ជាតិ
ពីនេះ ពីនោះ
តើ​អ្វី​ជា មនសិការ ឧ​ត្ត​ម​គតិ និង​គតិបណ្ឌិត​?
27, Jun 2021 , 7:30 am        
រូបភាព
​មនសិការ ឧ​ត្ត​ម​គតិ និង​គតិបណ្ឌិត សុទ្ធតែជា​ធម៌ ដែល​នាំទៅរក​ការរីកចម្រើន​ទាំងអស់​។ ដោយសារតែ ធម៌​ទាំងបី​ខាងលើ  មាន​សភាវៈ​ផ្សេង​ពីគ្នា​ ដូច្នេះ ការរីកចម្រើន​ទាំងនោះ ក៏​មិន​ដូចគ្នា​ដែរ​។ យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយ​ចំពោះ​ពាក្យ​ទាំងបីនៅ​ទីនេះ នឹងធ្វើ​ឡើង​តាមរយៈការពន្យល់​ពី «​លក្ខណៈ​សម្គាល់​» ច្រើនជាង​ការពន្យល់​ពី «​និយមន័យ​»​។



-​មនសិការ មាន​«​ការប្រកាន់​ខ្ជាប់​ក្នុង​ចិត្ត​» ជា​លក្ខណៈ​។ ការប្រកាន់​ខ្ជាប់​ក្នុង​ចិត្ត គឺ​សំដៅ​ដល់​ការយក​រឿង​អ្វីមួយ ឬ​វត្ថុ​អ្វីមួយ មក​ធ្វើ​ទុក​ក្នុង​ចិត្ត​។ ឧទាហរណ៍​ថា អ្នកជា​បុគ្គល​ម្នាក់ ដែលមាន​មនសិការ​ចំពោះ​ការសិក្សា នោះ​អ្នក​ប្រាកដជា​ចាត់ទុក​ការសិក្សា ជា​រឿង​អាទិភាព​ក្នុង​ចិត្ត​ជាមិនខាន​។ ជាពិសេស អ្នកតែង​ពិចារណា​ជារឿយៗ​ថា​៖«​អាត្មាអញ មិនអាច​ព្រងើយកន្តើយ​ចំពោះ​ការសិក្សា​ឡើយ​។ អាត្មាអញ ត្រូវតែ​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ហើយ​ត្រូវ​តស៊ូ​យ៉ាងខ្លាំង​ក្លា ដើម្បី​ឲ្យ​ការសិក្សា ទៅដល់​គោលដៅ ដោយ​មិន​ឲ្យ​មាតាបិតា ខកបំណង​ជាដាច់ខាត​»​។ 

​មនសិការ ប្រៀបដូចជា​ការយក​ខ្សែ​ទៅ​ចង​ឧស​មួយ​បាច់​អ៊ីចឹង​។ ការសិក្សា​អាច​ប្រដូច​ជា​ឧស​មួយ​បាច់ ហើយ​ការតាំង​ចិត្ត​រៀនសូត្រ អាច​ប្រដូច​ទៅនឹង​ខ្សែ​។ ត្រង់នេះ មានន័យថា ដោយសារតែ​ខ្សែ​នេះហើយ ទើប​ធ្វើ​ឲ្យ​ឧស​មិន​បែកខ្ញែក​ពីគ្នា ហើយ​មូល​ផ្តុំគ្នា​នៅក្នុង​រង្វង់​ខ្សែ​តែមួយ​។ យ៉ាងណាមិញ ដោយសារតែ អ្នក មាន​មនសិការ​ចំពោះ​ការសិក្សា​នេះហើយ ទើប​ការសិក្សា​របស់​អ្នក មានការ​រីកចម្រើន ដោយ​មិន​រវើរវាយ​។

-​រីឯ​ឧ​ត្ត​ម​គតិ មាន «​ភាព​ខ្ពង់ខ្ពស់​» ជា​លក្ខណៈ​។  ឧ​ត្ត​ម​គតិ ប្រៀបដូចជា​ទង់ដែល​ត្រូវបាន​គេចង នៅឯ​ចុង​នៃ​ដងទង់​។ ទង់ដែល​ស្ថិត​នៅឯ​ចុង​នៃ​ដងទង់ តែងមាន​ភាពលេច​ធ្លោ​ក្នុង​កែវភ្នែក របស់​មនុស្ស​ទាំងពួង​។

​បុគ្គល​ណាក៏ដោយ ឲ្យ​តែមាន​ឧ​ត្ត​ម​គតិ​ក្នុង​ខ្លួន បុគ្គល​នោះ តែងតែមាន​ដំណើរ​ជីវិត ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់ ក្នុង​ចិត្ត​របស់​មនុស្ស​ផង​គ្នា​។ ការគិត ការនិយាយ និង​ការសម្តែង​ឥរិយាបថ របស់​បុគ្គល ដែលមាន​ឧ​ត្ត​ម​គតិ សុទ្ធតែ​ប្រក​ដ​ដោយ​ភាព​ឧត្តុង្គឧត្តម​។​

