បទវិភាគ
វត្តមានសម្បូរបែបនៃគ្រឿងស្រវឹងនៅកម្ពុជាធ្វើឲ្យយុវជនមួយចំនួនវង្វេងវង្វាន់
× ភ្នំពេញ៖ ប្រឡងធ្លាក់ផឹក ប្រឡងជាប់ផឹក ខួបកំណើតផឹក សង្សារបែកចិត្តផឹក កម្មវិធីជួបជុំផឹក…។ ទាំងអស់នេះ គឺជាសកម្មភាពរបស់យុវជនខ្មែរមួយចំនួននាពេលបច្ចុប្បន្ននេះ។ នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងបទចម្រៀងខ្លះ រូបភាពជំរុញការពិសាគ្រឿងស្រវឹងកំពុងលើកទឹកចិត្តយុវជនឲ្យផឹកស្រាយ៉ាងគគ្រឹកគគ្រេង។ លើសពីនេះ ការពង្រីកកន្លែងកម្សាន្ត និងកន្លែងផឹកស៊ីរីកស្អេកស្កះ ក៏រួមចំណែកលើកទឹកចិត្តយុវជនខ្មែរ ឲ្យសេពសុរាផងដែរ។ តើហេតុអ្វីយុវជនខ្មែរចូលចិត្តផឹកស្រា?
មកធ្វើអី បើមកមិនផឹក បើមិនផឹកឈប់រាប់អានហើយ… ។ នេះ គឺបទចម្រៀងខ្មែរមួយបទ ដែលលើកទឹកយុវជនខ្មែរឲ្យនាំគ្នាផឹកស្រា។ ក្រៅពីបទចម្រៀង ដែលផ្សារភ្ជាប់ជាមួយការផ្សាយពាណិជ្ជកម្មស្រាបៀរនោះ។ ផ្ទាំងរូបភាពស្រាធំៗ ដែលដាក់បង្ហាញនៅតាមដងវិថី ក៏កំពុងលើកទឹកចិត្តយុវជនខ្មែរ ឲ្យសេពសុរាផងដែរ។ លើសពីនេះ ការបង្កើនកន្លែងផឹកស៊ី និងកន្លែងកម្សាន្តរីកដូចផ្សិតនៅកម្ពុជា ក៏កំពុងបំពុលឲ្យយុវជនឲ្យរីករាយសប្បាយភ្លេចខ្លួន និងអាចបង្កើតសកម្មភាពមិនប្រក្រតីទាំងឡាយ ដូចជា ចោរកម្ម ឃាតកម្ម និងអំពើហិង្សាជាដើម។
នៅក្នុងកម្មវិធីជួបជុំ ដូចជា ពិធីអាពាហ៍ពិពាហ៍ ខួបកំណើត និងពិធីបុណ្យជាតិជាដើម អ្វីដែលយុវជនខ្មែរនឹកឃើញមុនគេនោះ គឺការផឹកស៊ី។ ក្រៅពីកម្មវិធីធំៗ សកម្មភាពផឹកស៊ីនៅតែប្រព្រឹត្តឡើងជាធម្មតា។ ក្នុងនោះមាន៖ ប្រឡងជាប់ ប្រឡងធ្លាក់ សង្សារបែកចិត្ត ស្នេហាជោគជ័យ ជប់លៀងមិត្តភក្តិ រកការងារថ្មីបាន…។
មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយុវជនខ្មែរចូលចិត្តយកគ្រឿងស្រវឹង ដើម្បីធ្វើជាត្រីមុខក្នុងការបង្កើតកម្មវិធីសប្បាយរីករាយ។ ក្នុងនោះរួមមាន៖ ទី១ ការផឹកស៊ី រាល់មានកម្មវិធី គឺជាទម្លាប់តាំងពីអ្នកជំនាន់មុន។ ទី២ យុវជន ជាវ័យចូលចិត្តសប្បាយ និងចូលចិត្តជួបជុំគ្នា ទើបយកស្រា ដើម្បីជាលេសបានជួបជុំ និងទំនាក់ទំនងគ្នា។ ទី៣ ការផ្សព្វផ្សាយពីបណ្តាសារព័ត៌មានមួយចំនួន បានលើកទឹកចិត្តឲ្យយុវជនសេពសុរា។ ទី៤ ការបង្កើតសេវាកម្មកម្សាន្ត និងទីកន្លែងផឹកស៊ី កាន់តែច្រើន។ និងទី៥ ច្បាប់គ្រឿងស្រវឹងនៅធូររលុង និងអនុវត្តន៍មិនសូវមានប្រសិទ្ធភាព និងទី៦ គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជាមានតម្លៃទាប។
