ពីនេះ ពីនោះ
ហ្វេសប៊ុកអាចទាញជីវិតអ្នក ឲ្យធ្លាក់ទឹក
× ភ្នំពេញ៖ អត្ថប្រយោជន៍ នៃការប្រើប្រាស់បណ្ដាញ សង្គមហ្វេស ប៊ុកត្រូវបានគេលើកឡើងអះអាងថា មានប្រយោជន៍ក្នុងការទទួលបានព័ត៌មានគ្រប់បែប គ្រប់យ៉ាងពីបណ្ដាញសង្គមមួយនេះ។ ស្របពេលជាមួយនឹងការទទួលបានផលប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់មិនបានត្រឹមត្រូវ អាចនិងត្រូវបាត់បង់ប្រយោជន៍ធំទៅវិញក៏ថាបាន។
បច្ចុប្បន្ន មានកន្លែងការងារមួយចំនួនគេបានលើកឡើងថា ចង់ដឹងបុគ្គលិកលក្ខណៈរបស់ បុគ្គលណាមួយ គេមិនបាច់ទៅពិនិត្យអ្វីច្រើននោះទេ។ គេគ្រាន់តែចូលទៅមើលក្នុងគណនេយ្យហ្វេសប៊ុក របស់បុគ្គលនោះគេអាចដឹងបានភ្លាមថា បុគ្គលដែលគេចង់ដឹងនោះជាមនុស្សប្រភេទណា។
ជាក់ស្ដែងការសរសេររាប់ពីផ្លូវចិត្តនៅ លើបណ្ដាញសង្គម ដោយគិតថា វាជាផ្នែកមួយជួយអារម្មណ៍ឲ្យធូរស្រាល ប៉ុន្តែពេលខ្លះពាក្យសម្ដីទាំងនោះគឺជាពាក្យឥតបានការ បង្ហាញថាជាមនុស្សរវើរវាយ រហូតដល់ពេលខ្លះប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទៅវិញ។
ចំណែកពេលខ្លះ ហ្វេសប៊ុក ក៏អាចទាញជីវិតស្នេហាគូរសង្សា ឬជីវិតប្ដីប្រពន្ធ ឲ្យឈ្លោះគ្នា ព្រោះតែការផូសរូប ឬសរសេរអ្វីមួយនៅក្នុងបណ្ដាញមួយនេះ ដែលនាំឲ្យកើតមានការសង្ស័យ និងមិនទុកចិត្តគ្នា ។ អ្នកខ្លះ អាចប្រឈមការអត់ការងារធ្វើព្រោះតែការប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ មូលហេតុ សព្វថ្ងៃនេះមានស្ថាប័នមួយចំនួនជ្រើសរើសបុគ្គលិកដោយមើលចរឹតលក្ខណៈបុគ្គលតាមបណ្ដាញសង្គមមួយនេះ។
រីឯអ្នកខ្លះ ប្រើវេទិការហ្វេសប៊ុក ជាកន្លែងឈ្លោះគ្នា ជេរប្រមាថគ្នា រវាងមិត្តភក្តិ និងមិត្តភក្តិ រហូតបែកបាក់មិត្តភាពជាដើម។
ទាំងនេះ គឺជាផ្នែកតូចៗមួយចំនួន ដែលអាចពិចារណាបានថា ការប្រើប្រាស់បណ្ដាញសង្គមមួយនេះមិនមែនល្អប៉ុន្មានឡើយ ប្រសិនបើអ្នកប្រើប្រាស់មិនចេះ បែងចែកអ្វីមានប្រយោជន៍ និងអ្វីដែលគ្មានប្រយោជន៍។ ប៉ុន្តែប្រសិនបើចេះប្រើប្រាស់ បណ្ដាញសង្គមមួយមានតម្លៃណាស់សម្រាប់មនុស្សទូទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com