ជាតិ
សង្គមជាតិ
ព្រះពុទ្ធសាសនាមហាយាន និង ហីនយាន ខុសគ្នាដូចម្តេច?
× ដើមឡើយ ព្រះពុទ្ធសាសនា គ្មានការបែងចែកនិកាយនោះទេ។ ប៉ុន្តែ ក្រោយពីព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាន បានប្រមាណជា ២០០ ឆ្នាំ ព្រះពុទ្ធសាសនា ក៏បានបែកខ្ញែក ជាពីរនិកាយធំៗគឺ និកាយមហាយាន និងនិកាយហីនយាន។ មហាយាន អាចហៅម្យ៉ាងទៀតថា អាចរិយវាទ ព្រោះអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន ជឿតាមពាក្យប្រៀនប្រដៅរបស់គ្រូអាចា្យ ហើយ ហីនយាន អាចហៅមួយបែបទៀតថា ថេរវាទ ព្រោះបរិស័ទ ដើរតាមគន្លងព្រះពុទ្ធឱវាទ តាមរយៈព្រះត្រៃបិដក និងការអប់រំរបស់ព្រះថេរៈគ្រប់អង្គ។
ការបែងចែកនិកាយក្នុងព្រះពុទ្ធសាសនា មានមូលហេតុជាច្រើន បុន្តែមូលហេតុដ៏ចម្បងមួយគឺ ការមិនចុះសម្រុងគ្នារវាងព្រះសង្ឃនិងព្រះសង្ឃ ជុំវិញការយល់ឃើញនូវព្រះពុទ្ធដីកា។ បន្ទាប់ពីព្រះពុទ្ធអង្គ ទ្រង់រលត់សង្ខារទៅ សាវ័កទាំងឡាយ ចាប់ផ្តើមប្រទាំងប្រទូសគ្នា អំពីព្រះពុទ្ធឱវាទ និងការប្រតិបត្តិ ជាបន្តបន្ទាប់។
ព្រះសង្ឃខ្លះថា ព្រះធម៌នេះត្រឹមត្រូវ ព្រះធម៌នោះមិនត្រឹមត្រូវទេ ហើយព្រះសង្ឃខ្លះទៀតថា ការប្រតិបត្តិបែបនេះ ទើបត្រឹមត្រូវ ការប្រតិបត្តិបែបននោះមិនត្រឹមត្រូវឡើយ។ ដោយសារតែ ការមិនឯកភាពគ្នាត្រង់ចំណុចនេះហើយ ទើបព្រះពុទ្ធសាសនា បានពុះបំបែកជាពីរនិកាយ ពោលគឺ និកាយមហាយាននិងនិកាយហីនយាន រហូតមកដល់បច្ចុប្បន្ន នេះឯង។
តើព្រះពុទ្ធសាសនា ខាងមហាយាននិងហីនយានមានលក្ខណៈផ្សេងពីគ្នាយ៉ាងដូចម្តេច?
