បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
អ្នក​ប្រាជ្ញ​​ចាប៉ី ប្រាជ្ញ ឈួន សល់​តែ​សំឡេង​ទុក​ឲ្យ​ខ្មែរ តែ​គ្មានអ្វី​សល់​ដល់​កូន​
17, Nov 2018 , 10:08 am        
រូបភាព
លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានរស់នៅ​ជីវិតចុងក្រោយ​ក្នុង​ទឹកដី​កំណើត​របស់ខ្លួន ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ អាជីព​ជា​អ្នក​ចាប៉ី​ប្រមាណ៧០ឆ្នាំមកនេះ លោក ប្រាជ្ញ ឈួន ដែល​កើត​នៅ​ឆ្នាំ ១៩៣៦ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​ចាប៉ី​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្តាប់​។ កិត្តិសព្ទ​របស់​អ្នកប្រាជ្ញ​ផ្នែក​ចាប៉ីដងវែង​រូបនេះ មិន​ត្រឹមតែ​ល្បី​ខ្ទរខ្ទារ​នៅក្នុង​ពិភព​អ្នក​ចាប៉ីដងវែង​ដូចគ្នា​ឡើយ តែ​ក្នុង​ស្រទាប់​ប្រជាជន​ខ្មែរ​ស្ទើរ​ទូទៅ ក៏​ស្គាល់ឈ្មោះ​លោក ប្រាជ្ញ ឈួន ថា​ជា​អ្នក​ចាប៉ី​ដ៏​អស្ចារ្យ​នៅ​កម្ពុជា​។ ជីវិត​អ្នក​ចាប៉ី​រូបនេះ សល់​តែ​កិត្តិសព្ទ និង​ស្នាដៃ​សម្រាប់​កូន​ខ្មែរ តែ​គ្មាន​ទ្រព្យសម្បត្តិ​ជា​ដុំកំភួន​សល់​សម្រាប់​កូន​របស់លោក​នោះទេ​។​



​សូម​ទស្សនា​វីដេអូ និង​អាន​អត្ថបទ​ខាងក្រោម​៖

 
​ប្រជាជន​ខ្មែរ​ស្ទើរ​នៅ​ទូទាំង​នគរ ប្រាកដជា​បាន​ស្គាល់ឈ្មោះ ប្រាជ្ញ ឈួន អ្នក​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ម​ក​នេះ​។ អ្នក​ចាប៉ី​រូបនេះ ល្បី​តាំងពី​សម័យ​សង្គម​រាស្ត្រ និយម រហូតដល់​បច្ចុប្បន្ន បើទោះបីជា​ពេលនេះ លោក​ព្រឹទ្ធ​ភិរម្យ​ប្រាជ្ញ ឈួន ឈានដល់​វ័យ​ជរា ច្រៀង​ចាប៉ី​លែងកើត​ក្តី តែ​ខ្សែអាត់​សំឡេង​នៃ​ចម្រៀង​ចាប៉ី​របស់លោក​ដែល​អប់រំ កំដរ​អារម្មណ៍​ប្រជាជន​ខ្មែរ ត្រូវគេ​យកទៅ​ចាក់​តាម​ឧ​គ្ឃោ​សន​សព្ទ (​មេក្រូ​) នៅតាម​ទី​អារាម ឬ​នៅតាម​ពិធី​បុណ្យទាន​តាមបែប​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជំនាន់​ក្រោយ​នៅតែ​ស្គាល់ឈ្មោះ​អ្នក​ចាប៉ី​ប្រាជ្ញ ឈួន ជានិច្ច​។ ស្ថិតក្នុង​ដំណាក់កាល​នៃ​ជីវិតចុងក្រោយ អ្នក​ចាប៉ី​ខ្មែរ​រូបនេះ កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់ខ្លួន ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ទីកន្លែង​កំណើត​របស់លោក​អ្នកប្រាជ្ញ​ចាប៉ី មាន​ចម្ងាយ​ប្រមាណ ២០ កី​ឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្តតាកែវ​។ 
 
