ជាតិ
បទវិភាគ
សេដ្ឋកិច្ច
តើ​ជំនួញ​ជោគជ័យ ឬ​បរាជ័យ អាច​បណ្តាលមកពី​កម្មផល​ព្រេងវាសនា​ឬទេ​?
26, Feb 2021 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ នៅលើ​ពិភពលោក​ទាំងមូល​ក៏​ដូចគ្នា​ដែរ ជំនួញ​មួយចំនួន​ទទួលជោគជ័យ​ក្រោយ​ការបង្កើត តែ​ជំនួញ​មួយចំនួន​ផ្សេងទៀត ក្រោយ​ការបង្កើតបាន​មួយរយៈ ក៏​ដួល​បះជើង​ទៅវិញ​។ តើ​ភាពជោគជ័យ​បណ្តាល​ពី​កត្តា​អ្វី​? ហើយ​ថា តើ​ការបរាជ័យ​បណ្តាលមកពី​មូលហេតុ​អ្វី​? តើ​ភាពជោគជ័យ ឬ​បរាជ័យ​នៃ​ជំនួញ​អាច​បណ្តាលមកពី​កម្មផល​ព្រេងវាសនា​ឬទេ​?

 
​ការប្រតិបត្តិ​ជំនួញ មិន​ស្រួល​ដូច​ការគិត​ចង់​ធ្វើ​ជំនួញ​នោះទេ មានន័យថា បើ​គ្រាន់តែ​គិត​ឬ​បញ្ចេញ​គំ​និង​ចង់​ធ្វើ​ជំនួញ មនុស្ស​ភាគច្រើន​ស្រមៃ​ឃើញ​ភ្លាម​ពី​ការទទួលបាន​ប្រាក់ចំណេញ​មកវិញ​ច្រើន ក្រោយពេល​បង្កើត​ជំនួញ​។ តែ​លុះ​ដល់ពេល​បង្កើត ហើយ​ឈាន​មកដល់​ដំណាក់កាល​ប្រតិបត្តិ​ធ្វើ​ជំនួញ​នោះ ការលំបាក និង​ការ​ប្រឈម​នានា ពិតជា​កើតឡើង ហើយ​ពេលខ្លះ កើតឡើង​ដោយ​នឹកស្មាន​មិន​ដល់​។ 
 
​អ្នកជំនួញ​ខ្លះ និយាយថា ការបង្កើត​ជំនួញ​មួយ​មិន​លំបាក​ទេ​។ តែ​ការធ្វើ​ឲ្យ​ជំនួញ​នោះ​ដំណើរការ ឬ​ធ្វើ​ឲ្យ​ជំនួញ​នោះ​ទទួលបាន​ប្រាក់ចំណេញ និង​មាន​និរន្តរភាព​យូរអង្វែង គឺជា​រឿង​លំបាក​បំផុត​។ និយាយ​បែប​ផ្សេង មានន័យថា បង្កើត​ជំនួញ​ស្រួល​ទេ តែ​ការថែរក្សា​ជំនួញ​ឲ្យ​ដំណើរការ​ជា​រៀងរហូត គឺជា​បញ្ហា​ឈឺក្បាល​ជា​រៀងរាល់ថ្ងៃ​។ ជំនួញ​ខ្លះ​ទទួលជោគជ័យ​បាន​២០​ឆ្នាំ តែ​ខ្វះ​ភាព​ហ្មត់ចត់​ក្នុងការ​គ្រប់គ្រង​តែ​ក្នុង​រយៈពេល​ពី​៦​ខែ​ទៅ​១​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​ជោគជ័យ​នោះ អាច​បិទទ្វារ​ទៅវិញ​ភ្លាម ក៏​អាច​ថា​បាន​។ 
 
​ចុះបើ​ការបង្កើត​អាជីវកម្ម គ្រប់គ្រង​អាជីវកម្ម មើលទៅ​ហាក់បីដូចជា​លំបាក​ខ្លាំង​ម្ល៉េះ ហេតុអ្វី​បានជា​មនុស្ស​គ្រប់រូប​ចេះតែ​ចង់​បង្កើត និង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​? 
 
