ពីនេះ ពីនោះ
ទន្សោង ចូលចិត្ត​រស់នៅ​ជា​ហ្វូងៗ ឬ​ជាមួយ​គោព្រៃ ប្រើស ខ្ទីង​...!
25, May 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ ទន្សោង​ក្មេង​មាន​សម្បុរ​ក្រហម​ត្នោត​ស្រាល វា​ប្រែប្រួល​ទៅជា​ពណ៌​ក្រហម​ត្នោត​ប្រផេះ ឬ​ក្រហម​ត្នោត​ចាស់​នៅពេល​វា​ចំណាស់​បន្តិច​។ ជើង​ទាំង​បួន​ខាងក្រោម​ជង្គង់​មាន​ពណ៌​ស​ដូច​ខ្ទីង និង​គោព្រៃ​ដែរ ប៉ុន្តែ​វា​មាន​ចំនុច​មួយ​ដែល​ប្លែក​ពី​គេ​គឺ​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោយ​ត្រង់​កំពែង​គូទ​។ ស្នែងទន្សោង​មាន​រាង​មូល​ជាង​ស្នែង​ខ្ទីង មាន​ពណ៌​លឿង​ស្រគាំ​នៅ​ផ្នែក​ពាក់កណ្តាល​ចុះក្រោម ហើយ​ចុង​ស្នែង​ពណ៌​ខ្នៅ​។​


 
​ជីវសាស្ត្រ​៖ ទន្សោង​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​គម្ពោត​ជាដើម និង​ចូលចិត្ត​រកស៊ី​នៅតាម​មាត់​អូរ​។ វា​មិនសូវ​រស់នៅ​តំបន់​មាន​ទី​ជម្រាល​ទេ​។ វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូងៗ ឬ​នៅ​ជាមួយ​គោព្រៃ ប្រើស ខ្ទីង​ជាដើម​។ ទន្សោង​ចេញ​រកស៊ី​នៅពេល​ព្រលឹម និង​ពេញ​ព្រលប់​។ ជាធម្មតា​ទន្សោង​មេ​ចាស់​ជាងគេ តែងតែ​ជា​អ្នកដឹកនាំ​ហ្វូង​។ ទន្សោង​បន្ត​ពូជ​នៅ​ខែឧសភា​ដល់​មិថុនា និង​អាច​បង្កើតកូន​បាន ១-២​ក្បាល បន្ទាប់ពី​ពពោះ​រយៈពេល ១០​ខែ ហើយ​មេ​អាច​ដោយ​ឈ្មោល​ម្តងទៀត​ក្រោយពេល​កើតកូន​បាន​២​ខែ​។​
 
​រប៉ាយ​រស់នៅ​៖ វា​រស់នៅ​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង​មានដូចជា​តំបន់​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ វា​មាន​ផងដែរ​នៅ​ភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ​។ ទន្សោង​ជា​ប្រភេទ​មួយ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ការ​បរបាញ់​ខុសច្បាប់​ដើម្បី​យក​សាច់ និង​ស្នែង​។ បច្ចុប្បន្ន​ទន្សោង​មាន​ដោយ​កម្រ​នៅ​តំបន់​ភាគច្រើន​។ 

​ស្ថានភាព​អភិរក្ស​៖ ទន្សោង​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (EN) ថា​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​។ ប្រភេទ​នេះ​ទទួល​សម្ពាធ​ខ្លាំង​ពី​ការ​បរបាញ់ យក​ស្បែក សាច់ ស្នែង ឆ្អឹង ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​។ 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com