន់ ពុំ​អាច​បង្កាត់​ពូជ​បានទេ ក្នុងអំឡុងពេល​ជម្រុះ​ស្នែង​ម្តងៗ​
ពីនេះ ពីនោះ
ក្តាន់ ពុំ​អាច​បង្កាត់​ពូជ​បានទេ ក្នុងអំឡុងពេល​ជម្រុះ​ស្នែង​ម្តងៗ​
05, Apr 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ


ភិនភាគ​៖
ក្តាន់​មាន​រូបរាង​តូច​ជាង​សត្វ​ប្រើស មាន​ពណ៌​ប្រផេះ​ចាស់ ឬ​ត្នោត​លឿង ហើយ​ពណ៌​ប្រែប្រួល​ទៅតាម​រដូវ​។ វា​មាន​ចុងកន្ទុយ​ពណ៌​ស និង​មាន​ទម្ងន់​ជា​មធ្យម​៥០​គីឡូក្រាម​។ ក្តាន់​ឈ្មោល​មាន​ស្នែង​ប្រហាក់ប្រហែល​ស្នែង​សត្វ​ប្រើស តែ​តូច និង​ជួនកាល​អុចៗ​នេះ​នៅមាន​រហូតដល់​ពេញវ័យ​។

ជីវសាស្ត្រ​៖ សត្វ​ក្តាន់​មាន​ទម្លាប់​រស់នៅ​តាម​ជាយព្រៃ​របោះ ក្នុង​វាលទំនាប​ល្បាប់​ភក់ ឬ​តាម​តំបន់​មាន​ដំណុះ​រុក្ខជាតិ​សងខាង​ទន្លេ ពិសេស​ជិត​តំបន់​វាលភក់​ដែលមាន​ដើម​ត្រែង និង​ស្មៅ​ខ្ពស់ៗ​។ ជារឿយៗ​សត្វ​នេះ​រស់នៅ​ជា​គូ​ញី​-​ឈ្មោល តែ​អាច​ផ្តុំគ្នា​ជា​ហ្វូង​ពី ១០-១៥​ក្បាល​។ សត្វ​ក្តាន់​ចូលចិត្ត​ស៊ី​ល្បះ​រុក្ខជាតិ និង​ត្រួយ​ខ្ចី​ដែលមាន​ដូចជា ត្រែង ស្មៅ វ​ល្លិ៍​ក្រញាញ់ ស្លឹក ខ្ទុំ​ជាដើម​។ សត្វ​ឈ្មោល​ជម្រុះ​ស្នែង​នៅក្នុង​អំឡុង​ខែមករា​-​មីនា ហើយ​ស្នែង​ខ្ចី (​ស្នែងទន់​) បាន​ដុះ​ឡើងវិញ​ស្រោប​ដោយ​ស្បែក ដែលមាន​រោម​ស្តើង​ខុសពី​ប្រើស​។ នៅពេល​ជម្រុះ​ស្នែង​រហូតដល់​ស្នែង​ពុំទាន់​រឹង ក្តាន់​ឈ្មោល​ពុំ​អាច​បង្កាត់​ពូជ​បានទេ​។ ក្តាន់​ចូលចិត្ត​រត់ ឬ​លូន​តាម​ព្រៃត្រែង ឬ​ស្មៅ​ខ្ពស់ៗ​ច្រើនជាង​លោត​ផ្លោះ​នៅពេល​ជួប​អាសន្ន​ម្តងៗ​។ ក្តាន់​ញី​បន្ត​ពួជ​ក្នុង​ខែកញ្ញា និង​តុលា ហើយ​ផ្តល់កំណើត​កូន​១ ឬ​ភ្លោះ​ក្រោយពេល​ពពោះ​៨​ខែ​។

រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា​វា​មាននៅ​ភូមិភាគ​ខាងជើង និរតី និង​ខាងកើត​ទន្លេមេគង្គ​។ វា​មាន​ផងដែរ​នៅ ទីជម្រក​ព្រៃ​នៃ​ប្រទេស​ឥណ្ឌា រហូតដល់​ប្រទេស​ភូមា ថៃ ឡាវ និង​ប្រទេស​វៀតណាម ប៉ុន្តែ​ប្រភេទ​នេះ​វា​មាន​ចំនួន​ថយចុះ​យ៉ាងខ្លាំង​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដោយសារ​ការបាត់បង់​ទី​ជ​ម្រោ​ក និង​ការ​បរបាញ់ ហើយ​បច្ចុប្បន្ន​នៅ​តំបន់​ជាច្រើន ប្រភេទ​នេះ​ត្រូវបាន​ផុត​ពូជ​ពី​ព្រៃ​ធម្មជាតិ​។

ស្ថានភាព​អភិរក្ស​៖
នៅ​កម្ពុជា ក្តាន់​ជា​ប្រភេទ​ជិត​ផុត​ពូជ វា​ងាយ​រងគ្រោះថ្នាក់ ដោយសារ​ការ​បរបាញ់ ឬ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ និង​ការបាត់បង់​ទីកន្លែង​រក​ចំណី​។ ប្រភេទ​នេះ​ត្រូវបាន​ចាត់​ចូលក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស និង​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ដែល​ពុំទាន់​មាន​ទិន្នន័យ​គ្រប់គ្រាន់ (DD) ៕


© រក្សាសិទ្ធិដោយ thmeythmey.com