​ជា​ក្រិ​ត្យ​ក្រម​សត្យានុម័ត បុគ្គល​គ្រប់រូប​តែងតែ​ចង់​រើ​បម្រាស​ខ្លួ​ញ​ចេញពី​ការធ្វើការ​ឲ្យ​គេ ទៅជា​អ្នកបង្កើត​ការងារ​ឲ្យ​គេ​ធ្វើ​វិញ​ម្តង ពោល គឺ​បុគ្គល​នីមួយៗ​តែងតែ​ចង់​គ្រប់គ្រង​គេ និង​ចង់​មាន​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​ឯង​។ នេះ គឺជា​ចំណង់ និង​បំណង​ដែលមាន​ពី​ធម្មជាតិ​របស់​បុគ្គល​ម្នាក់ៗ​។ តែ​រឿង​ថា ធ្វើបាន​ជោគជ័យ ឬ​មិន​ជោគជ័យ គឺជា​វា​អាស្រ័យទៅលើ​ទេព​កោ​លស​ល្យ​របស់​បុគ្គល​ម្នាក់ៗ​។ បើ​បុគ្គល​ទាំងអស់​សុទ្ធតែ​គិត​ត្រូវ ហើយ​ជោគជ័យ​នោះ ម្ល៉េះ​សម​នៅលើ​ពិភពលោក​នេះ គ្មាន​ឡើយ​អ្នកក្រីក្រ​។ 
  
​មាន​មូលហេតុ​មួយចំនួន​ផ្សេងទៀត ដែល​នាំ​ឲ្យ​បុគ្គល​គ្រប់រូប​ចង់​ក្លាយខ្លួនជា​ម្ចាស់​កម្មសិទ្ធិ ក្នុងនោះ​មាន​៖ ទី​១ ចង់​កសាង​ស្នាដៃ​ជា​កេរ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ទី​២ ប្រាថ្នា​រកប្រាក់​ចំណូល​ដោយ​ខ្លួនឯង និង​ទី​៣ ចង់បង្ហាញ​គំនិត​ដែល​ខ្លួនឯង​មាន ខុសពី​ធ្វើការ​ឲ្យ​គេ ចាំតែ​ស្តា​ប់ប​ង្គ្រា​ប់​គេ​បញ្ជា​ឲ្យ​ធ្វើ​តែប៉ុណ្ណោះ​។ ចំណុច​មួយទៀត​ដែល​និយោជិត​ចេះតែ​ចង់​បង្កើត​ជំនួញ​ដោយ​ខ្លួនឯង​ដែរនោះ ព្រោះថា ខ្លួនគេ​អាច​ប្រឈម​នឹង​ការបណ្តេញចេញ ឬ​បាត់បង់​ការងារ​ដោយ​ប្រការ​ណាមួយ​នៅពេលដែល​ខ្លួនគេ​កាន់​តែមាន​អាយុ​ច្រើនឡើង​(​ករណី​នៅ​កម្ពុជា​ជាពិសេស​)​។ 
 
​តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ជំនួញ​មួយចំនួន​ជោគជ័យ ផ្ទុយទៅវិញ ជំនួញ​មួយចំនួនទៀត​បរាជ័យ​ទៅវិញ​? 
 
​ផ្អែកលើ​ទ្រឹស្តី​សេដ្ឋកិច្ច ជំនួញ​មួយ​អាច​ទទួល​ជ័យជម្នះ លុះត្រាតែ ជំនួញ​នោះ ត្រូវបង្កើត​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍ និង​គោរព​ក្បួនខ្នាត​សេដ្ឋកិច្ច​សុទ្ធសាធ មានន័យថា មុននឹង​បង្កើត​ជំនួញ អ្នកបង្កើត​ត្រូវ​គិតពី​ដើមទុន​, សិក្សា​ផលិតផល និង​តម្រូវការ​របស់​អតិថិជន​, សិក្សា​ទីតាំង​(​ទីតាំង​នោះ​ត្រូវ​នឹង​ផលិតផល​នោះ​ឬទេ​?), អំណាច​ទិញ​របស់​អតិថិជន​(​ប្រាក់ចំណូល​របស់​អតិថិជន​), ពេលវេលា​នៃ​ការវិនិយោគ (​តើ​គេ​ត្រូវ​បើកហាង Brand នៅ​តំបន់​ក្រីក្រ​ឬ​?) ។ និយាយ​ជារួម ការសិក្សា​ទីផ្សារ​ត្រូវធ្វើឡើង​ដោយ​លម្អិត និង​គោរព​តាម​គោលការណ៍​សេដ្ឋកិច្ច​។ 
 