​ដើម្បី​មកដល់​លំនៅដ្ឋាន​របស់​លោកតា ប្រាជ្ញ ឈួន ខ្ញុំ​ព្រមទាំង​សហការី​នៃ​សារព័ត៌មាន​ថ្មីៗ ត្រូវធ្វើ​ដំណើរ​តាមរយៈ​រ៉ឺម៉ក កង់​បី ឬ​ហៅថា តុ​កៗ ចេញពី​ទី​រួម​ខេត្ត​ឆ្លងកាត់​ផ្លូវ​តាម​វាលស្រែ​ជាច្រើន​គីឡូម៉ែត្រ ហើយ​ដោយសារតែ​ពេលនោះ​ជា​រដូវវស្សា ពួក​ខ្ញុំ​ត្រូវ​ជិះ​តុ​កៗ​ឆ្លង​ភក់​ជាច្រើន ដូចដែល​ប្រិយមិត្ត ឃើញ​តាមរយៈ​វីដេអូ​នេះ​អ៊ីចឹង​។ ក្រោយពី​ធ្វើដំណើរ​ឆ្លងកាត់​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ ពេល​ចូលទៅ​ក្នុងភូមិ​អ្នកស្រុក ខ្ញុំ​ត្រូវ​ចុះ​សួរ​ប្រជាជន​ដែល​រស់​នៅតាម​ដងផ្លូវ អំពី​ទី​ស្ថាន​នៃ​ភូមិ និង​ផ្ទះ​របស់​លោកតា ប្រាជ្ញ ឈួន​។ 

ពេលដែល​ខ្ញុំ​ធ្វើដំណើរ​មកដល់​ភូមិ​អ្នក​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ហើយ ក៏​ជួបនឹង​ឧបសគ្គ ពោលគឺ​ផ្លូវ ដែល​ត្រូវ​ចូលទៅ​ដល់ផ្ទះ​លោកតា​ប្រាជ្ញ ឈួន ខូច ធ្វើដំណើរ​ទៅ​មិនកើត ត្រូវ​រង់ចាំ​ការជួសជុល​ជាមុនសិន ដោយមាន​រទេះសេះ​ដឹក​ដី​យកមក​ចាក់​លើផ្លូវ​ដែល​ខូច ហើយ​ខ្ញុំ​ត្រូវ​ជួយ​កាយ​ដី​នោះ​ឲ្យ​ស្មើ​ទើប​រ៉ឺម៉ក​កង់​បី​អាច​ឆ្លងកាត់​នាំ​ពួក​ខ្ញុំ​ទៅដល់​ផ្ទះ​លោកតា​ប្រាជ្ញ ឈួន បាន​។ ក្រោយពី​ឆ្លងកាត់​ផ្លូវ​ពិបាក​ធ្វើដំណើរ​រួចហើយ ខ្ញុំ​បានមក​ដល់ផ្ទះ​វីរៈ​សិល្បករ​ចាប៉ីដងវែង​ដូច​ប្រាថ្នា​ហើយ​។ 
 
​នៅពេលនេះ ខ្ញុំ​សូម​ដំណាល​ពី​ប្រវត្តិ​របស់លោក ព្រឹទ្ធ ភិរម្យ ប្រាជ្ញ ឈួន ជាពិសេស​ដំណើររឿង​របស់លោក​ទា​ក់​ទង​នឹង​សិល្បៈ​ចាប៉ីដងវែង​នេះ​តែម្តង​។ ទារក ប្រាជ្ញ ឈួន បានប្រសូត​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ឆ្នាំ ១៩៣៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ដោយសារ​មាន​និស្ស័យ​នឹង​សិល្បៈ​ចាប៉ី អាយុ​ទើបតែ ១២ ឆ្នាំ កុមារា ប្រាជ្ញ ឈួន បានចាប់ផ្តើម​ចេះ​ច្រៀង​ចាប៉ីដងវែង​ល្អ​គ្រាន់បើ​។ កុមារា ប្រាជ្ញ ឈួន ចេះ​ច្រៀង​ចាប៉ី ដោយសារតែ​មានការ​ជំរុញ​ពី​បងប្រុស និង​ឪពុកមា​របស់ខ្លួន ដែលជា​អ្នក​ចាប៉ី​មាន​កិត្តិនាម​ល្បាញ​ល្បី​ក្នុងសម័យ​សង្គមរាស្ត្រនិយម គឺ​លោកតា ប៉ែត ឌុ​ក ដែល​មហាជន​ខ្មែរ​ហៅថា លោកតា​ចង្កូម ៨ ។ 