មហាយាន មានន័យថា យានធំឬរទេះធំ។ យានធំឬរទេះធំ ក្នុងទីនេះ ចង់សំដៅថា យានដែលអាចផ្ទុកសត្វលោកបានច្រើន ក្នុងការឆ្ពោះទៅកាន់បរមសុខ ពោលគឺព្រះនិព្វាន។ អ្នកកាន់ព្រះពុទ្ធសាសនាមហាយាន យល់ថា ព្រះធម៌វិន័យនៃព្រះសម្មាសម្ពុទ្ធ មានលក្ខណៈធូរលុង និងងាយស្រួលប្រណិប័តន៍ ដែលអាចធ្វើឲ្យពួកគេបានសម្រេចធម៌យ៉ាងឆាប់រហ័ស។
មហាយាន ប្រតិបត្តិតាមឱវាទរបស់គ្រូអាចារ្យ ដែលបានពោលទុកមកតៗគ្នា ដែលហៅថា លទ្ធិអាចរិយវាទ។ លើសពីនេះទៀតនោះ មហាយានជឿថា មានព្រះពោធិសត្វធំៗ ឬមហាសត្វជាច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយកំពុងស្ថិតនៅក្នុងលោកនេះ ចាំជួយសង្គ្រោះសត្វលោក ដូចជា ព្រះសិអារ្យមេត្រី ព្រះលោកេស្វរៈ ព្រះមញ្ឆុស្រី ជាដើម។ អ្នកគួរកត់សម្គាល់ថា ព្រះសង្ឃខាងមហាយាន ស្លៀកខោនិងពាក់អាវ ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាមហាយាន មានដូជា ចិន វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី ជាដើម។
ចំណែកឯ ហីនយាន បានន័យថា យានតូចឬរទេះតូច។ អត្ថន័យនេះ ចង់សំដៅថា យាន ដែលអាចផ្ទុកសត្វលោកបានតិច ក្នុងការឆ្ពោះទៅកាន់ព្រះនិព្វាន ជាស្ថានផុតទុក្ខទាំងពួង។ ហេតុផលដែលថា ហីនយាន អាចនាំសត្វលោក ទៅកាន់ព្រះនិព្វានបានតិច ព្រោះមូលដ្ឋានគ្រឹះនៃលទ្ធិនេះ គឺដើរតាមគន្លងគម្ពីរព្រះត្រៃបិដក ដែលមានវិន័យតឹងរឹង ហើយការប្រតិបត្តិក៏តឹងតែង ដែលសត្វលោកមិនងាយធ្វើបាន។
អ្នកគួរចាប់អារម្មណ៍ថា ព្រះសង្ឃខាងហីនយាន ស្លៀកស្បង់និងគ្រងចីវរ ហើយប្រទេសដែលប្រកាន់យកលទ្ធិហីនយាន មានដូចជា កម្ពុជា ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ថៃ ជាដើម។ អ្នកកាន់ពុទ្ធសាសនាហីនយាន ប្រកាន់ភ្ជាប់ថា មានតែព្រះពុទ្ធបរមគ្រូទេ ដែលបានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ហើយពួកគេគោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រះអង្គ។
ព្រះពុទ្ធសាសនា មិនត្រឹមតែត្រូវបានបំបែកជាពីរនិកាយខាងលើទេ តែថែមទាំងត្រូវបានបែងចែកជានិកាយតូចៗ បន្តទៀត នៅពេលដែលហូរចូលប្រទេសផ្សេងៗក្នុងលោក។ ជាពិសេសជាងនេះទៅទៀត ព្រះពុទ្ធសាសនា បានប្រែប្រួលទៅតាមវប្បធម៌ ប្រពៃណី នៃជាតិសាសន៍នីមួយៗ តួយ៉ាងដូចជា អ្នកកាន់ពុទ្ធសាសនា ក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម។ ប្រទេសទាំងនេះសុទ្ធតែ កាន់ព្រះពុទ្ធសាសនាបែបហីនយាន តែការប្រតិបត្តិ នៅតែមានលក្ខណៈផ្សេងៗពីគ្នា។ ដូច្នេះហើយបានជាអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា តែងពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជាទឹក ព្រោះដល់ទីណា ក៏អាចបត់បែនបានដែរ ដោយអាស្រ័យតាមទីតាំង និងស្ថានភាព នៃកន្លែងនោះ។
បើទោះបីជាព្រះពុទ្ធសាសនា បានបែងចែកជាលទ្ធិផ្សេងៗគ្នាក៏ពិតមែន តែអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប តែប្រកាន់ភ្ជាប់ថា ព្រះពុទ្ធសាសនា មានគោលដៅតែមួយ គឺការរុញច្រានសត្វលោកទាំងពួង ឲ្យប្រាសចាកពីវាលវដ្តសង្សារ ហើយឈានទៅកាន់ស្ថានបរមសុខ គឺព្រះនិព្វាន៕
Tag:
ព្រះពុទ្ធសាសនា
សាសនា
មហាយាន
ហីនយាន
© រក្សាសិទ្ធិដោយ thmeythmey.com