ពីនេះ ពីនោះ
បើ​ខ្មែរ​នៅតែ​គ្មាន​វិន័យ ជាតិខ្មែរ​នៅតែ​ទន់ខ្សោយ​
07, Apr 2019 , 3:09 pm        
រូបភាព
ភ្នំពេញ​៖ ជាតិ​មួយ​ខ្លាំង គឺត្រូវធ្វើ​រឿង​ច្រើនណាស់​ទើប​អាចជួយ​ជាតិ​ឲ្យ​ងើបឡើង​បាន​។ និយាយ​ម្យ៉ាងទៀត​គឺ គ្រប់​វិស័យ​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​សកម្ម ដើម្បីជំរុញ​ដំណើរ​វិ​វ​ឌ្ឍ​ទៅមុខ​របស់​ជាតិ​។  ប៉ុន្តែ​ដើម្បី​ឲ្យ​កិច្ចការ​ទាំងនោះ​អាច​ដំណើរការ​ទៅបាន ​គឺត្រូវការ​ជា​ចាំបាច់​ពលរដ្ឋ​មាន​វិន័យ មាន​សណ្ដាប់ធ្នាប់ ស្គាល់​ច្បាប់​ស្គាល់​ទម្លាប់​។​



​រហូតមក​ពេល​បច្ចុប្បន្ននេះ ប្រសិនបើ​ខ្មែរ​នៅតែ​បន្ត​មាន​អត្ត​ច​រិ​ក​មិនទាន់​ចេះ គោរព​គ្នា ផ្ដល់​សិទ្ធិ​ឲ្យ​គ្នា អនុគ្រោះ​គ្នា យោគយល់​គ្នា អធ្យាស្រ័យ​គ្នានោះទេ ទោះ​ខ្មែរ​ស្រែកយំ​យ៉ាងណា​ក៏​មិន​អាចធ្វើ​ឲ្យ​ជាតិ​មួយ​នេះ​រឹងមាំ​បានឡើយ មូលហេតុ​គឺ​គិត​អត្តទត្ថ​និយម​។​

​ជាក់ស្ដែង​មិនចាំបាច់​មើល​អ្វី​ឆ្ងាយ​នោះទេ គ្រាន់តែ​បញ្ហា​សំរាម ក៏​ខ្មែរ​មួយ​ភាគ​ធំ​មិនទាន់​ចេះ​បោះ​សំរាម​ចោល​ផង គឺ​មិន​សំខាន់​កន្លែង​អ្នកផ្សេង​ស្អាត​ឬ​មិន​ស្អាត​ឡើយ ប៉ុន្តែ​សំខាន់​កន្លែង​ខ្លួនឯង​ស្អាត​ នេះហើយគំនិត គិតប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីអ្នកដទៃ។​

​បើ​និយាយ​ក៏​រាប់មិនអស់​ថា ខ្មែរ​នៅ​ខ្សោយ​អ្វី ប៉ុន្តែ អត្ត​ច​រិ​ក​ទន់ខ្សោយ​នៃ​ជាតិ​សាសន៍​មួយ​នេះ​ត្រូវតែ​កែប្រែ​។ ប្រសិនបើ​ត្រូវតែ​កែប្រែ និស្សិត​បញ្ញវន្ត អ្នកនយោបាយ និង​អ្នក​សារពត៌មាន ត្រូវ​ជួយ​គ្នា​អប់រំ​ខ្មែរ បង្រួបបង្រួម​ទឹកចិត្ត​ខ្មែរ និង​ស្មារតី​ជាតិខ្មែរ ទើប​ជាតិ​យើង​មាន សង្ឃឹម​ពិតប្រាកដ​។

​ក្រុម​បញ្ញវន្ត បណ្ឌិត អ្នកនយោបាយ អ្នកសារព័ត៌មាន ដែលមាន​គំនិត កុំ​គិតតែ​ក្នុង​ខួរក្បាល ប៉ុន្តែ​ត្រូវធ្វើ​សកម្មភាព​ជួយ​សង្គម​ក្នុង​ផ្លូវត្រូវ​។ សូមកុំ​ធ្វើ​គ្រាន់តែ​ជា​អ្នកមាន​គំនិត​និយាយ តែ​អត់​មាត់ ចំណែក​អ្នកមាន​មាត់​និយាយ​តែ​អត់​គំនិត​ត្រូវ​បញ្ឈប់​ទៅ​ព្រោះ​រូបភាព​បែបនេះ​គ្មាន​លទ្ធផល​ល្អ​ជូន​ជាតិ​ឡើយ​។

​ប្រសិនបើ​ត្រូវ​និយាយ គឺ​សូមកុំ​និយាយ​តែ​ពាក្យ​បំបែកបំបាក់​ជាតិ ហែក​ជាតិ ជេរ​ជាតិ ប្រមាថ​ជាតិ កុំ​លាប​ពណ៌​គ្នា ដែល​ទង្វើ​ទាំងនេះ​មិនអាច​រក​ភាពថ្លៃថ្នូរ​ឲ្យ​សង្គម​បាន ឡើយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com