នៅពេលដែល​ខ្លួន​ចេះ​ដេញចាប៉ី ហើយ​ស្គាល់​សំឡេង​វា​បាន​ច្បាស់ កុមារា ប្រាជ្ញ ឈួន កាន់តែ​ចូលចិត្ត​នឹង​វិស័យ​ចាប៉ីដងវែង ហើយ​ប្រឹងរៀន ប្រឹង​ច្រៀង​ចាប៉ី ដើម្បី​ឲ្យ​ល្បីល្បាញ ដោយសារ​កុមារ​រូបនេះ ត្រេកអរ​នឹង​ភាពល្បីល្បាញ​របស់​សិល្បក​រ​ចាប៉ីដងវែង​មួយចំនួន​នា​សម័យ​នោះ មានដូចជា លោកតា ប៉ែត ឌុ​ក និង ស្មៀន ឈិន ជាដើម​។​
 
​អ្នក​ចាប៉ី​ដែល​ពិការភ្នែក​ដោយសារតែ​ជំងឺ​ក​ញ្ជ្រិ​ល​កាលពី​ខ្លួន​មាន​អាយុ ៥ ឆ្នាំ តែ​អាច​មើលឃើញ​ព្រាលៗ​ខ្លះ​ដែរនោះ បាន​រម្លឹកថា លោក​បាន​ចេះដឹង​អក្សរសាស្ត្រ​ខ្លះ  មានដូចជា បាលី កំណាព្យ ដោយសារ​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​វត្ត​សមរ នៅក្បែរ​ភូមិ​របស់លោក ជួយ​បង្ហាត់បង្រៀន ឲ្យ​ថា តាម​ព្រះអង្គ​។ 

ក្រោយពី​បាន​ចេះដឹង​នូវ​សិល្បៈ​ចាប៉ីដងវែង​ច្រើន អ្នកភូមិ​ជាមួយ​អ្នក​ចាប៉ី​រូបនេះ ជា​អ្នក​ដែល​បាន​ស្តាប់​ការ​ច្រៀង​ចាប៉ីដងវែង​របស់ខ្លួន​មុនគេ នៅពេល​ដែលមាន​ពិធីបុណ្យ​ផ្សេងៗ ដូចជា​ពិធី​បុណ្យដារលាន ជាដើម​។ 
 
ចាប់ពីពេលនោះ​មក កិត្តិនាម​របស់​អ្នក​ចាប៉ីដងវែង ប្រាជ្ញ ឈួន បានចាប់ផ្តើម​ល្បីល្បាញ​បន្តិច​ម្តងៗ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នៅក្នុង​ខេត្តតាកែវ​។ ហើយ​កេរ្តិ៍ឈ្មោះ របស់លោក​បានចាប់ផ្តើម​ល្បី​ខ្លាំង​មែនទែន ដែលមាន​ទាំង​រាស្ត្រ និង​មន្ត្រី​ស្គាល់​ច្រើន នៅ​ឆ្នាំ ១៩៦២ នៅពេលដែល​អ្នក​ចាប៉ី​រូបនេះ ប្រឡង​នៅ​វិទ្យុជាតិ​ផ្នែក​ចាប៉ីដងវែង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ។ ជ័យលាភី​នេះ ធ្វើ​ឲ្យ​លោក​ប្រាជ្ញ ឈួន ដែល​ពេលនោះ​ទើបតែ​មាន​វ័យ ២៦ ឆ្នាំ និង​បន្ទាប់ពី​រៀបការ​រួច ត្រូវ​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ភ្នំពេញ​។ 
 
