ពីនេះ ពីនោះ
គំនិត​ចៅ​ចាក់ស្មុគ មិន​ខុស​ឲ្យ​តែ​គិត​ហើយ​ធ្វើ
08, Jul 2018 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ បញ្ញវន្ត​ខ្មែរ ព្រឹទ្ធាចារ្យ ពលរដ្ឋ​ខ្មែរ ស្ទើរ​ជាទូទៅ បាន​ដឹងបាន​ស្គាល់​តួអង្គ​ចៅ​ចាក់ស្មុក ក្នុង​ព្រេង​និទាន​ខ្មែរ​។ តួអង្គ​ចៅ​ចាក់ស្មុក​នេះ​ផងដែរ ត្រូវបាន​គេ​កំណត់ថា ជា​បុគ្គល​មិនគួរ​ប្រតិបត្តិ​តាម ព្រោះតែ​ភាព​រវើរវាយ គិត​ស្រមើស្រមៃ ដែល​នាំ​ឲ្យ​វិនាស​ខ្លួន ធ្លាក់​ពីលើ​ចុង​ត្នោត​។ នៅក្នុង​សង្គម​វិញ មានការ​លើកឡើង​ជា​ពាក្យ​ស្ដីថា​ឲ្យ​គ្នា ថា​«​អា​គំនិត​ចៅ​ចាក់ស្មុគ​» ជាដើម​។ តើ​គំនិត​ចៅ​ចាក់ស្មុគ ពិតជា​មិន​ត្រឹមត្រូវ​ឬ​យ៉ាងណា​?



​ក្បាល​របស់​មនុស្ស​គ្រប់រូប មាន​ផ្ទុក​នូវ​បណ្ដុំ​ខួរក្បាល ដែលជា​ម៉ាស៊ីន​គិត ដ៏​អស្ចារ្យ សម្រាប់​មនុស្ស​គ្រប់រូប​។ ព្រោះ​តែមាន​ខួរក្បាល​ជា​ម៉ាស៊ីន​គិតបែបនេះ​ហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ ជា​ភាវៈ​គិត តែបើ​មនុស្ស​មិន​គិត នោះ​មានន័យ​មនុស្ស​នោះ​គ្រាន់​តែមាន​សភាព​ជា​មនុ​ស្ស តែ​ខួរក្បាល​មិន​ខុសពី​ភាវៈ​មានជីវិត​ដទៃ​។​

​ក្បាល​របស់​មនុ​ស្សមាន​មុខងារ និង​សមត្ថភាព​ទៅតាម​ការកំណត់​របស់​មនុស្ស​។ ប្រសិនបើ​អ្នក​ប្រើ​ខួ​ក្បាល​របស់ខ្លួន​គិត​ក្នុង​ផ្លូវ​សេដ្ឋកិច្ច ជន​នោះ​និង​មានការ​យល់ដឹង​កាន់តែ​ជ្រៅ​ផ្នែក​សេដ្ឋកិច្ច បើ​គេ​យក​ក្បាល​ដាក់​ក្នុង​ក្បាល​អ្នកជំនួញ របៀប​គិត​របស់​ជន​នោះ​មាន​លក្ខណៈ​ជា​អ្នកជំនួញ បើ​ដាក់​ក្នុង​ក្បាល​អ្នក​អប់រំ នយោបាយ មន្ត្រីរាជការ កសិករ អ្នក​សាសនា អ្នកវិទ្យាសាស្ត្រ​...​នោះ​សភា​ពនៃ​ការគិត​របស់​ពួកគេ នឹង​ទៅតាម​អ្វីដែល​គេ​បានកំណត់​។

​ត្រលប់​ទៅ​គំនិត​មួយ​ក្នុង​រឿងនិទាន​ខ្មែរ តួអង្គ​ចៅ​ចាក់ស្មុគ មាន​មនុស្ស​ភាគច្រើន ថា​មិនគួរ​យកតម្រាប់​តាម​។ តែ​ធាតុពិត ការគិត​តាមបែប​ចៅ​ចាក់ស្មុគ គឺ​បែរ​ជាមាន​ប្រយោជន៍​បំផុត និង​គំរូ​សម្រាប់​មនុស្ស​ទូទៅ​ទៅវិញ​។  មូលហេតុ​ដែល​ធ្វើការ​អះអាង​បែបនេះ គឺ​ដោយ​ការគិត​របស់​ចៅ​ចាក់ស្មុគ គឺ​សុទ្ធ​តែមាន​ដំណាក់កាល និង​បែបផែន​ច្បាស់លាស់​មួយ​។ កំហុស​គឺ នៅត្រង់ ការរំភើប​ជាមួយនិង​ផែនការ ទាំង​មិនទាន់បាន​អនុវត្ត​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ គឺ​មានន័យថា ការគិត​មិនអាច​និយាយថា មាន​កំហុសឆ្គង​ឡើយ ប៉ុន្តែ​ខុស​និង​ត្រូវ នឹង​បញ្ជាក់​នៅពេល​ប្រតិបត្តិ​។ ដើម្បីឲ្យការប្រតិបត្តិមានប្រសិទ្ធភាព អ្នកគិតត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន ហាមមិនត្រូវឲ្យមានមោទកភាពចំពោះការគិតទាំងនោះ ឬផែនការទាំង​នោះ​ពេកនោះទេ។

​ជាការ​ពិត ការគិត​ច្រើន អាច​នាំ​ឲ្យ​មានការ​បារម្ភ​ច្រើន ប៉ុន្តែ​គិត​ច្រើន​ដូច​ចៅ​ចាក់ស្មុគ កាន់តែ​បង្ហាញផ្លូវ​ទៅមុខ​បាន​កាន់តែច្បាស់ ហើយ​កិច្ចការ​បន្ទាប់​គឺ​អនុវត្ត​ការគិត​ទាំងឡាយ​នោះ​។  ធ្វើជា​មនុស្ស​កុំ​គិត​ងាយ​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​រឿង​ហាក់ដូចជា​ស្រួល​ពេក កុំ​គិត​ស្រួល ពេក ព្រោះ​ដូច​មិន​សមនិង​ឈ្មោះថា​ភាវៈ​គំនិត​។ កុំ​គិត​ស្មុគ​ពេក ក្រែង​ថា​អាច​មិនត្រូវ​។ អ្វីដែល​សំខាន់ គឺ​កុំ​គិត​បែប​រវើរវាយ​ខុស​រឿង ហើយ​ខ្វះ​ការប្រតិបត្តិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com