បទវិភាគ
គ្មាន​បុគ្គល​ណា​ចេះ​សព្វ​យ៉ាង​ម្នាក់ឯង​នោះទេ​!
16, Dec 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាប់​ចាប់ពី​ជន​សាមញ្ញ​ទៅ រហូតដល់​អ្នកមានចំណេះដឹង អ្នកប្រាជ្ញ ទស្សនវិទូ អ្នកមាន​ទេពកោសល្យ អ្នកនយោបាយ អ្នកដឹកនាំ និង សូម្បីតែ​ព្រះ​ក៏ដោយ ក៏​គ្មាន​អ្នកណាម្នាក់​មាន​សុ​ក្រិត​ភាព​១០០%​ដែរ​។ ហេតុនេះហើយ បានជា​នៅមាន​អាថ៌កំបាំង ចម្ងល់ ចន្លោះប្រហោង បញ្ហា​ស្មុគស្មាញ​ទាំង​ក្នុង​ធម្មជាតិ​និង​សង្គម និង នៅមាន​ឧបសគ្គ​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ ដែល​មនុស្ស​ទាំង​អស់កំ​ពុង​តែ​ប្រឈមមុខ និង ត្រូវ​រួមគ្នា​ដោះស្រាយ​ជា​បន្តបន្ទាប់​។

 
​ជា​ការណ៍​ពិតណាស់ មនុស្ស​ម្នាក់ៗ ឬ ក្រុម​នីមួយៗ បើទោះបី​ជាមាន​សមត្ថភាព​កម្រិត​ណាក៏ដោយ ក៏​មិនអាច​ចៀស​ផុតពី​បញ្ហា និង មិនអាច​ដោះស្រាយ​បញ្ហា​តែម្នាក់ឯង​បាន​សព្វ​ជ្រុងជ្រោយ និង គ្រប់ពេល​ដែរ​។ លទ្ធភាព​មាន​ដែន​កំណត់​នេះ មិនមែន​កើតមាន​តែ​ចំពោះ​ជន​សាមញ្ញ​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នកមានចំណេះដឹង​ខ្ពស់ អ្នកប្រាជ្ញ ទស្សនវិទូ អ្នកមាន​ទេពកោសល្យ អ្នកមាន​បទពិសោធ អ្នកនយោបាយ​ជើងចាស់ អ្នកដឹកនាំ​ឆ្នើម ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍ ទាំង​ប្រទេស​ក្រីក្រ ឬ ក៏​សូម្បីតែ​នៅ​ស្ថានសួគ៌​ក៏ដោយ ក៏​មិនអាច​ដោះស្រាយ​បញ្ហា​ធម្មជាតិ សង្គម នយោបាយ សេដ្ឋកិច្ច និង បញ្ហា​ផ្សេងៗ​ទៀត​បាន​១០០%​ដែរ​។​
 
​ឈរលើ​ហេតុផល​នេះហើយ ដែល​តម្រូវឱ្យ​បុគ្គល​ម្នាក់ៗ ក្រុម​នីមួយៗ ស្ថាប័ន​នីមួយៗ ប្រទេស​នីមួយៗ ឬ តំបន់​នីមួយៗ ត្រូវតែ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ពិភាក្សាគ្នា សន្ទនា​គ្នា ដើម្បី​ផ្លាស់ប្ដូរ​យោបល់ ចែករំលែក​ទិន្នន័យ ព័ត៌មាន របកគំហើញ គំនិត ទស្សនៈ ឬ ទ្រឹស្ដី​ផ្សេងៗ តាមរយៈ​វី​ធី​សំយោគ ឬ វិធី ប​ដិ​សំយោគ ដើម្បី​រួមគ្នា​រក​រូបមន្ត ឬ វិធី​ល្អៗ សមស្រប សម្រាប់​ដោះស្រាយ​ទាំង​បញ្ហា​ដោយឡែក​និង​បញ្ហា​រួម ដែល​កំពុង​កើតឡើង​ក្នុងប្រទេស​នីមួយៗ ក្នុង​តំបន់​នីមួយៗ និង ពិភពលោក​ទាំងមូល​។  
 