​បន្ទាប់ពី​ទទួលបាន​ជ័យលាភី​លេខ ១ អ្នក​ចា​បី​រូបនេះ បាន​វិច​បង្វិច​របស់ខ្លួន​ចាកចោល​ស្រុកកំណើត​មក​រស់នៅ​ភ្នំពេញ ពីព្រោះ​តែ​លោក​មាន​ភារកិច្ច​ត្រូវ​ច្រៀង​ចាប៉ី​នៅ​ស្ថានីយ​វិទ្យុជាតិ​នៅឯ​ភ្នំពេញ​ជាប្រចាំ​។ តែ​ជា​អកុសល កំពុងតែ​ពេញចិត្ត និង​ត្រេកត្រអាល​នឹង​អាជីព​របស់ខ្លួន​ជា​អ្នក​ចាប៉ីដងវែង មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ឈានចូល​មកដល់ នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ លោក ត្រូវបាន​របប​នេះ ជម្លៀស​ពី​ភ្នំពេញ​មក​នៅ​ស្រុកកំណើត​វិញ​។ ជីវិត​តស៊ូ​លំបាក​របស់​អ្នក​ចាប៉ី ប្រាជ្ញ ឈួន ក្នុង​របប​នេះ ក៏​មិន​ខុសពី​ប្រជាជន​ខ្មែរ​ដទៃទៀត ដែល​បាន​ឆ្លងកាត់​របប​ដ៏​ខ្មៅ​ងងឹត​នេះដែរ​។ នៅក្នុង​របប​នេះ លោក​វិះ​នឹង​បាត់បង់​ជីវិត​លែង​បាន​កាន់​ដង​ចាប៉ី​ច្រៀង​ទៀត​នៅពេលនោះ​។​
 
​ក្រោយពី​របប ប៉ុល ពត បាន​ដួលរលំ​ទៅ​នៅ​ឆ្នាំ ១៩៧៩ ផ្ទាំង​ប្រវត្តិសាស្ត្រ​ន៍​ល្អ​របស់​កម្ពុជា បានកើត​ឡើងជា​ថ្មី ហើយ​អ្នក​ចាប៉ីដងវែង​របស់​យើង ក៏​នៅតែ​បន្ត​អាជីព​ជា​អ្នក​ចាប៉ី ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ ហើយ​បន្ត​ច្រៀង​នៅ​វិទ្យុជាតិ​ដដែល រហូតដល់​ឆ្នាំ ២០០០ ទើប​លោក​ចូលនិវត្តន៍​។ ថ្វីដ្បិតតែ​លោក ចូលនិវត្តន៍​ឈប់​ច្រៀង​នៅ​វិទ្យុជាតិ​ពិតមែន តែ​អ្នក​ចាប៉ី​រូបនេះ នៅតែ​អាចមាន​កម្លាំង​ទៅ​ច្រៀង​តាម​កម្មវិធី​ទូរទស្សន៍ តាម​ផលិតកម្ម និង​កម្មវិធី​សំខាន់​មួយចំនួន​ដែរ ដើម្បី​ចិញ្ចឹមជីវិត មុននឹង​លោក​លែងមាន​កម្លាំង​អាច​ច្រៀង​កើត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​កូនប្រុស​ច្បង​របស់​តា ប្រាជ្ញ ឈួន គឺ​លោក ប្រាជ្ញ ឆាត ដែលជា​អ្នក​នៅ​មើលថែ​លោកតា​ជាង ៣០ ឆ្នាំ មកនេះ ហើយក៏​ជា​អ្នក​ដែល​បាន​ដឹក​ឪពុក​របស់ខ្លួន ដើរ​ច្រៀង​ចាប៉ី​ស្ទើរ​ជុំវិញ​ស្រុក​ខ្មែរ​ដែរនោះ បាន​រម្លឹក​ពី​ប្រវត្តិ​នៃ​ការដើរ​ច្រៀង​ចាប៉ី និង​អនុស្សាវរីយ៍ របស់​ឪពុក​ខ្លួន​ប្រាប់​ដល់​ខ្ញុំ​ជាច្រើន​។​
 
