ជាតិ
បទវិភាគ
តើជោគជ័យរបស់មនុស្សម្នាក់ៗកើតឡើងដោយសារកត្តាអ្វីខ្លះ?
× ភ្នំពេញ៖ មនុស្សទាំងអស់នៅលើពិភពលោកនេះ សុទ្ធតែចង់បានជោគជ័យក្នុងកិច្ចការនិងក្នុងការរស់នៅរបស់ខ្លួន បើទោះបីការងារនោះប្រភេទណា និង ការរស់នៅរបៀណាក៏ដោយ។ ក៏ប៉ុន្តែ មនុស្សទាំងអស់ មិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ អ៊ីចឹងហើយបានជាមានសំណួរមួយលើកឡើងថា តើជោគជ័យរបស់មនុស្សម្នាក់ៗកើតឡើងដោយសារកត្តាអ្វីខ្លះ? ជោគជ័យរបស់មនុស្សម្នាក់ៗ អាចកើតឡើងដោយសារកត្តាជាច្រើន ដែលក្នុងនោះ មានកត្តាសំខាន់ៗចំនួនបួន គឺខ្លួនឯង អ្នកពាក់ព័ន្ធ ស្ថានភាព និង កត្តាចៃដន្យ។
ខ្លួនឯង ៖ ជាការពិតណាស់ ទោះបីជាការងាររដ្ឋ ការរកស៊ីក្នុងវិស័យឯកជន ការងារក្នុងគ្រួសារ ការសិក្សា ឬ ការងារអ្វីក៏ដោយ ក៏ជោគជ័យឬបរាជ័យ ត្រូវតែផ្ដើមចេញពីខ្លួនឯងដែរ ពីព្រោះបុគ្គលម្នាក់ៗ គឺជាកត្តាកំណត់លើជោគវាសនារបស់ខ្លួន។ ដោយឡែកចំពោះជោគជ័យលើការស្វែងរកទ្រព្យសម្ភារៈ ត្រូវផ្ដើមចេញពីបុគ្គលដែលមានសុខភាពរឹងមាំ ឧស្សាព្យាយាម ឆន្ទៈមោះមុត ជំនាញជ្រៅជ្រះ ចំណេះដឹងទូទៅទូលំទូលាយ គំនិតវិភាគបែបទស្សនវិជ្ជាខ្ពស់ ទស្សនវិស័យទូលំទូលាយ ការគិតជ្រៅជ្រះ ការគិតសមហេតុផល ការទទួលបានព័ត៌មានច្រើន រួមទាំងលទ្ធភាពផ្សេងទៀត ជាពិសេស ដើមទុនខាងហិរញ្ញវត្ថុ។
អ្នកពាក់ព័ន្ធ ៖ ក្រៅពីកត្តាខ្លួនឯង ជោគជ័យរបស់បុគ្គលម្នាក់ៗ ក៏មិនអាចផ្ដាច់ចេញពីការពឹងពាក់អ្នកដទៃដែរ។ អ្នកទាំងនោះ អាចជាឪពុកម្ដាយ អាណាព្យាបាល អ្នកទំនុកបម្រុង អ្នកផ្ដល់គំនិត អ្នកផ្ដល់ព័ត៌មាន អ្នកផ្ដល់ទុន និង អ្នកផ្ដល់ប្រាក់កម្ចី ជាដើម។
ស្ថានភាព៖ បើគេពិនិត្យមើលសើរៗអំពីមូលដ្ឋាននៃការទទួលបានជោគជ័យ គេអាចនិយាយបានថា កត្តាទាំងពីរខាងលើ គឺជាមូលដ្ឋានសមល្មម ដែលអាចសម្រេចជោគជ័យបានហើយ។ ប៉ុន្តែ ប្រសិនបើ គេពិនិត្យឱ្យស៊ីជម្រៅបន្តិច គេនឹងមើលឃើញថា តាមពិត នៅមានកត្តាជះឥទ្ធិពលជាច្រើនទៀតមកលើការទទួលបានជោគជ័យឬបរាជ័យរបស់ខ្លួន។ កត្តាទាំងនោះ មានដូចជា ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គ្រាម សន្តិសុខ របបគ្រប់គ្រង ប្រាក់ខែ ប្រាក់ចំណូល ច្បាប់ អំពើពុករលួយ របត់ទីផ្សារ ធនធានធម្មជាតិ អាកាសធាតុ បាតុភូតធម្មជាតិ ។ល។ ឧទារហរណ៍ បើទោះបីជា បុគ្គលម្នាក់ឬស្ថាប័នមួយ មានឆន្ទៈមោះមុត ជំនាញជ្រៅជ្រះ ចំណេះដឹងទូទៅទូលំទូលាយ គំនិតទស្សនវិជ្ជាទូលំទូលាយ ការសម្រេចចិត្តត្រឹមត្រូវ ទទួលបានព័ត៌មានច្រើន និង មានដើមទុនគ្រប់គ្រាន់ក៏ដោយ ប្រសិនបើ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គ្រាម សន្តិសុខ របបគ្រប់គ្រង ច្បាប់។ល។ មិនល្អប្រសើរទេ ក៏បុគ្គលឬស្ថាប័ននោះ មិនអាចទទួលបានជោគជ័យដែរ។ ហេតុនេះ បម្រែបម្រួល និង ស្ថានភាពល្អឬអាក្រក់នៃវិស័យទាំងនេះ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងមកលើការទទួលបានជោគជ័យឬបរាជ័យរបស់បុគ្គល ឬ ស្ថាប័នប្រាកដមែន។
កត្តាចៃដន្យ ៖ ក្រៅពីកត្តាខ្លួនឯង អ្នកពាក់ព័ន្ធ និង ស្ថានភាព នៅមានកត្តាមួយទៀត ដែលអាចធ្វើឱ្យបុគ្គលឬស្ថាប័ន ទទួលបានជោគជ័យឬបរាជ័យរបស់មនុស្ស នោះគឺកត្តាចៃដន្យ ដែលអាចកើតមកពីភាពចៃដន្យ ឬ ឱកាសពិសេសកម្រណាមួយ ដែលជាផលនៃរបត់សង្គម នយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង បម្រែបម្រួលធម្មជាតិ ជាដើម។ កត្តាទាំងនេះ អាចកើតឡើងដោយនឹកស្មានមិនដល់ ឬ កើតឡើងជាយថាហេតុ។ ហេតុនេះហើយ បានជាមានមនុស្សខ្លះ ជឿថា ជោគជ័យឬបរាជ័យរបស់ពួកគេ កើតឡើងពីព្រេងវាសនាឬព្រហ្មលិខិតទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អំណះអំណាងដែលថាជោគវាសនារបស់មនុស្សផ្អែកលើព្រេងវាសនា ឬ ព្រហ្មលិខិត មិនមានមូលដ្ឋានរឹងមាំនិងច្បាស់លាស់ខាងទស្សនវិជ្ជានិងវិទ្យាសាស្ត្រឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com