បទយកការណ៍ / បទសម្ភាសន៍
កសិករដាំត្រកួន-កញ្ឆែតក្នុងបឹងទំពុន ប្រើថ្នាំពុលគីមីក្នុង១ខែមិនក្រោម ៣០០ដុល្លារឡើយ
× ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ បឹងទំពុនក្នុងរាជធានីភ្នំពេញ គឺជាប្រភពនៃការចែកចាយត្រកួន និងកញ្ឆែត ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងទៅតាមបណ្តាខេត្តជុំវិញរាជធានី។ ប៉ុន្តែ វាក៏មានរយៈពេលច្រើនមកហើយដូចគ្នាដែរ ដែលពលរដ្ឋខ្មែរជាច្រើន បានបរិភោគត្រកួន និងកញ្ឆែត ដែលអ្នកដាំភាគច្រើនបានសារភាពថា ពួកគេបានប្រើថ្នាំគីមីនោះ។ កសិករខ្លះបានចំណាយថវិកាប្រមាណ៣០០ដុល្លារឯណោះ ទៅលើថ្នាំពុលគីមីដើម្បីដាំត្រកួន។ តើហេតុអ្វីកសិករដាំត្រកួន និងកញ្ឆែតនៅបឹងទំពុនត្រូវប្រើថ្នាំគីមី? ហើយការប្រើថ្នាំគីមី ធ្វើឲ្យពួកគាត់ចំណេញបានប៉ុន្មាន? និងថា តើពួកគាត់មានជម្រើសមិនប្រើថ្នាំគីមីដែរឬទេ?
ក្នុងបឹងធម្មជាតិ «បឹងទំពុន» ដែលទឹកមានជីវជាតិអំណោយផលដល់ការដាំត្រកួន និងកញ្ឆែត គេអាចមិនគិតដល់ថា ការដាំបន្លែនៅទីនោះប្រើប្រាស់ថ្នាំគីមីនោះទេ។ តាមការផ្តល់បទសម្ភាសន៍ កសិករនៅទីនោះ ត្រូវចំណាយលើថ្នាំគីមីជាច្រើនរយដុល្លារអាមេរិកក្នុងមួយខែៗ។ កសិករទាំងនេះ មានប្រសាសន៍ថា ពួកគាត់ប្រើប្រាស់ថ្នាំគីមី ដើម្បីថែរក្សាដំណាំឲ្យលូតលាស់ល្អ ការពារសត្វល្អិតស៊ី និងទទួលទិន្នផលខ្ពស់។ ក្រៅពីថ្លៃថ្នាំ កសិករទាំងនេះត្រូវបង់ថ្លៃឈ្នួលដីឲ្យទៅឯកជន ក្នុងមួយឆ្នាំៗរាប់រយដុល្លារ ដែលធ្វើឲ្យពួកគាត់មិនសូវចំណេញពីការដាំដុះនេះប៉ុន្មានទេ។
ក្នុងសម្លៀកបំពាក់សើម និងមានពាក់មួក អ្នកស្រី ជិន ផាត ទើបរួចដៃពីបេះត្រួកួនក្នុងបឹង ដែលនៅពីមុខផ្ទះអ្នកស្រីតែម្តង។ អ្នកស្រី ជិន ផាត មានវ័យ៣៦ឆ្នាំចាប់យករបរដាំត្រកួន កញ្ឆែតនៅទីនេះអស់រយៈពេល១០ឆ្នាំហើយ។ លើផ្ទៃដី១ហិកតា មានទាំងត្រកួន និងកញ្ឆែត អ្នកស្រីផាត បេះត្រកួនបាន៥០ដុំស្មើរ១០ម៉ឺរៀល និងកញ្ឆែត៧០គីឡូក្រាមប្រមាណ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកស្រី ប្រាប់ថា