ជាតិ
តើ​អ្វី​ជាស​តិ ហើយ​អ្វី​ជា​សម្បជញ្ញៈ​?
09, May 2017 , 2:00 am        
រូបភាព
​ក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ ជា​ញឹកញាប់​យើង​តែង​ភ្ជាប់ពាក្យ សតិ និង​សម្បជញ្ញៈ (​សតិសម្បជញ្ញៈ​) ជាមួយគ្នា ហើយ​យើង​ក៏​គិតថា​ពាក្យ​ទាំងពីរ​នេះ គឺជា​ពាក្យ​តែមួយ ថែមទាំង​យល់ថា​ពាក្យ​ទាំងពីរ​នេះ​មានន័យ​តែមួយ​ទៀតផង​។ ការពិត យើង​អាច​ប្រើពាក្យ​ទាំងពីរ​នេះ ជាមួយគ្នា ទៅជា​ពាក្យ​តែមួយ​បាន (​សតិសម្បជញ្ញៈ​) តែ​ពាក្យ​ទាំងពីរ​នេះ មិនមែនជា​ពាក្យ​តែមួយ​ទេ ហើយក៏​មិនមែន​មានន័យ​តែមួយ​ដូចគ្នា​នោះដែរ ព្រោះ​ពាក្យ​ទាំងពីរ​នេះ គឺជា​ធម៌​ដែលមាន​សភាវៈ និល​ក្ខ​ណៈ ផ្សេង​ពីគ្នា​។ ដូច្នេះ តើ​សតិ និង​សម្បជញ្ញៈ មានន័យ​ដូចម្តេច ហើយ​មាន​លក្ខណៈ​ផ្សេងគ្នា​ដូចម្តេច ?



​សតិ មានន័យថា ការ​ភ្ញាក់រឭក ឬ​ការនឹកឃើញ ឬក៏​ជាការ​ដឹងខ្លួន​។ តើ​ការ​ភ្ញាក់រឭក សំដៅ​ដល់​ការ​ភ្ញាក់រឭក​នូវ​អ្វី​? ការនឹកឃើញ សំដៅ​ដល់​ការនឹកឃើញ​នូវ​អ្វី​? ការដឹង​ខ្លួន សំដៅ​ដល់​ការដឹង​ខ្លួន​យ៉ាងដូចម្តេច​?

-​ការ​ភ្ញាក់រឭក គឺ​មានន័យថា អ្នក​កំពុងតែ​ផ្ចង់​សតិ និង​ការគិត​របស់​អ្នក ទៅលើ​អ្វីដែល​អ្នក​កំពុង​ធ្វើ និង​អ្វីដែល​អ្នក​អាច​នឹងធ្វើ​នៅពេល​ខាងមុខ ប្រៀបដូចជា​ស្រមោល​របស់​អ្នក ដែល​តែងតែមាន​រូបភាព ដូច​ទៅនឹង​អី្វ​ដែល​ខ្លួន​អ្នកមាន​ចលនា ឬ​មាន​សកម្មភាព​។ ដូច្នេះ​ការ​ភ្ញាក់រឭក គឺជា​ការ​ផ្តោតអារម្មណ៍​ជាប់​ជានិច្ច​ចំពោះ​អ្វីដែល​អ្នក​កំពុងតែ​ធ្វើ ។

-​ការនឹកឃើញ គឺ​សំដៅ​ដល់​អ្វីដែល​អ្នក​គួរ​រឭក ឬ​គិត​ទៅដល់ ដូចជា​អនុស្សាវរីយ មនុស្ស​ជាទី​ស្រឡាញ់ ឧបការគុណ​ដ៏​ធំធេង​របស់​បុគ្គល​ណាមួយ ដែល​ធ្លាប់មាន​ចំពោះ​អ្នក​។ តួយ៉ាង​ដូចជា​ពេលខ្លះ អ្នក​ស្រាប់តែ​នឹកឃើញ​ដល់​គុណ​ឪពុកម្តាយ ដែល​បានធ្វើ​មកលើ​អ្នក ហើយ​អ្នក​ក៏​កើត​ស​ទ្ឋា​ជ្រះថ្លា ចង់​តបស្នង​សងគុណ​លោក​ទាំងពីរ​វិញ​។ យ៉ាងនេះ ក៏​ឈ្មោះថា ជា​អ្នកមាន​សតិ​ដែរ​។​

-​ការដឹង​ខ្លួន គឺ​សំដៅ​ដល់​ការដឹង​ខ្លួនឯង ជាមួយនឹង​ការគិត​ពិចារណា​ប្រកបដោយ​សម្មាទិដ្ឋិ ថា​អ្វី​គួរ​ធ្វើ (​ដូចជា​អំពើ​បុណ្យ​) និង​អ្វី​មិនគួរ​ធ្វើ (​ដូចជា​អំពើ​បាប​) គ្រប់​កាលៈទេសៈ​ដោយ​មិន​ភ្លេចខ្លួន​។ ដូចជា​ការធ្វើ​ទុក​ក្នុង​ចិត្ត​ថា ឱន៎​! ជីវិត​អាត្មាអញ​ខ្លី​ណាស់ ហើយ​មិន​ទៀង​ទៀត ដូច្នេះ​អាត្មាអញ គួរ​ធ្វើអំពើ​ទាំងឡាយណា​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ជីវិត បច្ចុប្បន្ន និង​បរលោក ហើយ​បោះបង់ចោល​នូវ​អ្វី​ដែលជា​ធម៌​នាំមក​នូវ​សេចក្តី​វិនាស​អន្តរាយ​។ យ៉ាងនេះ​ក៏​ឈ្មោះថា ជា​អ្នកមាន​សតិ​ដែរ​។​

