ពីនេះ ពីនោះ
តណ្ហា ក្ដីប្រាថ្នា និងមហិច្ឆតា វត្ថុបីនាំបុគ្គលឲ្យអភិវឌ្ឍន៍គំនិត
× ភ្នំពេញ៖ ក្នុងនាមជាបុគ្គលម្នាក់បើសិនជាចង់រីកចម្រើន គឺត្រូវមានមហិច្ឆតានៅក្នុងគំនិត ហើយបង្កើតគោលបំណងឲ្យបានច្រើនសម្រាប់ខ្លួនឯង។ ព្រោះថា តណ្ហា បង្ហាញពីភាពចង់មានចង់បាន ក្ដីប្រាថ្នាបង្ហាញពីទិសដៅជីវិត និងមហិច្ឆតា បង្ហាញពីការពុះពារមិនព្រមបញ្ឈប់។
ជាទូទៅ ក្នុងនាមជាភាវៈមានវិចារណញ្ញាណ គ្មានបុគ្គលណាម្នាក់ដែលមិនចង់ឲ្យខ្លួនឯងមានការអភិវឌ្ឍនោះទេ។ ហេតុនេះហើយ ចំពោះការអភិវឌ្ឍគំនិតក៏ដូចគ្នាផងដែរ។ ក៏ប៉ុន្តែ ចំពោះបុគ្គលដែលគ្មានតណ្ហាក្នុងខ្លួន ក្ដីប្រាថ្នាក្នុងជីវិត និងមហិច្ឆតា ចង់អភិវឌ្ឍន៍គំនិតប្រហែលជារឿងដែលពិបាក ព្រោះតែគេមិនដឹងថាខ្លួនរបស់គេត្រូវចាប់ផ្ដើមពីកន្លែងណា។ ផ្ទុយទៅវិញ ក្នុងជំហាននេះការអភិវឌ្ឍន៍គំនិតបែបវិជ្ជមាន គឺផ្ដើមចេញពីតណ្ហា និងមហិច្ឆតាដ៏ខ្លាំងក្លា។
អ្នកច្បាស់ជាឃើញពីតម្រូវការក្នុងការអភិវឌ្ឍគំនិតវិជ្ជមានរបស់អ្នក និងបង្កើនសមត្ថភាពនៃការគិតរបស់អ្នក។ អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរជីវិតមួយដែលច្បាស់លាស់។ ហើយដំណើរ ទាំងនោះនឹងកំណត់ភាពងាយស្រួលដល់អ្នក ពីព្រោះវាតម្រូវឲ្យមានភាពផ្លាស់ប្ដូរ នូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។ ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍន៍គំនិត។ អ្នកនឹងទទួលបានជោគជ័យដើម្បីទៅកាន់ដំណើរការមួយ ហើយឱកាសនឹងបើកឲ្យអ្នក។
ទោះជាយ៉ាងណា មានមនុស្សមួយចំនួនធំ តែងតែនិយាយថា ធ្វើជាមនុស្សត្រូវតែលុបបំបាត់នូវតណ្ហាឲ្យអស់ពីខ្លួនដើម្បីសេចក្ដីសុខផ្លូវចិត្ត។ ចំពោះគំនិតបែបគឺត្រូវ តែមិនមែនទាំងស្រុងនោះទេ ព្រោះថា មិនមែនគ្រប់តណ្ហាគឺសុទ្ធតែអវិជ្ជមាន គ្រប់មហិច្ឆតាសុទ្ធតែឃោឃៅ គ្រប់បំណងប្រាថ្នាសុទ្ធតែមិនអាចសម្រេចបាននោះទេ។ ចំពោះបញ្ហានេះវាគឺអាស្រ័យទៅលើការកំណត់របស់បុគ្គលថាខ្លួនឯងចង់ដើរលើវិថីវិជ្ជមានឬ អវិជ្ជមានតែប៉ុណ្ណឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com