បទវិភាគ
ក្រៅពីនិយមន័យ តើអ្វីជាសភាវៈនៃ «គតិបណ្ឌិត»?
× ភ្នំពេញ៖ នៅពេលណាអ្នកឮពាក្យ «គតិបណ្ឌិត» អ្នកត្រូវឈ្វេងយល់ដល់សកម្មភាពមួយគឺ «ដំណើរអ្នកប្រាជ្ញ ឬលម្អានអ្នកប្រាជ្ញ» ។ តាមនិយមន័យនេះ គឺចង់សំដៅថា បុគ្គលណាមានគតិបណ្ឌិត គឺបុគ្គលនោះមានដំណើរជីវិតប្រព្រឹត្តទៅដូចអ្នកប្រាជ្ញ ឬតាមលម្អាននៃអ្នកប្រាជ្ញ។
ការបកស្រាយខាងលើ គឺគ្រាន់តែជានិយមន័យតែប៉ុណ្ណោះ។ អ្វីដែលសំខាន់ជាងនេះគឺថា តើអ្វីខ្លះដែលជាអាថ៌កំបាំងនៅពីក្រោយនិយមន័យនៃពាក្យ «គតិបណ្ឌិត»? អ្វីជាធាតុផ្សំនៃ «គតិបណ្ឌិត»?
នៅពេលអ្នកប្រាជ្ញឬបណ្ឌិតសួរថាតើអ្វីជា «គតិបណ្ឌិត» ? គឺលោកប្រាកដជាចង់ដឹងពីខ្លឹមសារ, លក្ខណ, សភាវៈ និងដំណើរនៃគតិបណ្ឌិតនោះ ជាជាងចង់ដឹងត្រឹមតែអត្ថន័យ ។
នៅពីក្រោយនិយមន័យ គតិបណ្ឌិតមានបង្កប់នូវធាតុផ្សំ៤យ៉ាងគឺ លក្ខណៈធម្មជាតិ, បញ្ញត្តិ, ដំណើរប្រព្រឹត្តទៅ និងការងារ ដែលធាតុទាំងនេះ អាចទ្រទ្រង់ដល់បុគ្គលណាម្នាក់ ឲ្យមានឈ្មោះថា «ជនមានគតិបណ្ឌិតពេញលក្ខណ»។ ជនដែលមានគតិបណ្ឌិត ជាបុគ្គលដែលមានធាតុទាំងបួននេះក្នុងខ្លួន៖
• លក្ខណធម្មជាតិ៖ ជនប្រកបដោយគតិបណ្ឌិត គឺមានលក្ខណ និងឧបនិស្ស័យដូចអំពៅ ទោះបីទៅដល់ទីណាក៏ដោយ ក៏មិនប្រែប្រួលសារជាតិរបស់ខ្លួនជាដាច់ខាត។
• បញ្ញត្តិ៖ វាជាប្រត្យក្សទៅហើយ ដែលថាជនមានគតិបណ្ឌិត គឺត្រូវតែជាជនមានចំណេះដឹងខ្ពង់ខ្ពស់ មានបញ្ញាជ្រៅជ្រះ មានការគិតពិចារណាប្រកបដោយហេតុផល។ ម្យ៉ាងទៀត ជនមានគតិបណ្ឌិត ក៏ជាជនដែលមានមេត្តាករុណា មានចិត្តសន្ដោសប្រោសប្រណី អធ្យាស្រ័យដល់អ្នកផងទាំងពួង មានសន្តានចិត្តជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកដទៃ ឲ្យរួចចាកទុក្ខលំបាក។
• ដំណើរជីវិត៖ ការប្រព្រឹត្តទៅនៃជីវិតរបស់បុគ្គលប្រកបដោយគតិបណ្ឌិត តែងតែសាងនូវអំពើល្អជានិច្ច តែងញ៉ាំងខ្លួនឲ្យស្អាតបរិសុទ្ធទាំងកាយវាចាចិត្ត ហើយក៏ដឹកនាំអ្នកដទៃឲ្យសាងអំពើជាកុសល និងធ្វើខ្លួនឲ្យបរិសុទ្ធដូចខ្លួនដែរ។ ក្នុងការរស់នៅ ជននេះតែងតែធ្វើជាគំរូក្នុងការសាងអំពើល្អដល់មនុស្សគ្រប់រូប។
• សកម្មភាពនិងការងារ៖ គេតែងសម្គាល់ឃើញថា ក្នុងមួយជីវិតរបស់ជនមានគតិបណ្ឌិត គឺពួកគេតែងធ្វើសកម្មភាព និងបំពេញកិច្ចការងារទាំងឡាយណាដែលអាចញ៉ាំងប្រយោជន៍និងសេចក្តីចម្រើន ដល់គ្រួសារ បងប្អូនសាច់ញាតិ សង្គមមនុស្សជាតិទាំងពួង។ ពួកគេតែងតែសន្សល់ទុកនូវស្នាដៃដ៏មានតម្លៃផ្សេងៗ ពេលគេនៅមានជីវិត និងពេលដែលគេលាចាកលោកទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com