​ចំណែកឯ សម្បជញ្ញៈ គឺជា​សភាវៈ​ដែល​កើត​ក្រោយ​សតិ​។ មានន័យថា សម្បជញ្ញៈ​មិនអាច​កើតឡើង​មុន​សតិ​បានទេ ទល់​តែ​សតិ​កើតមុន​សិន ទើប​សម្បជញ្ញៈ​កើត​តាម​ក្រោយ ហើយ​សម្បជញ្ញៈ ជាស​ភាវៈ​ឃ្លាំមើល​សតិ មិន​ឲ្យ​រលត់ទៅវិញ​។​

​ធម៌​ទាំងពីរ​ប្រការនេះ (​សតិ និង​សម្បជញ្ញៈ​) គឺ​ប្រៀបដូចជា​បុរស​ដើរ​ពីក្រោយ​ក្របី​។ ក្របី (​សតិ​) ដែល​កំពុង​ដើរ​លើផ្លូវ​តម្រង់​ទៅផ្ទះ មាន​សភាវគតិ​របស់​វា​ថា វា​កំពុងតែ​ដើរទៅ​ផ្ទះ​តាម​ទម្លាប់​ដូច​រាល់ដង ហើយ​បុរស​ជា​ម្ចាស់ (​សម្បជញ្ញៈ​) ដើរ​ពីក្រោយ​ក្របី​នោះ ដោយ​ឃ្លាំមើល​ជាប់​ជានិច្ច មិន​ឲ្យ​ក្របី​ដើរ​ខុសផ្លូវ ឬ​ងាក​ទៅ​ស៊ី​ស្រូវ​ក្នុង​ស្រែ​អ្នកដទៃ​។ ដោយ​ឧបមា​ម្យ៉ាងទៀត សតិ ប្រៀបដូចជា​កងទ័ព ឯ​សម្បជញ្ញៈ ប្រៀបដូចជា មេទ័ព​។ កងទ័ព (​សតិ​) ត្រូវ​ដឹង​តួនាទី​របស់ខ្លួន​ថា ត្រូវ​ឈរ​ក្នុង​ជូរ​ឲ្យ​បាន​ត្រឹមត្រូវ មិន​ប្រព្រឹត្ត​អ្វី​ឲ្យ​ច្របូកច្របល់​ក្នុង​ជូរ​កងទ័ព តែ​ទោះបីជា​ពួកកងទ័ព​មាន​វិន័យ និង​ដឹង​តួនាទី​យ៉ាងណាក៏ដោយ មេទ័ព (​សម្បជញ្ញៈ​) ត្រូវតែ​ឈរ​ពីក្រោយ​ជូរ​កងទ័ព​ទាំងនោះ ដោយ​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន និង​ចាំ​ដាស់តឿន​ជានិច្ច ក្រែងលោ​កងទ័ព​ណាមួយ ដើរ​ខុស​ជូរ ឬ​ចេញពី​ជូរ​។​

​ឬ​ដោយ​ការប្រៀបធៀប​មួយបែប​ទៀតថា សតិ គឺជា​ការ​ភ្ញាក់​ពី​គេង ហើយ​សម្បជញ្ញៈ គឺជា​ការតាំង​ចិត្ត​រប​ស់​អ្នក​មិន​ឲ្យ​គេង​ទៅវិញ​ដោយ​ការតាំង​អារម្មណ៍​ថា អាត្មាអញ នឹងមិន​គេង​ទៅវិញ​ទេ អាត្មាអញ​ដឹងខ្លួន​ហើយ ដូច្នេះ​គួរតែ​ងើប​ទៅធ្វើ​អ្វីដែល​គួរ​ធ្វើ ដែល​អាច​នាំ​ប្រយោជន៍​ដល់​ជីវិត​ទើប​ប្រសើរ​។​

 ជារួម​មក សតិសម្បជញ្ញៈ គឺជា​ការ​ភ្ញាក់រឭក និង​ការដឹង​ខ្លួន​ពី​បាបធម៌ ត្រឡប់មក​សាង​កុសលធម៌​វិញ ហើយ​ព្យាយាម​តាំងចិត្ត​ឲ្យ​មាំ​ក្នុង​មាគ៌ា​កុសលធម៌​នោះ​ជាប់​ជានិច្ច មិន​ឲ្យ​ប្រែ​ក្រឡះ​ត្រឡប់​ទៅរក​មាគ៌ា​បាបធម៌​វិញ​៕


Tag:
 ​ព្រះធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com