​តួយ៉ាង ដូចជា​បុគ្គល​ម្នាក់ មាន​ឧ​ត្ត​ម​គតិ​ចំពោះ​ប្រទេសជាតិ បុគ្គល​នោះ​តែង​ផ្តោតអារម្មណ៍​ពី​ប្រយោជន៍​ជាតិ និង​សុខទុក្ខ​របស់​ប្រជាជន ជាធំ​។ ចំណែកឯ ការនិយាយ​របស់​បុគ្គ​ល ដែលមាន​ឧ​ត្ត​ម​គតិ​ចំពោះ​ជាតិ តែងមាន​ទំនោរ​ទៅរក​រឿង​នយោបាយ សេដ្ឋកិច្ច សង្គម និង​បញ្ហា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ ដោយ​មិន​ជជែក​ពី​រឿងរ៉ាវ​ដែល​ឥត​បានការ​នោះទេ​។  ម្យ៉ាងវិញទៀត ឥរិយាបថ​របស់​បុគ្គ​ល​នោះ ក៏មាន​ភាពថ្លៃថ្នូរ សីលធម៌ និង​សុជីវធម៌ ផងដែរ​។​

-​ដោយឡែក គតិបណ្ឌិត គឺ​សំដៅ​ដល់​សកម្មភាព​មួយ គឺ «​ដំណើរ​អ្នកប្រាជ្ញ ឬ​ល​ម្អា​ន​អ្នកប្រាជ្ញ​» ។ ជន​ណា មាន​គតិបណ្ឌិត គឺ​ជន​នោះ មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ​។​

​គ្រឿង​សម្គាល់​ចំនួន​បី​ប្រការ គឺ «​លក្ខណៈ​ធម្មជាតិ បញ្ញត្តិ និង​ការងារ​» ដែលជា​ធាតុ​ផ្សំ​នៃ​គតិបណ្ឌិត​។ ជន មាន​គតិបណ្ឌិត ជា​ជន ដែលមាន​ធាតុ​ទាំងបី​នេះ​នៅក្នុង​ខ្លួន​៖

​លក្ខណ​ធម្មជាតិ​៖ ជន​ប្រកបដោយ​គតិបណ្ឌិត គឺមាន​លក្ខណៈ និង​ឧបនិស្ស័យ​ដូច​អំពៅ ទោះបី​ទៅដល់​ទីណា​ក៏ដោយ ក៏​មិន​ប្រែប្រួល​សារជាតិ​របស់ខ្លួន​ជាដាច់ខាត​។ អត្ថន័យ​នេះ ចង់​សំដៅថា ជន​ដែលមាន​គតិបណ្ឌិត តែង​ប្រព្រឹត្ត​អំពើ​ល្អជា​និច្ច ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ រូបគេ តែង​ធ្វើខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទាំង​កាយ វាចា ចិត្ត ហើយក៏​ដឹកនាំ​អ្នកដទៃ​ឲ្យ​សាង​អំពើ​ជា​កុសល និង​ធ្វើខ្លួន​ឲ្យ​បរិសុទ្ធ ផងដែរ​។ ក្នុងការ​រស់នៅ ជននេះ​តែងតែ​ធ្វើជា​គំរូ​ក្នុងការ​សាង​អំពើ​ល្អ​ដល់​មនុស្ស​គ្រប់រូប​។ ទាំងនេះ ចាត់ទុកថា ជា​លក្ខណ​ធម្មជាតិ របស់​បុគ្គល ដែលមាន​គតិបណ្ឌិត​។​

​បញ្ញត្តិ​៖ វា ជា​ប្រត្យក្ស​ទៅហើយ ដែលថា​ជន​មាន​គតិបណ្ឌិត គឺ​ត្រូវតែ​ជា​ជន​មានចំណេះដឹង​ខ្ពង់ខ្ពស់ មាន​បញ្ញា​ជ្រៅជ្រះ មានការ​គិតពិចារណា​ប្រកបដោយ​ហេតុផល​។ ម្យ៉ាងទៀត ជន​មាន​គតិបណ្ឌិត ក៏​ជា​ជន​ដែលមាន​មេត្តាករុណា មានចិត្ត​សន្ដោស​ប្រោសប្រណី អធ្យាស្រ័យ​ដល់​អ្នកផង មាន​សន្តាន​ចិត្ត​ជួយសង្គ្រោះ និង​ជួយ​ជ្រោមជ្រែង​អ្នកដទៃ ឲ្យ​រួច​ចាក​ទុក្ខលំបាក​។ ចំណេះដឹង និង​គុណធម៌ គឺជា​បញ្ញត្តិ​សម្រាប់​បុគ្គល ដែលមាន​គតិបណ្ឌិត ដោយ​មិនអាច​ខ្វះ​បាន​។​

​សកម្មភាព​និង​ការងារ​៖ ក្នុង​មួយជីវិត​របស់​ជន​មាន​គតិបណ្ឌិត គឺ​យើង​តែង​សម្គាល់​ឃើញថា ពួកគេ​តែង​ធ្វើ​សកម្មភាព និង​បំពេញ​កិច្ចការងារ​ទាំងឡាយណា​ដែល​អាច​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន​ដល់ គ្រួសារ បងប្អូន​សាច់ញាតិ រហូតដល់​សង្គមមនុស្ស​ជាតិ​ទាំងពួង​។ ពួកគេ​តែងតែ​ស​ន្ស​ល់​ទុក​នូវ​ស្នាដៃ​ដ៏​មានតម្លៃ​ផ្សេងៗ ក្នុងពេល​មានជីវិត និង​ពេលដែល​លាចាក​លោក​ទៅ​៕


Tag:
 ទស្សនៈ​
 ​ ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com