ពីនេះ ពីនោះ
ហេតុអ្វីបានជាមិនសូវមានយុវជនជាអ្នកដឹកថ្នាក់ក្រោមជាតិ?
× ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ និស្សិតគ្រប់ជំនាញបានបញ្ចប់ការសិក្សារាប់ម៉ឺន នាក់ពីសាកលវិទ្យាល័យ ទូទាំងប្រទេស។ ចំណែកលំហូរនិស្សិតទាំងនោះទៅក្នុងទីផ្សាការងារ ក៏កាន់តែច្រើន ហើយក៏ជារឿងល្អសម្រាប់ជាតិ។ ប៉ុន្តែចុះហេតុអ្វីបានជាលំហូរ បញ្ញវន្តបែរជាមិនចូលទៅក្នុងដំណែង តួនាទីជាអ្នកដឹកនាំ គ្រប់គ្រងភូមិ ឃុំ ស្រុក ទៅវិញ?
នៅក្នុងរបៀបគ្រប់គ្រងប្រទេស មានអ្នកខ្លះគិតថា ពង្រឹងថ្នាក់ជាតិឲ្យបានរឹងមាំទើបធ្វើឲ្យជាតិខ្លាំង អ្នកខ្លះគិតថាត្រូវរៀបចំឲ្យថ្នាក់ក្រោមជាតិឲ្យខ្លាំង ឲ្យរឹងមាំ មានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស មន្ត្រីថ្នាក់ក្រោមមានសមត្ថភាព មានចំណេះដឹង ទើបនាំឲ្យការអភិវឌ្ឍជាតិមានលក្ខណៈងាយស្រួល។ អ្នកខ្លះគិតថា មិនអាចនិយាយតែមួយបានទេ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសុទ្ធតែមានទំនាក់ទំនងគ្នា គឺត្រូវតែគិត និងរៀបចំទាំងពីរ។
ចំពោះសង្គមបច្ចុប្បន្ននេះ ការជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារថ្នាក់ជាតិ ដែលជ្រើសចេញពីបណ្ដាក្រុមបញ្ញវន្ត មិនមែនជារឿងដែលលំបាក។ ប៉ុន្តែនៅថ្នាក់ក្រោមជាតិ ជាពិសេសតំណែងជាមេភូមិ មេឃុំ រួមទាំងតំណែងថ្នាក់ស្រុក បែរជាពិបាកទាញយកកម្លាំងបញ្ញវន្តទៅបម្រើ ឬធ្វើកិច្ចការទាំងនេះ។
តើមូលហេតុពិតមកពីកត្តាអ្វី? ហេតុអ្វីបានជាយុវជនមិនចង់ទៅអភិវឌ្ឍភូមិ ឃុំ ស្រុករបស់ខ្លួន ដោយប្រើប្រាស់ចំណេះជំនាញដែលខ្លួនបានសិក្សារៀនសូត្រ បំពេញកាតព្វកិច្ចក្នុងនាមជាតំពាំងស្នងប្រទេស?
ប្រហែលមិនមែនជារឿងដែលចម្លែកនោះទេដែលយុវជនរាប់ម៉ឺននាក់បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ បែជាមិនទៅបម្រើការងារជាមន្ត្រី ជាថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ហើយបណ្ដោយឲ្យមន្ត្រីតាមភូមិ ឃុំ ស្រុក សម្បូរភាគច្រើនគឺសុទ្ធតែជាមន្ត្រីចាស់ៗ អាយុច្រើន។ បញ្ហានេះ ចំពោះបទពិសោធន៍ការងារ គេមិនអាចនិយាយថាមន្ត្រីចាស់ជាមន្ត្រីអន់ មិនមានសមត្ថភាពទេ ប៉ុន្តែយុវជនជំនាន់ថ្មីនេះក៏សម្បូរអ្នកមានសមត្ថភាពច្រើន អាចសង្ឃឹមច្រើន ក្នុងដឹកនាំភូមិឃុំ ស្រុក ឲ្យមានការអភិវឌ្ឍផងដែរ។
ប៉ុន្តែហេតុអ្វីបានជាយុវជន ចេះតែមើលរំលងកិច្ចការទាំងនេះ? ចុះហេតុអ្វីបានជាថ្នាក់ដឹកនាំនៅតែមិនព្រមធ្វើកំណែទម្រង់? ឬមួយសង្គមមួយនេះ មិនមានយុវជនអាចមានសមត្ថភាពធ្វើកិច្ចការទាំងនេះបានទេ? ឬមួយមកពីបញ្ហាប្រាក់ខែតិច? ឬមួយមកពីយុវជនមិនអាចប្រព្រឹត្តអំពើរលួយបាន? ឬមួយយុវជនគិតថា ខ្លួនជាបញ្ញវន្តមិនសមទៅកាន់ការងារបែបហ្នឹង? ឬមួយយុវជនគិតថា ការងារជាអ្នកទទួលបន្ទុកអភិវឌ្ឍនភូមិឃុំ ស្រុកមិនសំខាន់?
© រក្សាសិទ្ធិដោយ thmeythmey.com