បេះញឹកឫមិនញឹកអាស្រ័យត្រកួន កញ្ឆែតលូតលាស់ច្រើន ឫតិច។ អ្នកស្រីបេះត្រកួន កញ្ឆែតរាល់៣ ឫ៤ថ្ងៃ ខាន១ថ្ងៃ រួចបន្តបេះនៅថ្ងៃបន្តបន្ទាប់ទៀត។ ឥតលាក់លៀម អ្នកស្រី ប្រាប់ថា អ្នកស្រីត្រូវចំណាយលើថ្នាំគីមីប្រហែល ៣០០ដុល្លារក្នុងមួយខែៗ។ ចំណាយច្រើន ព្រោះត្រូវបាញ់ថ្នាំរាល់បីថ្ងៃម្តង ដែលប្តី និងកូនប្រុសរបស់អ្នកស្រីជាអ្នកធ្វើ។
«បើអត់បាញ់ដង្កូវស៊ី រិចៗអស់។ អត់បាញ់រឹងដើម»។ នេះជាហេតុផលដែលអ្នកស្រី ជិន ផាត ដាំត្រកួនមានប្រើប្រាស់ថ្នាំគីមី។ តែទោះជាប្រើថ្នាំគីមី គ្រួសារអ្នកស្រីមិនខ្លាចនឹងបរិភោគវានោះទេ។ មិនខ្លាច ព្រោះអ្នកស្រីផាត បានយកត្រកួន កញ្ឆែតមកលាងទឹកអំបិលពីរ ឫបីទឹកសិន មុននឹងបរិភោគ។
រំលងផ្ទះពីគ្នាបន្តិច អ្នកស្រី ចាន់សាត វ័យ៤៤ឆ្នាំ កំពុងអង្គុយរាប់បាច់បន្លែភ្លៅកង្កែបជាមួយក្រុមគ្រួសារ។ អ្នកស្រី ចាន់សាត ដាំបន្លែក្នុងបឹងទំពុននេះអស់ពេល១២ឆ្នាំហើយ។ ដោយសារដាំត្រកួនក្នុងអំឡុងពេល៣ ឫ៤ខែមុនមិនសូវបានផល អ្នកស្រី ងាកមកដាំកញ្ឆែត និងភ្លៅកង្កែបវិញម្តង។ អ្នកស្រី ឲ្យដឹងថា កញ្ឆែតនិងភ្លៅកង្កែបលូតលាស់អាចបេះបាន ត្រូវការរយៈពេល១២ថ្ងៃ។ ក្នុងរយៈពេល១២ថ្ងៃ អ្នកស្រីបេះវា ៣ ឬ៤លើក ហើយអាចរកប្រាក់បានប្រមាណ១៣០ម៉ឺនរៀល។ និយាយពីប្រាក់លក់បាន អ្នកស្រីមិនភ្លេចពីរឿងចំណាយទៅវិញនោះទេ។ អ្នកស្រី រៀបរាប់ដូច្នេះថា៖«៣ថ្ងៃបាញ់ថ្នាំម្តង ដីជាង១ហិកតាទម្រាំបានបេះ ត្រូវប្រើថ្នាំអស់២០០ដុល្លារ»។ បើតាមអ្នកស្រី ចាន់សាត ការបាញ់ថ្នាំ គឺដើម្បីការពារសត្វល្អិតស៊ី និងឲ្យដំណាំលូតលាស់ល្អ។ ក្រៅពីតម្លៃថ្នាំគីមី អ្នកស្រី ត្រូវចំណាយលើថ្លៃឈ្នួលដីជិតមួយហិកតា តម្លៃ៨០០ដុល្លារក្នុងមួយឆ្នាំ និងថ្លៃឈ្នួលគេបេះកញ្ឆែតជិត២០ម៉ឺនរៀលក្នុងរយៈពេល១២ថ្ងៃ។ អ្នកស្រី មានប្រសាសន៍ថា បើទឺកបឹងខ្មៅខ្លាំង ដំណាំត្រូវការពេលដល់១៥ថ្ងៃ ហើយទិន្នផលបានតិចជាង។
