ពីនេះ ពីនោះ
សុភាសិត​ខ្មែរ​៖ «​ឃ្លោក​លិច អំបែង​អណ្ដែត​» ជីវិត​មិន​ទៀងទាត់​
16, Jul 2019 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ឃ្លោក​លិច អំបែង​អណ្ដែត​» ជា​សុភាសិត​មួយ​ដែល​គេ​ឧស្សាហ៍​ឮ​ណាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ស្រុកស្រែ​ចំការ ដែល​លោក​លើកឡើង​ដើម្បី​អប់រំ​ប្រដៅ​កូនចៅ​របស់លោក​។ ប៉ុន្តែ​ចំពោះ​ជា​អត្ថន័យ ពេលខ្លះ​មាន​មនុស្ស​ជាច្រើន​លោក​មិនបាន​យល់ច្បាស់​ពី​អត្ថន័យ​របស់​សុភាសិត​នេះឡើយ​។



​នៅពេលដែល​គេ​និយាយថា «​ឃ្លោក​លិច អំបែង​អណ្ដែត​» នោះគេ​ត្រូវ​ស្រមៃ​ភ្លាម​ថា តើ​សភាព​ធម្មជាតិ​របស់ ឃ្លោក និង អំបែង វា​មាន​លក្ខណៈ​បែបណា​? ហើយ​តើ​របស់​ទាំង​ពីនេះ​ខុសគ្នា​ដូចម្ដេច​? ជាធម្មតា ផ្លែ​ឃ្លោក​ប្រសិនបើ​នៅមាន​សាច់​ធម្មតា​អាច​លិច​ទឹកបាន ប៉ុន្តែ​ប្រសិនបើ​គេ យក​សាច​ចេញ ហើយ​នៅសល់តែ​សំបក​នោះ​ប្រាកដ​ណាស់​គឺ​មិនអាច​លិច​បានទេ​។

ចំណែក អំបែង​វិញ ដែលជា​បន្ទះ​បំណែក​នៃ​ក្អម ឆ្នាំង ចាន​ជាដើម ជាធម្មតា​ដាក់​ក្នុង​ទឹក​គឺ​មិន​អណ្ដែត​នោះឡើយ​។ ក្នុងន័យនេះ បើ​គេ​គិត​តាម​ន័យចំ​នៃ​សុភាសិត​នេះ គឺ សុភាសិត​នេះ មិនអាច​ត្រឹមត្រូវ​បានទេ ព្រោះ​ខុសពី​សភាព​ធម្មជាតិ​រប​ស់​វត្ថុ​ទាំងពីរ​នេះ​។

​ក៏ប៉ុន្តែ​តើ​អ្វី​ជា​អត្ថន័យ​ធៀប​ដែល​ចាស់​បុរាណ​លោក​ចង់​សំដៅ​មកលើ​មនុស្ស​? ជាការ​ពិត ក្នុង​ធៀប​មកលើ​មនុស្ស សុភាសិត​នេះ​អាចមាន​ពីរ​លក្ខខណ្ឌ នៃ​អត្ថន័យ​ដែល​គួរ​យកមក​ពិចារណា ពី​គោលបំណង​នៃ​សុភាសិត​ចាស់​បុរាណ​មួយ​នេះ​។  ក្នុង​លក្ខខណ្ឌ​ទីមួយ សុភាសិត​មួយ​អាចមាន​ន័យធៀប​ឃ្លោក​ទៅនឹង​អ្នកមាន​ទ្រព្យ មានសម្បត្តិ​ធនធាន ចំណែក​អំបែង សំដៅយក​អ្នក​ដែលមាន​ឋានៈ​តូច​ទាប ជីវភាព​ក្រីក្រ​ជាដើម​។  ក្នុងន័យ​បែបនេះ ច្បាស់​ណាស់​គឺ​ន័យ​ចង់​និយាយថា​គ្រប់​មនុស្ស​ទាំងអស់ គឺ​តែងតែមាន​ភាពប្រែប្រួល​មិន​ទៀង ព្រោះ​មិន​ប្រាកដថា អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀរ អាច​បន្ត​មានបាន​រហូត ចំណែក​អ្នកក្រ មិន​ប្រាកដថា នៅតែ​ក្រ​រហាម​រហូត​នោះដែរ​។  ប៉ុន្តែ​ប្រហែលជា​លោក​ចង់​មានន័យថា ទោះ​មាន​យ៉ាងណា ក៏​មិន​អាចមាន​រហូត​នោះដែរ​។ មូលហេតុ​បែបនេះ គឺ​ចង់​ប្រាប់​អ្នកជំនាន់ក្រោយ​ថា អ្វីដែល​សំខាន់​គឺ​ការតស៊ូ នោះទេ ទោះជា​ខ្លួន​ជា​អ្នកក្រ​យ៉ាងណា ឲ្យ​តែ​ខិតខំ​ប្រឹងប្រែង​គង​តែមាន​ឱកាស​មានបាន​ដូច​គេ ប្រៀប​ដូច​អំបែង​ដែល​ធ្លាប់តែ​លិច បែ​ជា​អណ្ដែត​ឡើង​ដូច្នេះ​ដែរ​។ រីឯ​អ្នកមាន​ទ្រព្យធន​ច្រើន បើ​អ្នកជំនាន់ក្រោយ​មិនចេះ​ថែរក្សា​ក៏​គង់តែ​រលាយ ដូច​គេ​ថា​ឃ្លោក​លិច​បាត់​។​

