ព័ត៍មានសុខភាព
បើតាម​ការសិក្សា ទារក​បៅ​ទឹកដោះ​ម្តាយ​បាន ៦ ខែ​ដំបូង មិនសូវ​ជួប​បញ្ហា​អត្តចរិត​
20, Jun 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​បាន ៦ ខែ​ដំបូង​បន្ទាប់ពី​ចាប់កំណើត មិនសូវ​ជួប​នូវ​បញ្ហា​អត្តចរិត​ទេ នៅពេលដែល​គេ​ឈានដល់​អាយុ​ចន្លោះ​ពី ៧ ទៅ ១១ ឆ្នាំ នេះ​បើតាម​ការសិក្សា​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​អាមេរិក Plos Medicine កាលពី​ថ្ងៃ​អង្គារ​នេះ​។​



​ការសិក្សា​នេះ​បានធ្វើ​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង ជាមួយនឹង​កុមារ​មាន​សុខភាព​ល្អ​ជាង ១ ៥០០​នាក់ ក្នុងនោះ ៩០០ នាក់​បាន​បៅ​ទឹកដោះ​ម្តាយ​។ សម្រាប់​ក្មេង​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ​រហូតដល់​អាយុ ៦ ខែ មាន​អត្រា ៥៦% ដែល​មិនសូវ​ប្រឈម​នឹង​បញ្ហា​អត្តចរិត នៅពេលដែល​ពួកគេ​ឈានដល់​អាយុ​ចូលរៀន បើ​ធៀប​នឹង​ក្មេង​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ​តិចជាង​មួយខែ​។ ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​បាន​តិចតួច ឆាប់​ឆេវឆាវ និង​មានប្រតិកម្ម​ប្រឆាំង​។ បញ្ហា​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការសិក្សា ទំនាក់ទំនង និង​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង ដែល​សុទ្ធ​តែមាន​ផលប៉ះពាល់​ដល់​ជីវិត​ការងារ​របស់​ពួកគេ​នាពេល​អនាគត​។​

​ការសិក្សា​ក៏បាន​បង្ហាញ​ផងដែរ​ថា កុមារ​តូច​ដែល​ត្រូវបាន​បញ្ជូនទៅ​ទារកដ្ឋាន​យ៉ាងតិច​រយៈពេល​មួយឆ្នាំ មានឱកាស ៧៤% ដែល​អាច​ហ្វឹកហាត់​ឲ្យ​ចេះ​ផ្ចង់អារម្មណ៍ ចងចាំ​នូវ​ការ​ទូន្មាន​ប្រៀនប្រដៅ និង​អាចបំពេញ​ការងារ​ជាច្រើន​ប្រកបដោយ​ជោគជ័យ​៕

​ប្រភព​៖ BFMTV


© រក្សាសិទ្ធិដោយ thmeythmey.com