អន្តរជាតិ
នយោបាយអន្តរជាតិ
ថៃ ត្រៀមដាក់ល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ល្ខោនខោល ឬល្ខោនពាក់របាំងមុខរបស់ថៃ។ រូបថត orientalescape
×
រដ្ឋាភិបាលថៃ កំពុងតែរៀបចំដាក់បញ្ចូលរបាំល្ខោនពាក់របាំងមុខ ឬល្ខោនខោល (Khon Masked Dance) ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ។ ការដាក់បញ្ចូលនេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្រុងបាងកក ដែលគ្រោងដាក់សម្បត្តិបេតិកភណ្ឌចំនួនប្រាំ ក្នុងបញ្ជីរបស់ UNESCO ក្នុងរយៈពេលប្រាំខាងមុខ។
ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ រដ្ឋាភិបាលថៃ នឹងដាក់បេតិកភណ្ឌវប្បធម៌របស់ខ្លួនចំនួនប្រាំ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO។ ក្នុងឆ្នាំ២០១៦នេះ របាំល្ខោនស្បែកមុខ (Khon masked dance) ដែលស្រដៀងនឹងល្ខោនខោលរបស់កម្ពុជា នឹងក្លាយជារបាំទីមួយ ដែលរដ្ឋាភិបាលថៃ នឹងស្នើដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតកភណ្ឌអរូបីរបស់អង្គការ UNESCO។
បើតាមកាសែត Bangkok Post បន្ទាប់ពីគម្រោងដាក់របាំល្ខោនស្បែកមុខក្នុងឆ្នាំនេះ រដ្ឋាភិបាលថៃ នឹងបន្តដាក់បេតិកភណ្ឌវប្បធម៌របស់ខ្លួនចំនួនបួនទៀត ទៅក្នុងបញ្ជីរបស់ UNESCO។ ប្រដាល់មួយថៃ (muay Thai) ម៉ាស្សាបែបប្រពៃណី របាំល្ខោននរាហ៍ (Nora dance drama) និងម្ហូបប្រពៃណី ក៏ត្រៀមចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។
ទាក់ទងនឹងការចុះបញ្ជីនេះ រដ្ឋមន្ត្រីវប្បធម៌ថៃ លោក Vira Rojpojchanarat និយាយថា៖ « មូលហេតុមួយ ដែលយើងជ្រើសរើសដាក់របាំល្ខោនស្បែកមុខក្នុងបញ្ជីបេតកភណ្ឌពិភពលោកមុនគេ គឺដោយសារតែរបាំនេះបានបង្ហាញនូវគតិបណ្ឌិតល្អឯក នៃវប្បធម៌ថៃ»។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា របាំល្ខោនស្បែកមុខនេះ ត្រូវបានសម្ដែងលើកដំបូងក្នុងសម័យអាណាចក្រអយុធ្យា។ របាំប្រភេទនេះ ជាប្រភេទល្ខោនដកស្រង់ចេញពីរឿងហិណ្ឌូ រាមាយាណៈ (Ramayana) ត្រង់វគ្គចម្បាំងរវាង ព្រះរាម ដែលជាអវតារបស់ព្រះវិស្ណុ ជាមួយនឹង Ravana ដែលលួចមហេសីព្រះអង្គ។
រឿងរាមាយាណៈ បែបថៃនេះ ត្រូវបានរៀបរាប់តាមរយៈការសម្ដែងល្ខោន ដែលតួអង្គ ស្លៀកពាក់ប្រពៃណីបុរាណ មានពាក់ស្បែកមុខ នឹងបញ្ចេញកាយវិការរាំ ដែលបង្ហាញពីអារម្មណ៍ និងសកម្មភាព។ បើតាមលោក Vira នាយកដ្ឋានជំរុញវប្បធម៌ នឹងស្នើឲ្យ UNESCO ត្រួតពិនិត្យ និងចុះក្នងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី។
កន្លងមក អង្គការ UNESCO តែងតែទទូចឲ្យប្រទេសជាសមាជិកទាំងអស់ ការពារសម្បត្តិបេតិកភណ្ឌអរូបីពិភពលោក ដែលរួមបញ្ចូលទាំង ការអនុវត្ត ចំណេះជំនាញ និងឧបករណ៍ដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណី។ ហើយការត្រៀមចុះឈ្មោះនេះ អាចជាការឆ្លើយតបរបស់រដ្ឋាភិបាលថៃ នឹងការអំពាវនាវនេះផងដែរ៕
Tag:
ល្ខោនខោល
យូនេស្កូ
បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com