ព័ត៍មានសុខភាព
ឧស្សាហ៍ធ្វើទុក្ខក្រពះ គឺដោយសារតែទម្លាប់អាក្រក់ទាំងនេះ
× ជំងឺនាពេលបច្ចុប្បន្ននេះ ដូចជា ជំងឺទឹកនោមផ្អែម និងធាត់ជ្រុល ព្រមទាំងការប្រើប្រាស់ថ្នាំ សុទ្ធតែអាចនាំឲ្យធ្វើទុក្ខក្រពះបាន តែយើងក៏អាចបង្ការបានដែរ។ យ៉ាងណាមិញ ការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារធម្មតាៗពីរបីយ៉ាង អាចជួយអ្នកបង្ការការមិនស្រួល ក្នុងក្រពះបានយ៉ាងល្អវិញ។ ដូច្នេះ តើអ្វីទៅជាទម្លាប់ នៃការញ៉ាំអាហារអាក្រក់ ដែលនាំឲ្យក្រពះ ធ្វើទុក្ខញឹកញាប់ទៅ?
ញ៉ាំអាហារច្រើនៗ នៅពេលយប់ជ្រៅ
មិនខ្វល់ថាអ្នកត្រូវបញ្ចប់ការងារ ឬត្រូវធ្វើការដល់យប់ជ្រៅ ឬអត់ទេ តែចូរប្រាកថា អ្នកបានញ៉ាំអាហារតិចៗ និងញ៉ាំអាហារពេលយប់លឿនបន្តិច ដើម្បីបង្ការបញ្ហាធ្វើទុក្ខក្រពះ។ នេះដោយសារតែ ទម្លាប់នៃការញ៉ាំអាហារ នៅពេលយប់ជ្រៅ និងញ៉ាំអាហារច្រើនៗ អាចបណ្តាលឲ្យមិនស្រួល ដល់ពោះវៀន ដែលជាហេតុនាំឲ្យធ្វើទុក្ខក្រពះបាន។
អាហារមានជាតិខ្លាញ់ និងហឹរច្រើន
អាហារពីរប្រភេទនេះ តែងតែអាចបណ្តាលឲ្យក្រពះមិនស្រួល ដូច្នេះ ត្រូវតែនិយាយថាទេ ចំពោះអាហារទាំងនេះ ពេលត្រូវការញ៉ាំច្រើនៗ។ វាមិនត្រឹមតែបណ្តាលឲ្យរលាកក្រពះទេ តែក៏ប្រឈមកាន់តែខ្លាំង នឹងផលវិបាកក្នុងក្រពះដែរដូចជា ឡើងជាតិអាស៊ីតខ្លាំង និងឈឺក្នុងពោះទៀត។
ញ៉ាំច្រើនជ្រុល
មនុស្សយើងភាគច្រើន តែងញ៉ាំច្រើនៗនៅពេលស្ត្រេស ឬកំពុងមើលទូរទស្សន៍ ដែលជាហេតុនាំឲ្យធ្វើទុក្ខក្រពះជាញឹកញាប់។ ម្យ៉ាងវិញទៀត អាហារទាំងនេះ ភាគច្រើន មិនផ្តល់សុខភាពឡើយ។
ចន្លោះពេលញ៉ាំអាហារយូរៗពេក
មនុស្សភាគច្រើន ជាពិសេស ដែលចង់សម្រកទម្ងន់ តែងតែចាប់ផ្តើមញ៉ាំអាហារពេលព្រឹកច្រើនៗ តែមិនញ៉ាំអាហារថ្ងៃត្រង់ ឬអាហារសម្រន់ទេ ហើយបែរជាញ៉ាំអាហារពេលយប់ច្រើនៗទៅវិញ។ វាពិតជាមិនមែនរឿងល្អឡើយ ដែលត្រូវដាក់គម្លាត ពេលញ៉ាំអាហារយូរៗបែបនេះ ហើយក៏ជាហេតុនាំឲ្យ ធ្វើទុក្ខក្រពះជាញឹកញាប់ដែរ។
ញ៉ាំទឹកក្នុងពេលញ៉ាំអាហារ
មែនហើយ បើសិនជាអ្នកមានទម្លាប់ញ៉ាំទឹក ក្នុងពេលញ៉ាំអាហារ អ្នកគួរតែចៀសវាងវាទៅ ព្រោះវានឹងទៅពង្រាវរសក្រពះ សម្រាប់ជំនួយដល់ការរំលាយអាហារ ដូច្នេះ ការរំលាយអាហារនឹងថយចុះ ដែលជាហេតុនាំឲ្យធ្វើទុក្ខក្រពះទៀត។
មិនទំពារអាហារម៉ត់ល្អ
តើអ្នកខ្លាចទៅធ្វើការយឺតពេលមែនទេ? ដូច្នេះ អ្នកតែងតែញ៉ាំអាហារពេលព្រឹកលឿន និងមិនបានទំពារម៉ត់ល្អឡើយ ដោយផឹកទឹកមួយកែវ ឲ្យវាទៅអស់តែម្តង។ បើសិនជារឿងនេះ កើតឡើងរាល់ព្រឹកមែន នោះ អ្នកគួរតែដល់ពេលឈប់ ហើយត្រូវទំពារអាហារឲ្យបានម៉ត់ល្អសិន ដើម្បីកុំឲ្យក្រពះធ្វើទុក្ខទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com