បទវិភាគ
ចូលឆ្នាំ​ចិន​ក៏​ចាយ ឆ្នាំ​ខ្មែរ​ក៏​ចាយ ឆ្នាំ​បារាំង​ក៏​ចាយ​…
29, Jan 2017 , 9:19 am        
រូបភាព
ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​មួយចំនួន​ចំណាយ​ថវិកា​របស់ខ្លួន​ច្រើនណាស់​ក្នុង​មួយឆ្នាំៗ​ដោយសារតែ​ពួកគេ​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​ស្ទើ​តែ​ទាំងអស់​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ខ្មែរ បារាំង អាមេរិកាំង​…​។



ពិធីបុណ្យ​ប្រចាំឆ្នាំ​ធំៗ​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ​មានដូចជា​៖ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​អំ​ទូក ពិធីបុណ្យ​ចូលឆ្នាំ​សកល ពិធីបុណ្យ​ណូអែល ពិធីបុណ្យ​នៃ​ក្តី​ស្រឡាញ់ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​។​ល​។​ទាំងអស់នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ពិធីបុណ្យ​មួយចំនួន​ទៀតផង​។ ប្រសិនបើ​គេ​រៀបរាប់​ត្រួសៗ​គេ​ពិតជា​អាច​និយាយបានថា
ប្រទេស​កម្ពុ​ជាមាន​ពិធីបុណ្យ​ច្រើន​គួរសម​ទាំង​ពិធីបុណ្យ​ផ្លូវការ និង​មិន​ផ្លូវការ​។​

​តើ​ការអបអរសាទរ​ពិធីបុណ្យ​ច្រើនយ៉ាង​ដូច្នេះ​វា​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​យ៉ាងដូចម្តេចខ្លះ​?
​ការ​ប្រារព្ធ​ពិធីបុណ្យ​ច្រើន​ពិតជា​មានគុណ​សម្បត្តិរ​ប​ស់វា​។ គុណសម្បត្តិ​ចម្បង​របស់​វា គឺ​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍​សប្បាយចិត្ត​ធូ​ស្រាល​អារម្មណ៍​និង​មិនសូវ​មួម៉ៅ​។​ល​។ ម្យ៉ាងវិញទៀត ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់តែច្រើន គឺជា​ការបើក​ឧិ​កាស​អោយ​អ្នករកស៊ី​មួយចំនួន​ឆ្លៀត​យក​ពិធី​ទាំងនេះ​ដើម្បី​ធ្វើ​អាជីវកម្ម​របស់ខ្លួន​។ ពាណិជ្ជករ​មួយចំនួន ជាការ​ពិត ត្រូវបាន​គេ​ស្តីបន្ទោស​ថា បាន​រូ​ម​ចំណែក​ជំរុញ​ឬ​លើកទឹកចិត្ត​អោយ​យុវជន​ខ្មែរ​យ៉ាងច្រើន​អបអរសាទ​ពិធីបុណ្យ​មួយចំនួន​ដែល​មិនមែនជា​របស់​ខ្មែរ ដូចជា​៖ ពិធីបុណ្យ​សង្សារ ពិធីបុណ្យ​ណូអែល ឬ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ពិធីបុណ្យ​មួយចំនួន​ផ្សេងទៀត​។​

ពាណិជ្ជករ​ទាំងនេះ​បាន​បំប៉ោង​ព្រឹត្តិការណ៍​ទាំងនេះ​ដើម្បី​ទាក់ទាញ​អតិថិជន​អោយ​ឯា​កមក​ចាប់អារម្មណ៍​លើ​ផលិតផល​របស់​ពួកគេ​។ សរុបសេចក្តី​មក កាលណា មាន​ព្រឹត្តិ​បុណ្យ​ផ្លូវការ​ឬ​មិន​ផ្លូវការ​កាន់តែច្រើន ពាណិជ្ជករ​មួយចំនួន​ទទួលបាន​ផលចំណេញ​ពី​ឱកាស​នេះ​។​

បើទោះបីជា​ពិធីបុណ្យ​ច្រើន​បានផ្តល់​ផល​ដល់​មនុស្ស​មួយចំនួន​ក៏ដោយ​ក៏​អ្នកខ្លះ​បាន​និយាយថា ការ​ប្រារព្ធ​ពិធីបុណ្យ​ច្រើនពេក​ជាពិសេស​ពិធីបុណ្យ​ដែល​មិនមែនជា​ពិធីបុណ្យ​របស់​ជាតិ​និង​មិនមែនជា​ពិធីបុណ្យ​សាសនា​របស់​ប្រទេស​នោះ​វា​ជំ​រុញអោយ​គ្រួសារ​នីមួយៗ​បង្កើន​ចំណាយ​កាន់តែច្រើន​។​