​អ្នកភូមិ​ត្រពាំង​កក់​ជាមួយ​អ្នក​ចាប៉ី ប្រាជ្ញ ឈួន  គឺ​លោកតា កោះ ញ៉ែ​ត ហើយ​ដែល​តែងតែបាន​ស្តាប់​ចម្រៀង​ចាប៉ី​របស់​លោកតា ប្រាជ្ញ ឈួន ដោយផ្ទាល់ និង​តាមរយៈ​ឧ​គ្ឃោ​សន​សព្ទ​ច្រើន​ដែរនោះ បាន​កោតសរសើរ​ពី​សមត្ថភាព​របស់លោក​ព្រឹទ្ធ​ភិរម្យ​យ៉ាងខ្លាំង​ចំពោះ​ទេពកោសល្យ​ផ្នែក​ចាប៉ី​នេះ​។ 

​ត្រឡប់មក​ជជែក​ពី​សិល្បៈ​ចាប៉ីដងវែង​ជាមួយ​អ្នកប្រាជ្ញ​ចាប៉ី​បន្តទៀត បើទោះបី​ខ្លួន​ជរា​ខ្លាំងណាស់​ទៅហើយ​ក្តី ហើយ​ខំប្រឹង​និយាយ​ជាមួយ​ខ្ញុំ​ទាំង​លំបាក ក៏​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន នៅតែ​ចងចាំ​បទ​ភ្លេង​ចាប៉ី​ទាំងអស់​ដែរ​។ លោក​ថា ចាប៉ី​មាន​បទ​ភ្លេង​ចំនួន ៧ សំខាន់ ដែលមាន​ដូចជា បទ​នគ​រាជ បទ​កំពុងសៀម និង​បទ​បំពេរ​ជាដើម​។ លោក បាន​រៀបរាប់​ប្រាប់​ខ្ញុំ ហើយ​មាន​អមដោយ​សំឡេង​ចាប៉ី​ផងដែរ​។​
 
​ទាក់​នឹង​ការ​ច្រៀង​របស់​អ្នក​ចាប៉ី​សព្វថ្ងៃ​វិញ អ្នកជំនាញ​ផ្នែក​ចា​ប៉ឺ​ដង​វែង​រូបនេះ ហាក់​មិន​ពេញចិត្ត​នឹង​អ្នក​ច្រៀង​ចាប៉ី​បច្ចុប្បន្ន​មួយចំនួន​ដែល​ចូលចិត្ត​តែ​ច្រៀង​បណ្តោយ តែ​មិនសូវ​ច្រៀង​ទទឹង​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ បើទោះបីជា​មហាជន​ខ្មែរ​ទទួលស្គាល់ថា អ្នក​ចាប៉ីដងវែង​លោកតា ប្រាជ្ញ ឈួន ជា​អ្នក​ចាប៉ី​ដ៏​មាន​ទេពកោសល្យ​កម្រ​មាន​ក្តី ក៏​អ្នក​ចាប៉ី​ដ៏​មាន​កិត្តិនាម​រូបនេះ មានប្រសាសន៍ថា អ្នក​ចាប៉ី​ជំនាន់​ក្រោយៗ​នេះ មិនសូវមាន​អ្នកណា​យក​គំរូ​តាម​លោក​នោះទេ ពីព្រោះ​តែ​របៀប​នៃ​ការដេញ និង​ច្រៀង​ចាប៉ី​របស់លោក​ពិបាក​ជាងគេ​។​

​លោក ពេជ្រ សា​រ៉ា​ត គ្រូបង្រៀន​ចាប៉ីដងវែង​នៅ​សហគមន៍​ចាប៉ី​អមតៈ ទទួលស្គាល់ថា ទេពកោសល្យ​ផ្នែក​ចាប៉ីដងវែង ទាំង​របៀប​លេង និង​វោហា​សព្ទ​នៃ​ការ​ចម្រៀង​របស់​លោកតា ប្រាជ្ញ ឈួន ពិតជា​ពិបាក​នឹង​រក​អ្នកមាន​សមត្ថភាព​អាចធ្វើ​បាន​ដូច​អ្នក​ចាប៉ី​ពី​ពូកែ​រូបនេះ​ណាស់ ។​លោក ស្ញើ​ច​សរសើរ​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ក្រៃលែង ដោយ​លោក ចាត់ទុក​អ្នក​ចាប៉ី ប្រាជ្ញ ឈួន ថា ជា​ដុំ​ពេជ្រ​របស់​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​ត្រូវ​លើកតម្កើង​។​
 