​ប៉ុន្តែ បើ​គិត​មួយ​ផ្លូវ​ផ្សេងទៀត សុភាសិត​នេះ​អាច​មានន័យថា ការប្រៀបធៀប​ឃ្លោក​លិច គឺ​ប្រៀប​ដូច​ទៅនឹង​អ្នកមាន​ទ្រព្យធនធាន​ច្រើន ប៉ុន្តែ​គ្មាន​សណ្ដាន​ល្អ​ក្នុង​ខ្លួន ខ្វះ​ខាត់​ផ្នែក​គុណធម៌ ខ្វះ​ខាត់​ផ្នែក​សីលធម៌ ក៏​អាចធ្វើ​ឲ្យ​ជន​នោះ​មានការ​លិចលង់​ខ្លួន គ្មាន​អ្នក​ឲ្យ​តម្លៃ​។ ក្នុងន័យនេះ ទោះបី​មានទ្រព្យ​សម្បត្តិ​ធនធាន​ច្រើន​យ៉ាងណាក្ដី ប៉ុន្តែ​បើ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​មិន​គោរព និង​ឲ្យ​តម្លៃ​ជន នោះ​ប្រៀបបាន​នឹង​ឃ្លោក​ដែល​លិច​បាត់​ដូច្នោះ​ដែរ​។ ផ្ទុយ​មកវិញ អ្នកក្រ អ្នក​គ្មាន​ធនធាន ប៉ុន្តែ​មាន​សណ្ដាន​ល្អ​ក្នុង​ខ្លួន មាន​សីលធម៌ មានគុណ​ធម៌ ចេះ​ជួយ​អ្នកដទៃ ច្បាស់​ណាស់ ទោះបី​ខ្លួនគេ​មិនមាន​ទ្រព្យធន​ក្ដី ប៉ុន្តែ​តម្លៃ​ជីវិត​របស់​ជន​នោះ​ត្រូវបាន​មនុស្ស នៅ​ជុំវិញខ្លួន​លើកតម្កើង នោះ​គឺ​ប្រៀប​ដូច អំបែង​ដែល​សឹងតែ​ជាវ​ត្ថុ​មិនអាច​ប្រើការ​បាន ប្រែក្លាយជា​របស់​ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់​ទៅវិញ​។​

​ជារួម​មក សុភាសិត​មួយ​នេះ មាន​ទិសដៅ​យ៉ាងសំខាន់​ក្នុង​អប់រំ ឲ្យ​អ្នកមាន អ្នកក្រ ត្រូវ​ចេះ​ច្នៃ​ជីវិត​របស់ខ្លួន​ឲ្យ​ដើ​លើ​វិថី​ដែល​ត្រឹមត្រូវ ព្រោះ​ជីវិត​គឺ​មិន​ទៀងទាត់​ឡើយ​៕


Tag:
 សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com