គ្រួសារ​ខ្លះ​បាន​រអ៊ូរទាំ​ថា បុណ្យ​ណូអែល​ចប់​ចូលឆ្នាំ​សកល​មកដល់​។ ចូលឆ្នាំ​សកល​ចប់ ស្រាប់តែ​បុណ្យចូលឆ្នាំ​ចិន​មកដល់​។ ចូលឆ្នាំ​ចិន​ចប់​ចូលឆ្នាំ​ខ្មែរ​នឹង​ឈាន​មកដល់​។ រៀងរាល់​ការ​ប្រារព្ធ​ពិធីបុណ្យ​នីមួយៗ​គ្រួសារ​ទាំងឡាយ​សុទ្ធតែ​ចំណាយ​ប្រាក់កាស​ទាំងអស់​។ ជា​ឧទាហរណ៍​គ្រាន់តែ​ចូលឆ្នាំ​ចិន​មួយ​គ្រួសារ​នីមួយៗ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងតិច​ក្នុង​ចន្លោះ​ពី​១០០​ទៅ​៥០០​ដុល្លា​អាមេរិក​។ ចំពោះ​គ្រួសារ​អ្នកមាន​ធនធាន ពួកគេ​អាច​ចំណាយ​រហូតដល់​រាប់ពាន់​ដុល្លា​អាមេរិក​។ អ្នកតាមដាន​សភាពការណ៍​សង្គម​បាន​និយាយថា ការចំណាយ​ប្រាក់​ទៅលើ​ពិធីបុណ្យ​ផ្លូវការ​របស់​ជាតិ​ឬ​ពិធីបុណ្យ​សាសន៍​របស់​ជាតិ​វា​មិនជា​អ្វី​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​គេ​ចំណាយ​ថវិកា​ដើម្បី​អបអរសាទ​ពិធីបុណ្យ​ដែល​មិនមែនជា​របស់​ខ្មែរ​ច្រើន​នោះ គេ​ប្រាកដជា​ខាតបង់​ទ្វេដង​។ ការខាតបង់​ទីមួយ​៖ គឺ​ការខាតបង់​ប្រាក់កាសរ​បស់​គ្រួសារ​នីមួយៗ​និង​ការខាតបង់​ទី​ពីរ​៖ គឺ​ពួកគេ​បាននិងកំពុង​ជំរុញ​វប្បធម៌​បរទេស​អោយមក​គ្របដណ្តប់​នៅលើ​វប្បធម៌​របស់​ខ្មែរ​កាន់តែខ្លាំង​ឡើងៗ​។​

ការ​ប្រារព្ធ​ពិធីបុណ្យ​ច្រើនពេក​វា​មិនមែន​ប៉ះពាល់​តែ​លើ​ការចំណាយ​របស់​គ្រួសារ​នីមួយៗ​នោះទេ ប៉ុន្តែ​ពិធីបុណ្យ​ច្រើនពេក​ជាពិសេស​ពិធីបុណ្យ ដែល​មិនមែន​ផ្លូវការ​នោះ វា​បានធ្វើអោយ​ប៉ះពាល់​ដល់​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

សហគ្រិន​ខ្លះ​បាន​ត្អូញត្អែ​ថា បុគ្គលិក​របស់​ពួកគេ​សុំច្បាប់​ឈប់​ច្រើន​ថ្ងៃ​ណាស់​ក្នុង​មួយឆ្នាំៗ​ដោយសារតែ​ពិធីបុណ្យ​មាន​ចំនួន​ច្រើនពេក ទាំង​ថ្ងៃបុណ្យ​ផ្លូ​ល​ការ និង​ថ្ងៃបុណ្យ​មិន​ផ្លូវការ​។ ការឈប់​ញឹកញាប់​ពេក​អនុញ្ញាត​ឲ្យ​ន​យោ​ជិត​សប្បាយចិត្ត​មែន​។ តែ​និយោជក​វិញ ពួកគេ​ត្រូវ​ខាតបង់​ច្រើន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវបាន​គេ​រិះគន់ថា គឺជា​ប្រទេសមួយ​ដែលមាន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ច្រើន​គួរសម​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក​។ ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​របស់​រដ្ឋ​មាន​រហូតដល់​ទៅជា​ង​២០​ថ្ងៃ​ក្នុង​មួយឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com