ព័ត៍មានសុខភាព
​តែ​និង​កាហ្វេ មួយ​ណាល្អ​ជាង​?
17, Aug 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សំណួរ​នេះ​បាន​លេចចេញ​ឡើង​រវាង​គូសង្សារ​មួយគូ ដែល​ម្នាក់​ចូលចិត្ត​ញ៉ាំ​តែ​ហើយ​ម្នាក់ទៀត​ចូលចិត្ត​ញ៉ាំ​កាហ្វេ ហើយ​បាន​ជជែក​គ្នា​យកឈ្នះ​តែ​រៀងៗ​ខ្លួន​។​



​តាមពិតទៅ វា​ហាក់ដូចជា​ពិបាក​នឹងធ្វើ​ការវិនិច្ឆ័យ​ថា​មួយណា​ល្អ​ជាង​មួយណា ណាស់​។ ទាំង​តែ​ទាំង​កាហ្វេ សុទ្ធ​តែមាន​ផល​ល្អ​និង​ផល​អាក្រក់​តែ​រៀងៗ​ខ្លួន​។​

​ចំពោះតែ​
​ផល​ល្អ​៖ តែ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដែល​ប្រឆាំងនឹង​ការ​រលាក ហើយ​ជួយ​ការពារ​សរសៃឈាម​មិនឱ្យ​ឡើង​រឹង​បាន​។ អ្នក​ញ៉ាំ​តែ​កម្រ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​បេះដូង  ណាស់​។ តែ​ក៏​អាចជួយ​ឱ្យ​ខួរក្បាល​មានដំណើរ​ការ​ល្អ​បាន​ថែមទៀត​។ មានការ​សិក្សា​មួយ​ដែល​បាន​បង្ហាញថា ចាស់ៗ​ដែល​ញ៉ាំ​តែ​បៃតង​លើសពី​២​ពែង​ក្នុង​១​ថ្ងៃ មើលទៅ​មិនសូវ​ឃើញ​ចាស់​ទេ​។ ហើយ​អ្នក​ដែល​ញ៉ាំ​តែ​ទៀងទាត់​ក៏មាន​ឆ្អឹង​រឹងមាំ ផងដែរ​។​

​ផល​អាក្រក់​៖ តែ​ធ្វើឱ្យ​ធ្មេញ​ខ្មៅ​។ ផល​អាក្រក់​មួយទៀត គឺជា​តិ tanins របស់​តែ​រារាំង​មិនឱ្យ​មានការ​ស្រូប​បឺត​យកជាតិ​ដែក​ពី​ចំណីអាហារ​។ ការសិក្សា​មួយ​នៅក្នុង​ឆ្នាំ​១៩៨២​បានបង្ហាញ​ឱ្យដឹងថា ការ​ញ៉ាំ​តែ​ក្នុងពេល​ញ៉ាំ​អាហារ​បាន​កាត់បន្ថយ​ការ​ស្រូប​បឺត​យកជាតិ​ដែក​ដល់​ទៅ​៦២% ដែល​ការកាត់បន្ថយ​នេះ​មានតែ​៣៥%​ប៉ុណ្ណោះ​ចំពោះ​កាហ្វេ​។ ម្យ៉ាងទៀត តែ​ក៏មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ គ្រាន់តែ​ថា​វា​មាន​តិចជាង​កាហ្វេ គឺ​ក្នុង​តែ​១​ពែង​ចំណុះ​ប្រមាណ​ជា​១​ភាក​៤​លីត្រ​មាន​កាហ្វេ​អ៊ី​ន​ពី​១៤​ទៅ​៧០​ក្រ​ចំពោះតែ​ខ្មៅ និង​២៣​ទៅ​៤៥​ក្រ​ចំពោះតែ​បៃតង ចំណែកឯ​កាហ្វេ​វិញ​មាន​ដល់​ទៅ​៩៥​ទៅ​២០០​ក្រ​។​