កសិករមួយរូបទៀត គឺលោក សុវណ្ណ វ័យ២៨ឆ្នាំកំពុងឈរពីមុខផ្ទះ ភ្នែកសំឡឹងមើលទៅផ្ទៃបឹង។ លោក សុវណ្ណ ទើបចាប់យករបរដាំកញ្ឆែតបានពីរឆ្នាំប៉ុណ្ណោះ។ ដាំកញ្ឆែតលើដី 0,៧ហិកតា លោក សុវណ្ណ មានប្រសាសន៍ថា ១៥ថ្ងៃទើបកាត់ម្តង។ លោក ប្រមូលផលកញ្ឆែតបានប្រមាណ ១តោនកន្លះពេលកាត់ម្តងៗ ហើយលក់បានប្រមាណ២លានរៀល។ តែលោកត្រូវចំណាយថ្លៃឈ្នួលគេកាត់កញ្ឆែតអស់ពី៣០ម៉ឺនទៅ៤០ម៉ឺនរៀល។ លោកបង់ថ្លៃឈ្នួលដីឲ្យទៅឯកជនចំនួន ២៥០ដុល្លារក្នុងមួយឆ្នាំ។ សួរថាមានប្រើថ្នាំទេ? លោក សុវណ្ណ មិនលាក់លៀម ដោយរូបលោកពិតជាប្រើថ្នាំគីមីមែន។ លោក និយាយយ៉ាងដូច្នេះថា៖«តាមយើងចេះប្រើថ្នាំ បើយើងស្គាល់មុខថ្នាំបាញ់បានល្អ។ បាញ់ឲ្យចេញកូន(កញ្ឆែត) ច្រើន។ បើយើងចេះបាញ់ កញ្ឆែតឆាប់លូតលាស់ ហើយមានពោងសរៗ»។ លោក បន្តថា៖« បាញ់អ៊ីចឹងទៅដង្កូវអត់ស៊ី។ បើវាប្រែប្រួលយ៉ាងម៉េច យើងប្តូរថ្នាំវិញ»។ លោក បញ្ជាក់ថា មុននឹងកាត់ ត្រូវបាញ់ថ្នាំ៤ដង ហើយចំណាយសរុបអស់ ៣រយដុល្លារ។លោក សុវណ្ណ ឲ្យដឹងថា កន្លងមក មិនដែលមានខាងមន្ត្រីកសិកម្មណាម្នាក់ មកណែនាំពីការដាំដុះដល់រូបលោកឡើយ។
ទាក់ទិននឹងការដាំត្រកួន កញ្ឆែតមានប្រើប្រាស់ថ្នាំគីមី អ្នកជំនាញកសិកម្មលោក យ៉ង សាំងកុមារ ណែនាំដល់កសិករឲ្យប្រើជីកំប៉ុស្ត និងថ្នាំធម្មជាតិ ដែលផ្សំពីលាមកសត្វ និងស្លឹករុក្ខជាតិជំនួសវិញ។ លោកមានប្រសាសន៍ថា ការធ្វើជីកំប៉ុស្ត និងថ្នាំធម្មជាតិត្រូវហត់នឿយបន្តិច តែវាមានប្រសិទ្ធភាពអាចធ្វើឲ្យត្រកួន កញ្ឆែតលូតលាស់ល្អ និងការពារដង្កូវស៊ីទៀតផង។ លោក អះអាងថា កសិករប្រើប្រាស់ជីកំប៉ុស្ត និងថ្នាំធម្មជាតិ នោះមិនចាំបាច់ត្រូវចំណាយលើថ្លៃថ្នាំគីមី និងដើម្បីសុខភាពអ្នកបរិភោគទៀតផង។
គួររម្លឹកផងដែរថា បើតាមការអះអាងរបស់អ្នកដាំត្រកួនមួយចំនួនទៀត នៅក្នុងតំបន់បឹងទំពុនដូចគ្នា មានកសិករមួយចំនួនបានស្លាប់ដោយសារតែឥទ្ធិពលនៃថ្នាំពុលគីមីដែលពួកគេប្រើសម្រាប់បាញ់លើដំណាំត្រកួន និងកញ្ឆែតទាំងនេះ។ ហើយពួកគេក៏បានសារភាពដែរថា ពួកគេមិនហ៊ានបរិភោគត្រកួនដែលពួកគេដាំ និងបាញ់ថ្នាំដោយផ្ទាល់ដៃនេះឡើយ៕
Tag:
ត្រកួន
សេដ្ឋកិច្ច
បឹងទំពុន
© រក្សាសិទ្ធិដោយ thmeythmey.com