ជាតិ
បទវិភាគ
រដូវភ្លៀងបង្កើតសម្រស់បៃតង គឺជាពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្ត
× ភ្នំពេញ៖ ជាធម្មតា នាពេលកន្លងមក អ្នកជំនាញវិស័យទេសចរណ៍នាំគ្នាបង្កើតរដូវពីរ។ រដូវទីមួយ គឺរដូវភ្ញៀវច្រើន(High Season) និងទីពីរ គឺរដូវភ្ញៀវតិច(Low Season)។ តើគេអាចប្តូរពីការហៅ Low Season មកជារដូវផ្ការីក និងរដូវបៃតងវិញបានដែរឬទេ?
នៅក្នុងប្រទេសកម្ពុជា អ្នកជំនាញវិស័យទេសចរណ៍បានបែងចែករដូវកាលជាពីរដើម្បីបញ្ជាក់ពីរដូវកាលដែលកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសច្រើន និងរដូវកាលដែលកម្ពុជាទទួលបានភ្ញៀវបរទេសតិច។
រដូវកាលដែលភ្ញៀវទេសចរមកទស្សនាកម្ពុជាតិចត្រូវបានគេហៅថា ជារដូវ Low Season (រដូវភ្ញៀវតិច)។ រីឯរដូវភ្ញៀវច្រើន ត្រូវបានគេហៅថា High Season។ រដូវ High Season ចាប់ផ្តើមពីខែតុលាដល់ខែកម្ភៈ ឬខែមិនា រីឯរដូវ Low Season គឺចាប់ផ្តើមពីខែមេសា ទៅដល់ខែតុលា។
តើមូលហេតុអ្វីបានជាមានរដូវ Low Season?
សម្រាប់អ្នកជំនាញវិស័យទេសចរណ៍ខ្លះ រដូវភ្ញៀវតិចពីខែមេសាដល់ខែតុលានេះ ពីព្រោះ ក្នុងរង្វង់ខែនេះ កម្ពុជាមានភ្ញៀវធ្លាក់ច្រើនពេកដែលជាប្រការបង្កការលំបាកមិនឲ្យភ្ញៀវមកទស្សនាកម្ពុជាច្រើន។ ម្យ៉ាងទៀត នៅក្នុងរដូវខែមេសាដល់ខែតុលានេះ ប្រទេសមួយចំនួននៅលើពិភពលោកមិនសូវមានថ្ងៃវិស្សមកាល(មិនសូវមានថ្ងៃឈប់សម្រាក)។
ប្រសិនបើហេតុផលទី១ជាកត្តាដាក់បន្ទុកបន្ទុចបង្អាក់ការទស្សនារបស់ជនជាតិបរទេសនៅកម្ពុជាមែននោះ តើកម្ពុជាអាចប្រើប្រាស់រដូវភ្ញៀវនៅកម្ពុជាដើម្បីទាក់ទាញអ្នកទេសចរបរទេសទៅវិញបានដែរឬទេ ពីព្រោះ រដូវភ្ញៀវ គឺជារដូវប៉ៃតង។ នៅក្នុងរដូវនេះ ទេសភាពនៃព្រះរាជាណាចក្រកម្ពុជាពិតជាគ្រប់ដណ្តប់ដោយស្លឹកឈើពណ៌បៃតងគ្រប់តំបន់ និងគ្រប់ទីកន្លែង។ លើសពីទេសភាពពណ៌បៃតង នៅក្នុងរដូវនេះ ដែនដីសុវណ្ណភូមិខ្មែរក៏ឈានមកដល់រដូវផ្ការីកដែរ។ ងាកទៅទីណា ក៏គេឃើញវត្តមានផ្កាចម្រុះពណ៌បង្អួតរាងស្ទើរគ្រប់ទីកន្លែង។
បៃតង បូកនឹងផ្កាចម្រុះពណ៌ គឺជាហេតុផលមួយដែលជំរុញឲ្យអ្នកជំនាញទេសចរណ៍អាចនិយាយប្រាប់ពិភពលោកថា រដូវនេះ មិនមែនជារដូវ Low Season ទេ តែជារដូវផ្ការីក(Spring) និងរដូវបៃតង(Green)។
ម្យ៉ាងវិញទៀត អ្នកជំនាញទេសចរណ៍ ក៏គួរចាត់ទុករដូវភ្ញៀវរបស់ខ្មែរ គឺជាផលិតផលទេសចរណ៍មួយដែរ ពីព្រោះថា អ្នកទេសចរនៃប្រទេសមួយចំនួនមិនដែលឃើញភ្លៀងដូចនៅ
កម្ពុជាទេ។ នេះវាប្រៀបដូចជាអ្នកទេសចរអាស៊ីមួយចំនួនចង់ឃើញព្រិល ដុំទឹកកក រដូវផ្ការីក វាលខ្សាច់សាហារា និងរដូវក្តៅនៅទ្វីបអាហ្វ្រិកអ៊ីចឹងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com