​ដូចគ្នា​ដែរ នៅ​កម្ពុជា អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ វិនិយោគិន អាជីវករ សង្គម​ស៊ីវិល អ្នកនយោបាយ អ្នកដឹកនាំ អ្នកគ្រប់គ្រង កម្មករ និយោជិត និង ប្រជាពលរដ្ឋ​ទាំងអស់ គួរតែ​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់ ដើម្បី​ប្រមូល​យកគំនិត​និង​វិធី​ល្អៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​កើតមាន​សព្វថ្ងៃ ដូចជា បញ្ហា​ចរាចរណ៍ គ្រឿងញៀន អំពើពុករលួយ អំពើ​ល្មើសច្បាប់​និង​អំពើ​អសីលធម៌​ជាច្រើន​ទៀត ជាជាង​ប្រឈមមុខ​ដាក់គ្នា ទម្លាក់កំហុស​ឱ្យ​គ្នា​ទៅវិញទៅមក បដិសេធ​មតិយោបល់​គ្នា​ទៅវិញទៅមក​បែប​អវិជ្ជមាន​។​
 
​ជា​ការណ៍​ពិត ប្រសិនបើ​ម្នាក់ៗ​ឬ​ក្រុម​នីមួយៗ អាចមាន​សុ​ក្រិត​ភាព​១០០%​និង​មានលទ្ធភាព​សព្វបែបយ៉ាង​នោះ ប្រហែលជា​មិនចាំបាច់​មាន​ព្រះ​ច្រើន អ្នកដឹកនាំ​ច្រើន ឬ អ្នក​ប្រាជ្ញា​ច្រើន​ទេ ហើយក៏​មិនមាន​បញ្ហា​ច្រើន​នៅក្នុង​ធម្មជាតិ​និង​សង្គម ដែល​មិនអាច​ដោះស្រាយបាន​ដូច​សព្វថ្ងៃ​នេះដែរ​។ លើសពីនេះ​ទៀត គ្មាន​អ្នកណាម្នាក់​មានចំណេះដឹង​ជ្រៅជ្រះ ឬ ក្លាយជា​បណ្ឌិត ឬ អ្នកប្រាជ្ញ​ពហុ​ជំនាញ​បានទេ​។ 
 
​ដូច្នេះ ក្នុងការ​បំពេញការងា​រ​សព្វ​យ៉ាង រួមមាន​ការងារ​ក្នុង​គ្រួសារ ស្ថាប​ប័ន​ថ្នាក់ជាតិ អន្តរជាតិ ទាំង​ការងារ​សង្គម នយោបាយ ការងារ​មនុស្សធម៌ និង ការងារ​វិទ្យាសាស្ត្រ ក៏​ត្រូវតែ​រួមគ្នា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក និង ធ្វើ​ប​ដិ​សំយោគ នូវ​មតិ​ខុសៗ​គ្នា ឬ ប្រឆាំង​គ្នា​ទាំងនោះ ដើម្បី​ឈានទៅរក​យោបល់​រួម ទស្សនៈ​រួម និង របកគំហើញ​រួម ការបង្កើត​ថ្មី​រួម ដែលមាន​លក្ខណៈ​ទូលំទូលាយ​ជាង ពេញលេញ​ជាង ត្រឹមត្រូវ​ជាង និង អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើនជាង​លទ្ធភាព​របស់​បុគ្គល​ម្នាក់ ឬ ស្ថាប័ន​តែមួយ​។​
 
​ជាក់ស្ដែង ករណី​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន រដ្ឋាភិបាល បក្ស​កាន់អំណាច បក្សប្រឆាំង សង្គម​ស៊ីវិល វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​ទាំងអស់ រួមជាមួយ​អ្នកវិទ្យាសាស្ត្រ និង អ្នកជំនាញ​ពាក់ព័ន្ធ គួរ​រួមគ្នា​រិះរក​ឬ​សគល់​នៃ​បញ្ហា និង រួមគ្នា​ដោះស្រាយ​បញ្ហា ដោយ​តម្កល់​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ផលប្រយោជន៍​ជាតិ សច្ចភាព យុត្តិធម៌ និង សុខដុម​នីយកម្ម​ជាធំ​។ បើ​មិន​ដូច្នោះ​ទេ សង្គម​ខ្មែរ​នឹងមិន​ទ​ទួ​បាន​សេចក្ដីសុខ​យូរ​អ្វែ​ង​ឡើយ ហើយនឹង​នៅតែ​ក្លាយជា​កម្មវត្ថុ​នៃ​មហិច្ឆតា​នយោបាយ​របស់​ប្រទេសជិតខាង​ខ្លះ និង ប្រទេស​មហាអំណាច​មួយ​ចំនួន​៕     

Tag:
 មតិ​ចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com