​បន្ទាប់ពី​សិក្សា​ទីផ្សារ​រួចហើយ ចូលដល់​ដំណាក់កាល​បង្កើត និង​គ្រប់គ្រង​។ ដំណាក់កាល​នេះ គេ​ត្រូវ​ជ្រើសរើស​ធនធានមនុស្ស និង​រៀបចំ​របៀប​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​។ ធនធានមនុស្ស​ល្អ បូកផ្សំ​និង​ការគ្រប់គ្រង​ល្អ​របស់​ក្រុមហ៊ុន វា​គឺជា​កត្តា​ធំ​មួយ​ដែល​អាច​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​ទទួលជោគជ័យ​។ នៅត្រង់​ដំណាក់កាល​នេះ​ដដែល ក្រុមហ៊ុន​ជោគជ័យ ឬ​មិន​ជោគជ័យ​អាស្រ័យ​ភាគច្រើន​ទៅលើ​អ្នកគ្រប់គ្រង ថា​តើ​អ្នកគ្រប់គ្រង​នោះ មាន​ទេពកោសល្យ​ខ្លាំង​ប៉ុណ្ណា​? ទេព​កោ​ល​ស្យ​ដឹកនាំ​នេះ​មិន​សំដៅ​តែ​ទៅលើ​សញ្ញាបត្រ​មួយ​មុខ​នោះទេ​។ ទេពកោសល្យ​ដឹកនាំ គឺ​ចង់​សំដៅ​ទៅលើ​ភាព​ប៉ិនប្រសប់​របស់​បុគ្គល​អ្ន​ក​ដឹកនាំ​នោះ​។ បើ​និយាយ​ពី​ទ្រឹស្តី​ដឹកនាំ អ្នកដឹកនាំ​ភាគច្រើន​អាច​ចេះ​ដូចគ្នា ប៉ុន្តែ អ្នកដឹកនាំ​ខ្លះ អាចអនុវត្ត​វា​ទៅបាន​ជោគជ័យ តែ​អ្នកដឹកនាំ​ខ្លះទៀត អនុវត្ត​វា​ទៅ​ប្រឈម​នឹង​ភាពបរាជ័យ​ច្រើន​ទៅវិញ​។ 
 
​ដោយសារតែ​ចំណុច​នេះហើយ ទើប​នៅក្នុង​ការគ្រប់គ្រង គេ​តែងតែ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ប៉ិនប្រសប់​របស់​មនុស្ស​ក្នុងការ​គ្រប់គ្រង ច្រើនជាង​ឲ្យ​តម្លៃ​ទៅលើ​អ្នក​ចេះតែ​ទ្រឹស្តី​គ្រប់គ្រង​។  ទ្រឹស្តី គេ​អាច​រៀន​ចេះ​បាន តែ​ភាព​ប៉ិនប្រសប់​ពី​កំណើត គឺជា​ការប្រទាន​ពី​ធម្មជាតិ​ចំពោះ​បុគ្គល​ផ្សេងៗ​គ្នា​។ ដោយសារតែ​ភាពខុសគ្នា​នេះហើយ ទើប​ការដឹកនាំ​របស់​ក្រុមហ៊ុន​មានការ​រីកចម្រើន ឬ​បរាជ័យ​ខុសគ្នា បើទោះបីជា​អ្នកដឹកនាំ​ទាំងនោះ មាន​កម្រិតសិក្សា​ដូចគ្នា​ក៏ដោយ​ក្តី​។ ចំណុច​មួយទៀត ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​ជោគជ័យ​ដែរនោះ គឺ​ការតាំង​ចិត្ត​រួម​នៃ​ស្ថាប័ន​ទាំងមូល ហើយ​ការតាំង​ចិត្ត​នោះ គឺធ្វើឡើង​ជា​និរន្តរ៍ ពោល គឺ​មិនមែន​ធ្វើឡើង​តាម​អារម្មណ៍ និង​តាម​ពេលវេលា​ណាមួយ​នោះទេ​។ 
  
​ចុះ​តើក​ត្តា​អ្វីខ្លះ​ដែល​ជំរុញ​អាជីវកម្ម​មួយ​ឈានទៅ​ដួល​បះជើង​? 
 
