ពីនេះ ពីនោះ
ហេតុអ្វី​បានជា​មិនសូវមាន​យុវជន​ជា​អ្នក​ដឹក​ថ្នាក់ក្រោម​ជាតិ​?
03, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ជា​រៀងរាល់ឆ្នាំ និស្សិត​គ្រប់​ជំនាញ​បានបញ្ចប់​ការសិក្សា​រាប់ម៉ឺន នាក់​ពី​សាកលវិទ្យាល័យ ទូទាំងប្រទេស​។ ចំណែក​លំហូរ​និស្សិត​ទាំងនោះ​ទៅក្នុង​ទីផ្សា​ការងារ ក៏​កាន់តែច្រើន ហើយក៏​ជា​រឿង​ល្អ​សម្រាប់​ជាតិ​។ ប៉ុន្តែ​ចុះ​ហេតុអ្វី​បានជា​លំហូរ បញ្ញវន្ត​បែរជា​មិន​ចូលទៅក្នុង​ដំណែង តួនាទី​ជា​អ្នកដឹកនាំ គ្រប់គ្រង​ភូមិ ឃុំ ស្រុក ទៅវិញ​?


​នៅក្នុង​របៀប​គ្រប់គ្រង​ប្រទេស មាន​អ្នកខ្លះ​គិតថា ពង្រឹង​ថ្នាក់ជាតិ​ឲ្យ​បាន​រឹងមាំ​ទើប​ធ្វើ​ឲ្យ​ជាតិ​ខ្លាំង អ្នកខ្លះ​គិតថា​ត្រូវ​រៀបចំ​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​ខ្លាំង ឲ្យ​រឹងមាំ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស មន្ត្រី​ថ្នាក់ក្រោម​មាន​សមត្ថភាព មានចំណេះដឹង ទើប​នាំ​ឲ្យ​ការអភិវឌ្ឍ​ជាតិ​មាន​លក្ខណៈ​ងាយស្រួល​។ អ្នកខ្លះ​គិតថា មិនអាច​និយាយ​តែមួយ​បានទេ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​សុទ្ធ​តែមាន​ទំនាក់ទំនង​គ្នា គឺ​ត្រូវតែ​គិត និង​រៀបចំ​ទាំងពីរ​។​

​ចំពោះ​សង្គម​បច្ចុប្បន្ននេះ ការជ្រើសរើស​មន្ត្រី ដើម្បី​បម្រើ​ការងារ​ថ្នាក់ជាតិ ដែល​ជ្រើស​ចេញពី​បណ្ដា​ក្រុម​បញ្ញវន្ត មិនមែនជា​រឿង​ដែល​លំបាក​។ ប៉ុន្តែ​នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​តំណែង​ជា​មេភូមិ មេឃុំ រួមទាំង​តំណែង​ថ្នាក់ស្រុក បែរជា​ពិបាក​ទាញយក​កម្លាំង​បញ្ញវន្ត​ទៅ​បម្រើ ឬ​ធ្វើ​កិច្ចការ​ទាំងនេះ​។​

​តើ​មូលហេតុ​ពិត​មកពី​កត្តា​អ្វី​? ហេតុអ្វី​បានជា​យុវជន​មិន​ចង់ទៅ​អភិវឌ្ឍ​ភូមិ ឃុំ ស្រុក​របស់ខ្លួន ដោយ​ប្រើប្រាស់​ចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​រៀនសូត្រ បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​តំ​ពាំង​ស្នង​ប្រទេស​?

​ប្រហែល​មិនមែនជា​រឿង​ដែល​ចម្លែក​នោះទេ​ដែល​យុវជន​រាប់ម៉ឺន​នាក់​បានបញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ បែ​ជា​មិន​ទៅ​បម្រើ​ការងារ​ជាម​ន្ត្រី ជា​ថ្នាក់ដឹកនាំ​ភូមិ ឃុំ ស្រុក ហើយ​បណ្ដោយ​ឲ្យ​មន្ត្រី​តាម​ភូមិ ឃុំ ស្រុក សម្បូរ​ភាគច្រើន​គឺ​សុទ្ធតែជា​មន្ត្រី​ចាស់ៗ អាយុ​ច្រើន​។ បញ្ហា​នេះ ចំពោះ​បទពិសោធន៍​ការងារ គេ​មិនអាច​និយាយថា​មន្ត្រី​ចាស់​ជាម​ន្ត្រី​អន់ មិនមាន​សមត្ថភាព​ទេ ប៉ុន្តែ​យុវជន​ជំនាន់​ថ្មី​នេះ​ក៏​សម្បូរ​អ្នកមាន​សមត្ថភាព​ច្រើន អាច​សង្ឃឹម​ច្រើន ក្នុង​ដឹកនាំ​ភូមិ​ឃុំ ស្រុក ឲ្យ​មានការ​អភិវឌ្ឍ​ផងដែរ​។​

​ប៉ុន្តែ​ហេតុអ្វី​បានជា​យុវជន ចេះតែ​មើលរំលង​កិច្ចការ​ទាំងនេះ​? ចុះ​ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​នៅតែ​មិន​ព្រមធ្វើ​កំណែទម្រង់​? ឬមួយ​សង្គម​មួយ​នេះ មិនមាន​យុវជន​អាចមាន​សមត្ថភាព​ធ្វើ​កិច្ចការ​ទាំងនេះ​បានទេ​? ឬមួយ​មកពី​បញ្ហា​ប្រាក់ខែ​តិច​? ឬមួយ​មកពី​យុវជន​មិនអាច​ប្រព្រឹត្ត​អំពើ​រលួយ​បាន​? ឬមួយ​យុវជន​គិតថា ខ្លួន​ជា​បញ្ញវន្ត​មិន​សម​ទៅកាន់​ការងារ​បែប​ហ្នឹង​? ឬមួយ​យុវជន​គិតថា ការងារ​ជា​អ្នកទទួលបន្ទុក​អភិវឌ្ឍន​ភូមិ​ឃុំ ស្រុក​មិន​សំខាន់​?


© រក្សាសិទ្ធិដោយ thmeythmey.com