​គន្លឹះ​ក្នុងការ​ញ៉ាំ​តែ​៖
​រឿង​ដែល​សំខាន់​គឺ​កុំ​ថែម​ជាតិ​ផ្អែម នៅពេល​ញ៉ាំ​តែ​។ តែ​អាច​ញ៉ាំ​ក្តៅ​ក៏បាន ត្រជាក់​ក៏បាន ហើយ​បើ​ចង់ឱ្យ​ផ្អែម គួរ​ដាក់​ទឹក​ផ្លែឈើ​ថែម​ពីលើ​វិញ​។ បើ​ដាក់​ថែម​ខ្ញី​ឬ​ម៉​ង់​តុល រឹតតែ​ល្អ ព្រោះ​វា​ជួយ​ធ្វើឱ្យ​លក្ខណៈ​របស់​អង់​ទី​អុក​ស៊ិដ​ង់​កាន់តែ​ប្រសើរឡើង​។​

​ចំពោះ​ការរារាំង​ការ​ស្រូប​បឺត​យកជាតិ​ដែក បើសិនជា​អ្នក​មិន​តម​សាច់​ទេ វា​មិនជា​អ្វី​ទេ​។ អ្នក​អាច​ទទួល​ជាតិ​ដែក​ពីសា​ច់ មាន់​ទា និង​ត្រី​បានដែរ​។ តែបើ​អ្នក​មិន​ញ៉ាំ​សាច់​ទេ អ្នក​ត្រូវ​ញ៉ាំ​រុក្ខជាតិ​ដែលមាន​ជាតិ​ដែក​ជាមួយនឹង​ប្រភព​វីតាមីន​សេ​ណាមួយ ដូចជា​ម្ទេស ប្រូ​កូ​លី ផ្កា​ស្ពៃ និង​ស្ត្រ​បេ​រី​ជាដើម​។​

​កាហ្វេ​
​ផល​ល្អ​៖ ព័ត៌មាន​ល្អ​អំពី​កាហ្វេ​ចេះតែមាន​មកហើយ​។ ការសិក្សា​ថ្មីៗ​មួយ​របស់​សាកលវិទ្យាល័យ​ហាដ​វ័តបាន​ប្រាប់​ឱ្យដឹងថា អ្នក​ដែល​ញ៉ាំ​កាហ្វេ​ពី​៣​ទៅ​៥​ពែង​ក្នុង​១​ថ្ងៃៗ មាន​អាយុ​វែង​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ឬ​ញ៉ាំ​តិចតួច​។ កាហ្វេ​ក៏​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ហើយ​ការពារ​មិនឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​Parkinson’s និង​ជំងឺមហារីក​ខ្លះ​ផងដែរ​។​

​ផល​អាក្រក់​៖ កាក​កាហ្វេ​ដែល​មិនបាន​ច្រោះ​ចេញ (​មាននៅ​ក្នុង​កាហ្វេ​ដែល​ឆុង​ទឹក​ក្តៅ​ភ្លាមៗ និង​កាហ្វេ espresso) ធ្វើឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​កើនឡើង​បន្តិច​ម្តងៗ​។ ម្យ៉ាងទៀត កាហ្វេ​មាន​អាស៊ីត​ច្រើនជាង​តែ ដូច្នេះ​បើ​មាន​ជំងឺ​ក្រពះ គួរតែ​ញ៉ាំ​តែ​វិញ​ល្អ​ជាង​។ ចំណុច​មួយទៀត គឺ​កាហ្វេ​ធ្វើឱ្យ​ដង់ស៊ីតេ​ឆ្អឹង​ថយចុះ ថ្វីបើ​មិនមាន​ការបញ្ជា​ក់ថា​ធ្វើឱ្យ​ឆ្អឹង​ងាយ​បាក់​យ៉ាងណាក្តី​។​

​ផល​អាក្រក់​ចុងក្រោយ​របស់​កាហ្វេ​គឺជា​តិ​កាហ្វេ​អ៊ី​ន ដែលមាន​ច្រើនជាង​នៅក្នុង​តែ​។ ជាតិ​កាហ្វេ​អ៊ី​ន​នេះ​គឺជា​កត្តា​ភ្ញោ​ចមួយ ដែល​អាច​បង្ក​ជំងឺសរសៃប្រសាទ​បាន​។ ហើយ​បើសិនជា​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់​ស្រាប់ អ្នក​ត្រូវតែ​កាត់បន្ថយ​កាហ្វេ​ហើយ ព្រោះ​វា​ងាយ​នឹង​ធ្វើឱ្យ​ឡើង​ឈាម​ណាស់​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com