ផលិតផលគ្រឿងស្រវឹងនៅកម្ពុជា ត្រូវបានក្លាយជាជម្រើសមុនគេរបស់យុវជន នៅពេលពួកគេចង់ជួបជុំសប្បាយរីករាយ។ ប៉ុន្តែ ពួកគេភ្លេចគិតថា ផលិតផលគ្រឿងស្រវឹង បាននិងកំពុងបំផ្លាញខួរក្បាលយុវជនឲ្យស្ពឹកស្រពន់។ លើសពីនេះ អ្នកជំនាញផ្នែកសុខភាព បានអះអាងថា គ្រឿងស្រវឹង បានបង្កជាជំងឺ១១មុខ។ មិនត្រឹមតែប៉ុណ្ណោះ គ្រឿងស្រវឹង គឺជាមូលហេតុមួយចម្បង ដែលធ្វើឲ្យយុវជនស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ក្រៅពីនេះ គ្រឿងស្រវឹង ក៏ជាមូលហេតុនៃអំពើហិង្សាក្នុងគ្រួសារ ការចាប់រំលោភសេពសន្ថវៈ អំពើចោរកម្ម ឃាតកម្ម និងសកម្មភាពបង្កអសន្តិសុខផ្សេងៗផងដែរ។
យុវជនខ្លះ សេពសុរាយូរៗទៅ រហូតក្លាយជាមនុស្សប្រមឹក។ យុវជនខ្លះទៀត ញៀនស្រា រហូតក្លាយជាមនុស្សវិកលចរិក ឬឆ្កួត ក៏មានដែរ។ ក្រៅពីប៉ះពាល់ដល់សុខភាព គ្រឿងស្រវឹង បានធ្វើឲ្យប៉ះពាល់ស្មារតីរបស់យុវជនយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យខាតបង់ពេលវេលា ព្រមទាំងបង្កភាពសុខដុមរមនាជាច្រើន ដល់ការរស់នៅរបស់ប្រជាជនខ្មែរទៀតផង។
ជាការពិត គេត្រូវទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលមានកម្មវិធី គឺជាទម្លាប់ពិបាកកែប្រែ ប៉ុន្តែការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសហេតុ ឬលើសកម្រិត មិនបាននាំផលចំណេញដល់អ្នកប្រើប្រាស់នោះទេ។ តែផ្ទុយទៅវិញ ការពិសារគ្រឿងស្រវឹងច្រើនលើសលប់ បានធ្វើឲ្យអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា និងធ្វើឲ្យប៉ះពាល់ដល់សុភមង្គលគ្រួសារផងដែរ។
ក្រៅពីផលប៉ះពាល់ខាងលើ គ្រឿងស្រវឹង កំពុងបំពុលយុវជនខ្មែរ ឲ្យស្រវឹង និងសប្បាយភ្លេចខ្លួន លែងបានគិតគូរពីការងារចិញ្ចឹមជីវិតគ្រួសារ និងប្រទេសជាតិផងដែរ។ ប្រសិនបើ យុវជនខ្មែរមួយភាគណាមួយនោះ ក្លាយជាយុវជនប្រមឹក ប្រទេសកម្ពុជា នឹងមិនអាចអភិវឌ្ឍទាន់ប្រទេសក្នុងតំបន់ និងអន្តរជាតិបានទេ ពីព្រោះ នៅកម្ពុជា យុវជន គឺជាមនុស្សភាគច្រើន(ជាង៣២ភាគរយនៃប្រជាជនខ្មែរទាំងអស់)។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ យុវជនខ្មែរ គួរកាត់បន្ថយការពិសារគ្រឿងស្រវឹង និងកាត់បន្ថយកម្មវិធីមួយចំនួន ដែលតែងតែប្រើប្រាស់គ្រឿងស្រវឹងកន្លងមក។ លើសពីនេះ ផ្នត់គំនិត យកគ្រឿងស្រវឹងធ្វើជាត្រីមុខនៅគ្រប់កម្មវិធី ក៏គួរតែបោះបង់ចេញដែរ។ ប្រសិនបើ កម្មវិធីមួយចំនួនដែលមិនចាំបាច់ គឺគួរតែប្រើប្រាស់ទឹកក្រូចជំនួសស្រា ក៏ជារឿងគួរធ្វើផងដែរ។ ដោយឡែក រដ្ឋាភិបាល គួរតែពង្រឹងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង មានន័យថា បង្កើនតម្លៃគ្រឿងស្រវឹងឲ្យខ្ពស់បំផុត ទប់ស្កាត់ការផ្សព្វផ្សាយគ្រប់ទីកន្លែង ជាពិសេស តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ យុវជនក្រោម១៨ឆ្នាំត្រូវហាមឃាត់ដាច់ខាតមិនឲ្យទទួលគ្រឿងស្រវឹង និងការយកពន្ធលើគ្រឿងស្រវឹងកម្រិតខ្ពស់។ល។ ប្រសិនបើគេអាចអនុវត្តគំនិតខាងលើនេះបាន ពេលនោះ ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាអាចនឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com