ជាតិ
តើការទទួលបានសញ្ជាតិខ្មែរ តាមរយៈអ្វីខ្លះ?
× ការទទួលបានសញ្ជាតិខ្មែរ ធ្វើឡើងដោយរបៀប ៣ យ៉ាងសំខាន់ៗ។ របៀបទី ១ គឺការទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិខ្មែរពីកំណើត ទី ២ ការចូលសញ្ជាតិខ្មែរដោយចំណងអាពាហ៍ពិពាហ៍ ទី៣ ការចូលសញ្ជាតិខ្មែរ តាមរយៈការធ្វើសញ្ជាតូបនីយកម្ម។
ស្តាប់សំឡេង ខាងក្រោម៖
ការទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិខ្មែរពីកំណើត
ចំណុចទី ១ សញ្ជាតិខ្មែរពីកំណើត មានន័យថា កើតមកទទួលបានសញ្ជាតិខ្មែរតែម្តង។ ការទទួលបានសញ្ជាតិខ្មែរពីកំណើត បើតាមមាត្រា ៤ នៃច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា មានករណីពីរយ៉ាង ។ ករណីទី ១ ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ ចំពោះកូនមានខាន់ស្លាដែលកើតមកពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ ឬក៏កូនឥតខាន់ស្លាក៏ដោយ តែកើតមកពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ ហើយឪពុក ម្តាយនោះ ទទួលស្គាល់កូន។ លើសពីនេះ កូនដែលឪពុក ម្តាយមិនទទួលស្គាល់ ក៏ប៉ុន្តែកាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរពិតមែន កូននោះនឹងទទួលបានសញ្ជាតិខ្មែរ។
ករណីទី ២ ត្រូវបានសញ្ជាតិខ្មែរពីកំណើត ដោយសារកើតនៅក្នុងប្រទេសកម្ពុជា ។ ត្រង់ចំណុចនេះ ចំពោះកូនដែលកើតពីឪពុកនិងម្តាយបរទេស ដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកូនដែលកើតពីឪពុក ម្តាយមិនស្គាល់ ព្រមទាំងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកថា កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
ការចូលសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍
មាត្រា ៥ នៃច្បាប់ដដែល បានចែងថា ស្ត្រីឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្ត្រីឬបុរសនោះ រស់នៅជាមួយគ្នារយៈពេល ៣ ឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។ បែបបទនិងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការផ្តល់សញ្ជាតិខ្មែរ តាមករណីទាមទារសញ្ជាតិ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។
ជាការកត់សម្គាល់ ច្បាប់បានបញ្ជាក់ថា នៅក្នុងករណីនេះ ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរ ដោយសារតែការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសឡើយ។
ការចូលសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម
ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម។ នេះបើតាមមាត្រា ៧ នៃច្បាប់ស្តីពីសញ្ជាតិ។ ច្បាប់ដដែលពន្យល់ថា សញ្ជាតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ក្នុងការសម្រេចឲ្យជនបរទេសណាម្នាក់ទទួលសញ្ជាតិខ្មែរ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធចោលបានតាមអំណាចឆន្ទានុសិទ្ធិ។ នៅក្នុងមាត្រា ៨ បានកំណត់ថា ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ទី ១ ត្រូវមានលិខិតបញ្ជាក់ថា មានគំនិតមារយាទនិងសីលធម៌ល្អ ដែលចេញឲ្យដោយមេឃុំ ឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួន។ ទី ២ ត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ។ ទី ៣ ត្រូវមានលិខិតបញ្ជាក់ថា ជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលបណ្ណស្នាក់នៅ ចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍។ទី ៤ ត្រូវមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតូបនីកម្ម។ ទី ៥ ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះ។ ហើយបង្ហាញ ភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់និងប្រពៃណីល្អរបស់ខ្មែរ និងទី ៦ ត្រូវមានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
ចំណុចកត់សម្គាល់ ត្រង់លក្ខខណ្ឌចំណុចទី ៣ នៃមាត្រា ៨ ត្រូវបានលើកលែង ចំពោះជនបរទេស មានលក្ខណៈសម្បត្តិដូចជា ជនបរទេសណា ដែលបានទទួលលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលបានអនុវត្តគម្រោងជាក់ស្តែងចំណាយទុនវិនិយោគចាប់ពី ១,២៥០ លានរៀល ឡើងទៅ។ លើសពីនេះ ក៏លើកលែងដែរ ចំពោះជនបរទេសណាដែលពុំមានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែទទួលបានអនុញ្ញាតត្រមត្រូវតាមច្បាប់ ដែលបានចំណាយទុនវិនិយោគចាប់ពី ១២៥០ លានរៀល ឡើងទៅ និងចំពោះជនបរទេសដែលបានបង្ហាញនូវភស្តុតាងថា បានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាអាចធ្វើពាក្យចូលសញ្ជាតិខ្មែរ ។ ដោយឡែក ចំពោះជនបរទេសណា ដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀល ឡើងទៅ សម្រាប់ជាប្រផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចនៃកម្ពុជា ជននោះក៏អាចធ្វើពាក្យសុំសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានពេញលក្ខខណ្ឌ ដូចដែលមានចែងនៅក្នុងចំណុចទី ១ ទី ២ ទី ៥ ទី ៦ នៃមាត្រា ៨ ។
មាត្រា ៨ នៃច្បាប់ស្តីពី សញ្ជាតិនេះ ក៏បានអនុញ្ញាតទៀតថា ចំពោះជនបរទេសដែលមានសហព័ទ្ធ(ប្តី ឬប្រពន្ធ) ឬកូនដែលមានអាយុតិចជាង ១៨ ឆ្នាំ ដែលមានបំណងសុំសញ្ជាតិខ្មែរ អាចសុំសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារបាន។ ហើយជនបរទេស ក៏អាចសុំផ្លាស់ប្តូរឈ្មោះជាខ្មែរបាន។ ក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះនោះ ក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។
ការចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មនេះ នៅពេលផ្តល់ចំពោះជនណាម្នាក់ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ បែទបទនិងនីតិវិធីនៃការសុំសញ្ជាតូបនីកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ។ ជនដែលបានអនុញ្ញាតឲ្យចូលសញ្ជាតិខ្មែរ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។ ខ្លឹមសារនៃសម្បថនេះ មានចែងនៅក្នុងអនុក្រឹត្យ។
ការបាត់សញ្ជាតិខ្មែរ
ជនណាដែលមានសញ្ជាតិខ្មែរ ហើយមានអាយុ ១៨ ឆ្នាំយ៉ាងតិច អាចសុំសិទ្ធិលះបង់សញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះ មានសញ្ជាតិមួយផ្សេងទៀត និងដោយគ្មានការបង្ខិតបង្ខំ។ នីតិវិធីនិងលក្ខខណ្ឌនៃការសុំលះបង់សញ្ជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ៕
Tag:
ច្បាប់
សញ្ជាតិខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com