​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ជា​អ្នក​ចាប៉ី​ដ៏​ល្បីល្បាញ ដ៏​ពូកែ តែ​គួរ​ឲ្យ​សោកស្តាយ​ណាស់​សម្រាប់​អ្នក​ចាប៉ី​រូបនេះ​នោះ គឺ​កូនៗ​របស់លោក​ទាំង ៥ នាក់​របស់លោក គ្មាន​នរណាម្នាក់​ចេះ​ច្រៀង​ចាប៉ី​ដូច​ខ្លួន​នោះដែរ​។ កូនៗ​របស់លោក​ទាំង ៥ នាក់​នោះ អ្នកខ្លះ​ធ្វើជា​ទាហាន និង​កសិករ​ជាដើម​។ លោក​ថា ជីវិត​ជា​អ្នក​ចាប៉ី​ពិបាក​នឹង​រក​ថវិកា​ចិញ្ចឹមជីវិត ហើយ​ម្យ៉ាង​កូនៗ​របស់លោក​ទាំងនោះ ហាក់​មិនសូវមាន​ចំណូល​ចិត្តនឹង​ចាប៉ី​ប៉ុន្មាន​នោះទេ​។​

យ៉ាងណា​ក៏ដោយចុះ ថ្វីបើ​កូនៗ​របស់លោក​ទាំង ៥ នាក់​មិនចេះ​ច្រៀង​ចាប៉ី​ដូច​ខ្លួន​ក៏ពិតមែន សម្រាប់​អ្នក​ចាប៉ី​រូបនេះ ហាក់​មិនជា​តូចចិត្ត​ប៉ុន្មាន​ឡើយ ដោយសារតែ​លោក​យល់ថា ជីវិត​ជា​អ្នក​ចាប៉ី​មិនសូវមាន​ជីវភាព​ធូរធារ​នោះទេ​។ តួ​យ៉ាងដូច​បច្ចុប្បន្ននេះ លោក​ព្រឹទ្ធ​ភិរម្យ ដែលមាន​កិត្តិនាម​ដ៏​ល្បី និង​បាន​កសាង​ស្នាដៃ​ច្រើន​សម្រាប់​សិល្បៈ​ចាប៉ី​ខ្មែរ មក​រស់នៅ​ក្នុងផ្ទះ​កំណើត ដែល​ពេលខ្លះ​ស្ទើរតែ​រកលុយ​ព្យាបាល​ជំងឺ​មិនបាន​។ និយាយ​ដល់​ត្រង់ចំណុច​នេះ អ្នក​ចាប៉ី ប្រាជ្ញ ឈួន  បាន​រម្លឹក​ពី​ការផ្តល់​តម្លៃ​ពី​សំណាក់​មហាជន​ខ្មែរ​មកលើ​អ្នក​ចាប៉ី​នា​សម័យ​សង្គមរាស្ត្រនិយម​ពេលនោះ និង​ស្នាដៃ​សំខាន់​របស់លោក​ក្នុង​វិស័យ​សិល្បៈ​ចាប៉ីដងវែង​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ម​ក​នេះ​។​
 
​និយាយ​ពី​ទ្រព្យសម្បត្តិ​សំខាន់​ចុងក្រោយ​សម្រាប់​ជីវិត​របស់​អ្នក​ចាប៉ីដងវែង​របស់​យើង​ក្រៅពី​ដង​ចាប៉ី​សំណព្វចិត្ត​របស់​លោកតា គឺ​រ៉ឺម៉ក​កង់​បី​។ រ៉ឺម៉ក​កង់​បី​នេះ តែងតែ​នាំ​អ្នក​ចាប៉ី​រូបនេះ ទៅ​វត្ត​សុំ​សីល ដោយ​អង្គុយ​នៅ​តុ​កៗ នោះ​តែម្តង និង​ទៅ​លំហែកាយ​នៅ​វាលស្រែ​ម្តងម្កាល​នៅពេល​អផ្សុក ជាដើម ដោយ​កូនប្រុស​ច្បង​របស់លោក​ជា​អ្នក​ជូនទៅ​។​
 