​ចម្លើយ​ដែល​អ្នកជំនួញ​ធ្លាប់​ត្អូញត្អែរ​ប្រាប់ គឺមាន​ដូចតទៅ ក្នុងនោះ​មាន​៖ ទី​១ កង្វះខាត​ទុន​។ ទី​២ ជម្លោះ​កើតឡើង​រវាង​ភាគហ៊ុន​និក​។ ទី​៣ ខ្វះ​ការសិក្សា​ទីផ្សារ​។ ទី​៤ ជម្លោះផ្ទៃក្នុង​រវាង​បុគ្គលិក និង​បុគ្គលិក​។ ទី​៥ អ្នកដឹកនាំ​ខ្វះ​ឆន្ទៈ និង​ខ្វះ​ភាព​ប៉ិនប្រសប់ និង​ទី​៦ ការ​គ្រប់​គ្រប់​មិនល្អ ខុស​គោលការណ៍​ជំនួញ​។ 
 
​បើទោះបី​ជាមាន​ទឡ្ហីករណ៍​ពិតប្រាកដ​លើកឡើង​ផ្សេងៗ​គ្នា​ក៏ដោយ ក៏​«​អ្នក​ជំនឿ​»​មួយចំនួន​នៅតែ​គិតថា ការធ្វើ​ជំនួញ​មួយ​ជោគជ័យ​វា​ពឹងផ្អែក​មួយផ្នែក​ទៅលើ​កម្មផល​ព្រេងវាសនា មានន័យថា ចំណេះ ជំនាញ ភាព​ប៉ិនប្រសប់ របស់​អ្នកបង្កើត​ជំនួញ​អាចជួយ​បានតែ​មួយផ្នែក​ទេ​។ តែមួយ​ផ្នែក​ទៀត គឺ​ពឹង​លើ​សំណាង​ទាំងអស់​។ អ្នក​ជំនឿ គិតថា មនុស្ស​កើតមក ត្រូវបាន​គេ​កំណត់ថា អ្នកនឹង​ត្រូវ​រស់​ដោយ​សារ​អ្វី​? ហើយ​អ្នក​នឹងធ្វើ​អ្វី​? មាន​តួនាទី​ជា​អ្វី​? ជា​ថៅកែ​? ឬ​ជា​បុគ្គលិក កម្មករ​? និយាយ​ឲ្យ​ខ្លី គឺ​អ្នក​មិនអាច​ដើរចេញ​ពី​ព្រហ្ម​លិខិត​នេះ​បានឡើយ​។ 
 
​ជំនឿ​ខាងលើនេះ ទំនងជា​មិនសូវ​ខុស​ប៉ុន្មាន​ដែរ​។ តែ​អ្នកវិទ្យាសាស្ត្រ និង​អ្នក​ប្រាកដនិយម​វិញ អត្ថាធិប្បាយ​ថា ជោគជ័យ ឬ​បរាជ័យ​ក្នុង​ជីវិត​វា​អាស្រ័យ​លើ​សមត្ថភាព​នៃ​បុគ្គល​នីមួយៗ​។ ចូរ​កុំ​បន្ទោស​លើ​ព្រេងវាសនា និង​កម្មផល​ឲ្យ​សោះ​។ អ្នក​បន្ទោស​លើ​វាសនា គឺជា​បុគ្គល​គ្មាន​ជំនឿ​លើ​ខ្លួនឯង​។ ទោះជា​ជឿ​ឬ​មិន​ជឿ ក៏​ស្ថានភាព​ជាក់ស្តែង​បង្ហាញថា អ្នករៀន​ជ្រៅជ្រះ ពូកែ ប៉ិនប្រសប់​ខ្លាំង​ទាំងឡាយ ក៏​មិន​ប្រាកដថា អាច​ក្លាយទៅជា​អ្នកមាន​ធនធាន ឬ​អ្នកមាន​បុណ្យស័ក្តិ​ទាំងអស់គ្នា​បានឡើយ រីឯ អ្នក​មិនបាន​រៀន​ជ្រៅជ្រះ និង​អ្នក​ល្ងង់​ខ្លះ ក៏​មិន​ប្រាកដថា ជា​អ្នកក្រីក្រ ឬ​អ្នកតូច​ទាប​ដែរ​។ ដូច្នេះ តើ​ព្រហ្ម​លិខិត​មាន​មែន​ឬទេ​? 

Tag:
 ជំនួញ
© រក្សាសិទ្ធិដោយ thmeythmey.com