ពីនេះ ពីនោះ
និយាយថា​ចង់​កសាង​ជាតិ តែ​នៅ​ខ្វះ​ការប្រតិបត្តិ​
08, Jul 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកដឹកនាំ គឺជា​អ្នកទទួលខុសត្រូវ ក្នុង​ការកសាង​មូលដ្ឋាន​ជាតិ​ឲ្យ​បាន​រឹងមាំ​។ ដើម្បី​ទទួលបាន​កម្លាំង​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ ដែលជា​កម្លាំង​ពិត​ក្នុងការ​ចូលរួម​កសាង និង​អភិវឌ្ឍ​សង្គមជាតិ ប្រជាពលរដ្ឋ​នៃ​សង្គម​នោះ គឺ​ត្រូវតែ​ជា​ក្រុមមនុស្ស​ដែលមាន​ស្មារតី​រឹងមាំ មិន​តក់ស្លុត មាន​ប្រាជ្ញា​អាច​ចេះ​វិភាគ ពិចារណា ស្វែងរក​ហេតុ​និង​ផល ខុស និង​ត្រូវបាន ។



​គ្រប់​សង្គម​ទាំងអស់​អ្នកណា​ក៏​គេ​ដឹង​ដែរ​ថា កម្លាំង​ពិត​របស់​សង្គម គឺ​កម្លាំង​ប្រជាពលរដ្ឋ​។ ចំណែក​ពលរដ្ឋ​ដែល​អាច​ចាត់ទុកថា ជា​កម្លាំង​ពិត​បាន គឺជា​ប្រជាពលរដ្ឋ​ដែលមាន​ការយល់ដឹង​គ្រប់គ្រាន់ និង​ទទួលបាន​ព័ត៌មាន ពី​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ តាមរយៈ​ការ អប់រំ​បណ្តុះបណ្តាល និង​ការទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ បន្ថែម​ពីនេះ ពលរដ្ឋ​នោះ​គឺជា មនុស្ស​ប្រកបដោយ​គុណភាព មាន​សីលធម៌ គុណធម៌ និង​ចំណេះ​ជំនាញ មានការ​យល់ដឹង ដែល​ជំរុញ​ឲ្យ​មានការ​គិតពិចារណា នាំ​ឲ្យ​មាន​មនសិការ ឧ​ត្ត​ម​គតិ​ជាតិ​។​

​យ៉ាងណា​អ្នកដឹកនាំ ក្រុម​អ្នកដឹកនាំ​ល្អ គេ​ដឹង​ភ្លាម​ថា ជា​ក្រុមមនុស្ស​ដែលមាន​ភាពច្បាស់លាស់ ក្នុងការ​កំណត់​គោលដៅ យុទ្ធសាស្ត្រ សកម្មភាព​ជាក់ស្តែង និង​រិះរក​គ្រប់​មធ្យោបាយ សម្រាប់​យកទៅអនុវត្ត​គម្រោង ផែនការ សកម្មភាព​ឲ្យ​មាន​ប្រសិទ្ធភាព និង​បាន​ជោគជ័យ ក្នុង​ការកសាង​ជាតិ​របស់ខ្លួន​។ ការកសាង​ប្រព័ន្ធគ្រប់គ្រង​មូលដ្ឋាន ប្រកបដោយ​គុណភាព ការទទួលខុសត្រូវ និង​ប្រសិទ្ធភាព​ការងារ​។ អ្នកដឹកនាំ ក្រុម​អ្នកដឹកនាំ មិនមែនជា​ក្រុមមនុស្ស​ដែល​គ្រាន់តែ​ទៅកាន់​តំណែង ហើយ​បញ្ជា​នោះទេ ប៉ុន្តែ​ជា​ក្រុមមនុស្ស​ដែល​ត្រូវ​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះ​បញ្ហា​ជាតិ​។​

​ប៉ុន្តែ​អ្វី​ទាំងឡាយ​វា​គ្រាន់តែ​ជា​ពាក្យ​ដដែលៗ ដែល​គេ​និយាយ​ត​គ្នា រាប់​ឆ្នាំ​មកហើយ​។ ការពិគ្រោះ​យោបល់ ពិភាក្សា​វែកញែក ដោយ​ក្តី​គោរព និង​ផ្តល់​តម្លៃ ដល់​គ្នា​ទៅវិញទៅមក តាម​តួនាទី​ភារកិច្ច គឺជា​មូលដ្ឋាន​ក្នុងការ​ឈានទៅរក ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ដឹកនាំ​មួយ​ប្រកបដោយ​តម្លាភាព សុចរិត​ភាព គណនេយ្យភាព និង​សន្តិភាព  ដោយ​គ្មាន​ការប្រមាថ ញុះញង់​បំបែកបំបាក់ សម្លាប់​ដោយ​អនាធិបតេយ្យ ដើម្បី​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​។ ទាំងនេះ​គឺជា​ទ្រឹស្ដី​ដែល​បណ្ដារ​បញ្ញវន្ត យុវជន ប្រជាជន អ្នកនយោបាយ​តែងតែ​លើកឡើង បន្ទោស​ឲ្យ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​នៅតែ​មិន​ព្រម​នាំគ្នា​ប្រតិបត្តិ ថា​នឹងធ្វើ​ឲ្យ​បាន​ដើម្បី​ជាតិ​មាតុភូមិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com