​អ្នក​ដែល​មើលថែ បម្រើ​លោកតា ប្រាជ្ញ ឈួន រាល់ថ្ងៃ ក្រៅពី​កូនប្រុស​របស់​លោកា​តា គឺ​លោកស្រី អ៊ុក ព្រីង ជា​ភរិយា​ទី ២  បន្ទាប់ពី​ភរិយា​ទី ១ បាន​ស្លាប់ទៅ​។  លោកស្រី អ៊ុក ព្រីង សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បានរស់នៅ​ជាមួយ​លោកតា ប្រាជ្ញ ឈួន ហើយ​បាន​បម្រើ​អ្នក​ចាប៉ី​ដ៏​ល្បី​របស់​កម្ពុជា​។ លោកស្រី មិន​នឿយហត់​ឡើយ ក្នុង​ការថែទាំង​អ្នក​ចាប៉ី​ជរា​ម្នាក់នេះ​ទេ​។  ស្ត្រី​វ័យ​ប្រមាណ ៦០ ឆ្នាំ រូបនេះ បាន​បញ្ជាក់ថា ថវិការ​សម្រាប់​ព្យាបាល ជំងឺ ឬ​ផ្គត់ផ្គង់​ជីវិត​គ្រួសារ ជាពិសេស​ជីវិត​លោកតា បច្ចុប្បន្ន បានមកពី​សិល្បករ ព្រះសង្ឃ និង​សប្បុរសជន មួយចំនួន​ជួយឧបត្ថម្ភ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​ខ្លះ​ពី​ក្រសួង​វប្បធម៌​មួយចំនួន​ដែរ​។​
 
​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​ក្នុងពេល​មក​សួរសុខទុក្ខ និង​យក​គ្រឿង​បរិភោគ​មួយចំនួន​មក​ជូន​លោក​ព្រឹទ្ធ​ភិរម្យ ព្រះ​តេជគុណ សាន សុជា ធម្មកថិក​ដ៏​ល្បី  បាន​សុំ​កក់​ទុក ចាប៉ីដងវែង ដែល​អ្នក​ចាប៉ី​រូបនេះ បាន​ប្រើ​ចុងក្រោយ​គេ មាន​អាយុកាល​ជាង ២០ ឆ្នាំ​មក​ម​ហើយ ពោលគឺ​ព្រះអង្គ​សុំ​រក្សា​ទុកជា​បេតិកភណ្ឌ​ប្រជាជន​ខ្មែរ ប្រសិនបើ​លោកតា ប្រាជ្ញ ឈួន លាចាក​លោក​ទៅ​នៅ​ថ្ងៃ​ណាមួយ​។
 
​ប្រិយមិត្ត​នៃ​សារព័ត៌មាន​ថ្មីៗ​ជាទី​រាប់អាន ខ្ញុំ​សូម​បញ្ចប់​ការអត្ថាធិប្បាយ​របស់ខ្ញុំ​ស្តីពី​ជីវិត​អ្នក​ចាប៉ីដងវែង​ដ៏​ល្បី​សុសសាយ​ពេញ​នគរ តែ​ជីវភាព​ក្នុងដំណាក់កាល​នៃ​ជីវិតចុងក្រោយ​ដែលមាន​វ័យ​ដល់​ទៅ ៨០ ឆ្នាំ ទៅហើយ​មាន​ភាព​អត្តខាត់ ដោយពេល​ខ្លះ​ស្ទើរតែ​រក​ថវិកា​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ខ្លួន​មិន​ចង់បាន  ជាមួយនឹង​ពាក្យ​អប់រំ​របស់លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ពី​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​៕
ដោយ៖ ជា ធីរិទ្ធ    

Tag:
 ប្រាជ្ញ ឈួន​
  ចាប៉ី​
  សាន សុជា
© រក្សាសិទ្ធិដោយ thmeythmey.com